កំពង់ឆ្នាំង ៖ ករណីទី១ ជនល្មើសកំពុងធ្វើសកម្មភាពឆក់ត្រីចំនួន៣នាក់ រួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទចាប់ខ្លួនបាន នៅចំណុចក្បាលកោះហូរ ក្នុងភូមិក្បាលកោះ ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច និងករណីទី២ សមត្ថកិច្ចសង្កាត់ជលផលប្រឡាយមាស ចាប់បានជនល្មើសឆក់ត្រី២នាក់ រួមនឹងវត្ថុតាង នៅក្នុងឃុំផ្លូវទូក ស្រុកកំពង់លែង។
ការបង្ក្រាបបទល្មើសឆក់ត្រី២ករណីនេះ បានធ្វើឡើងនៅល្ងាច ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៨។
លោក ឃឹម ឡុង នាយផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទបាននិយាយអោយដឹងថា ៖ នៅពេលវេលាខាងលើ សមត្ថកិច្ចផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ បានចេញល្បាតនៅតាមគោលដៅរបស់ខ្លួន ក៏បានប្រទះឃើញជនល្មើសចំនួន៣នាក់ កំពុងបើកកាណូតបាឡាស្មាច់ធ្វើសកម្មភាពឆក់ត្រីខុសច្បាប់ ហើយសមត្ថកិច្ចក៏ប្រដេញចាប់ខ្លួនពួកគេបាន រួមនឹងវត្ថុតាងនាំមកកាន់ផ្នែកជលផលកំពង់ប្រាសាទ។
លោក ឃឹម ឡុង បានបញ្ជាក់ថា ៖ ជនល្មើសទាំង៣នាក់ មាន១.ឈ្មោះ អ៊ាន ឡូត អាយុ២៩ឆ្នាំ , ២ឈ្មោះ យ៉េន យ៉ាន អាយុ១៩ឆ្នាំ និង៣.ឈ្មោះ ជិន សុខយ៉េង អាយុ១៨ឆ្នាំ ពួកគេទាំង៣នាក់រស់នៅក្នុងភូមិក្បាលកោះ ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច។ ចំណែកវត្ថុតាង ដែលសមត្ថកិច្ចរឹបអូសបានរួមមាន ៖ អាំងវ៉ាត់ទ័រឆក់១គ្រឿង អាគុយ៤០អំពែរ២គ្រឿង បាឡាស្មាច់មួយគ្រឿង បំពាក់ម៉ាស៊ីនជ្រែងមួយគ្រឿង និងត្រីចំនួន២គីឡូ ផងដែរ។
ដោយឡែក លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានអោយដែរថា ៖ នៅល្ងាចថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៨នេះដែរ សមត្ថកិច្ចសង្កាត់ជលផលប្រឡាយមាស ក៏ចាប់បានអ្នកឆក់ត្រីចំនួន២នាក់ និងវត្ថុតាងផងដែរនៅក្នុងឃុំផ្លូវទូក ស្រុកកំពង់លែង។ វត្ថុតាងដកហូតបានរួមមាន ៖ អាំងវ៉ាត់ទ័រឆក់១គ្រឿង កន្ត្រងឆក់១ អាគុយ៧០អំពែរ១គ្រឿង បាឡាស្មាច់១គ្រឿង ដោយមានបំពាក់ម៉ាស៊ីនរថយន្ត១គ្រឿងផងដែរ។
ជនល្មើសទាំង៥នាក់នេះរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងតាមនីតិវិធី បញ្ជូនខ្លួនមកខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ដើម្បីចាត់ការបន្តបញ្ជូនខ្លួនទៅកាន់តុលាការខេត្តកំពង់ឆ្នាំង ធ្វើការផ្តន្ទាទោសតាមច្បាប់ ដោយពួកគេទាំង៥នាក់ត្រូវប្រឈមនឹងការផ្តន្ទាទោស ជាប់ពន្ធនាគារ ពី១ឆ្នាំ ទៅ៣ឆ្នាំ តាមច្បាប់ស្ដីពីជលផល៕
Source: Kampuchea Thmey Daily
0 Comments