ភ្នំពេញ ៖ កាលពីថ្មីៗនេះ ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃ បានធ្វើសេចក្ដីជូនដំណឹងមួយ ស្តីពីការចុះសួរសុខទុក្ខទណ្ឌិត តាមមន្ទីរឃុំឃាំងនានា នៅប្រទេសថៃ និងបានលើកឡើងពីអ្នកទោសជាជនជាតិវៀតណាមខ្លះ បានសុំផ្ទេរមកជាប់ពន្ធនាគារនៅប្រទេសកម្ពុជា ដែលបញ្ហានេះបង្កើតឲ្យមានប្រតិកម្មយ៉ាងខ្លាំងពីប្រជាពលរដ្ឋ អ្នកធ្វើការផ្នែកសង្គម និងអ្នកនយោបាយមួយចំនួន ហើយក៏បានប្រកាសធ្វើបាតុកម្មទៀតផង បើសិនអ្នកទោសវៀតណាម ត្រូវបានផ្ទេរមកជាប់គុកនៅកម្ពុជាមែននោះ។
តាមសេចក្ដីជូនដំណឹងរបស់ស្ថានទូតខ្មែរប្រចាំប្រទេសថៃ កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ ចុះហត្ថលេខាដោយលោក ឡុង វិសាលោ បានឲ្យដឹងថា ស្ថានទូតខ្មែរប្រចាំប្រទេសថៃ បានចុះសួរសុខទុក្ខទណ្ឌិត តាមមន្ទីរឃុំឃាំងជារៀងរហូត។ ចំពោះបញ្ហាផ្ទេរទណ្ឌិត គឺត្រូវអនុវត្តតាមកិច្ចព្រមព្រៀង ស្តីពីការផ្លាស់ប្តូរអ្នកទោស រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ។ តាមសេចក្ដីជូនដំណឹងបញ្ជាក់ថា ទី១- បទល្មើស ដែលអាចផ្ទេរអ្នកទោស បានលុះត្រាបទល្មើសនោះ ត្រូវជាប់ពន្ធនាគារចាប់ពីមួយឆ្នាំទ្បើងទៅ។ ទី២- ទណ្ឌិតដែលអាចផ្ទេរបាន លុះត្រាតែទណ្ឌិតនោះ ត្រូវជាប់ទោស ២/៣ នៃទោសរួម និងទី៣- ទណ្ឌិតដែលអាចផ្ទេរបាន លុះត្រាតែសាមីខ្លួនស្នើសុំជាលាយលក្ខណ៍អក្សរ។
លោក ឡុង វិសាលោ បញ្ជាក់ទៀតថា “កន្លងមកមានអ្នកទោសខ្លះ ជាជនជាតិវៀតណាម ហើយសុំផ្ទេរមកជាប់ពន្ធនាគារនៅកម្ពុជា ប៉ុន្តែករណីនេះ ស្ថានទូតមិនអាចដោះស្រាយបានទេ ដូច្នេះស្ថានទូតត្រូវទៅមើលអ្នកទោសនោះថា គាត់សញ្ជាតិអ្វីពិតប្រាកដ ព្រោះស្ថានទូតអាចដោះស្រាយបានលុះត្រាតែអ្នកទោសនោះ ជាជនជាតិខ្មែរ។ មានអ្នកទោសខ្លះសុំផ្ទេរ មកជាប់នៅពន្ធនាគារកម្ពុជា ដោយផ្ទាល់មាត់។ លុះដល់ស្ថានទូត ឲ្យធ្វើពាក្យស្នើសុំផ្ទាល់ខ្លួន ដើម្បីបញ្ជាក់ថា ខ្លួនស្ម័គ្រចិត្តមកបន្តជាប់ពន្ធនាគារនៅកម្ពុជាវិញ បែរជាគាត់មិនព្រមធ្វើលិខិតស្នើសុំទាល់តែសោះ។ ស្ថានទូតមិនអាចបង្ខិតបង្ខំទណ្ឌិត ឲ្យផ្ទេរមកកម្ពុជាបានទេ បើសាមីខ្លួនមិនស្ម័គ្រចិត្តផ្ទេរមកកម្ពុជា។
តាមស្ថានទូតខ្មែរប្រចាំប្រទេសថៃឲ្យដឹងដែរថា បច្ចុប្បន្នមានអ្នកទោសជាជនខ្មែរកំពុងជាប់ពន្ធនាគារនៅប្រទេសថៃចំនួន២៩១០នាក់ (ស្ត្រីចំនួន ២៦៩នាក់ បុរសចំនួន ២៦៤១នាក់)។
ទាក់ទងលិខិតរបស់លោក ឡុង វិសាលោ នេះ លោក ហ៊ាង គឹមស្រឿន អតីតអនុប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បានប្រកាសថា បើសិនជាមានការផ្ទេរអ្នកទោសវៀតណាម មកពីប្រទេសថៃឲ្យមកជាប់ពន្ធនាគារនៅប្រទេសកម្ពុជាមែននោះ គឺលោកនឹងធ្វើការដឹកនាំបាតុកម្មប្រឆាំង មិនឲ្យមានវត្តមានជនជាតិវៀតណាម មកជាប់ពន្ធនាគារនៅក្នុងប្រទេសកម្ពុជាជាដាច់ខាត។
ចំណែកលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានអះអាងថា ជនជាតិវៀតណាម មានពាក់ព័ន្ធអីបានចង់មកជាប់គុកនៅកម្ពុជា “ជាប់សាច់ឈាមអីនឹងគ្នា បានស្នើមកជាប់គុកនៅកម្ពុជានេះ ចុះម៉េចមិនស្នើទៅជាប់គុកនៅវៀតណាម បែរជាចង់មកជាប់គុកនៅកម្ពុជា វាមានមូលដ្ឋានអី… អកុសលណាស់ ឃើញព័ត៌មានបែបនេះឈឺចាប់ហ្មង…ខ្ញុំសូមប្រកាសដាច់ខាត មិនគាំទ្រការទទួលជនជាតិវៀតណាមមកជាប់គុកនៅកម្ពុជាទេ។ ពីព្រោះកម្ពុជា និងវៀតណាមមិនឆ្ងាយពីគ្នាប៉ុន្មានទេ។
ក្រៅពីនេះ ក៏មានមហាជនជាច្រើនទៀតបានចេញប្រតិកម្ម ក្រោយពីមានសេចក្តីជូនដំណឹងរបស់ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃ លោក ឡុង វិសាលោ កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ នេះ៕
Source: Kampuchea Thmey Daily
0 Comments