Ad Code

ម៉ោង​៤​ទៀបភ្លឺ​ បាត់​ប្តី លុះ​រក​ឃើញ​ ក៏​លា​ស្រី​បាត់​



​កណ្ដាល ​៖ ​បុរស​នេសាទ​ម្នា​ក់ បាន​បាត់បង់​ជីវិត ​ខណៈ​ក្រោក​ពី​ដេក​ ទៅ​បត់ជើងតូច​ តែ​ចៃដន្យ​ជួប​សំណាងអាក្រក់​ធ្លាក់​ពីលើផ្ទះ​បាក់.ក ​ស្លាប់ ​មិនបាន​បណ្ដាំ​អី​មួយ​ម៉ាត់ ​ធ្វើ​ឲ្យ​ភរិយា​រងា​ឯកោ​ជាមួយ​កូន​។​

ហេតុការណ៍​នេះ​កើត​ឡើង​នៅ ថ្ងៃ សៅរ៍ ១​កើត ខែ​មិគសិរ ឆ្នាំ ច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​០៨ ខែ​ធ្នូ ឆ្នាំ​២០១៨ វេលា​ម៉ោង​៤​និង​០០​នាទី​ទៀបភ្លឺ នៅ​ចំណុច លើ​ផ្ទះ​ជនរងគ្រោះ ស្ថិត​ក្នុង​ភូមិ ទួល​ចាន់ ឃុំ​លើក​ដែក ស្រុក​កោះធំ ខេត្ត​កណ្តាល។​

នគរបាល​ស្រុក​កោះធំ​បាន​ឲ្យ​ដឹង​ថា ​ជនរងគ្រោះ​ ឈ្មោះ ឆន ថន ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ​ជនជាតិ ខ្មែរ​មុខរបរ​នេសាទ មាន​ទីលំនៅៗ ភូមិ​ទួល​ចាន់ ឃុំ​លើក​ដែក ស្រុក​កោះធំ ខេត្ត​កណ្តាល។

តាម​ការ​ឆ្លើយ​បំភ្លឺ​របស់ ​ឈ្មោះ ពៅ យឿន ត្រូវជា​ប្រពន្ធ​ជនរងគ្រោះ​បាន​ឲ្យ​ដឹង​ថា​ ជា​រៀងរាល់​យប់ ​ប្តី​របស់គាត់ ជា​ជនរងគ្រោះ បាន​ដេក​ជាមួយ​គាត់​ជា​ប្រពន្ធ លុះ​នៅវេលា​ម៉ោង​៤និង​០០​នាទី ថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ​២០១៨ ប្តី​របស់គាត់ ជា​ជនរងគ្រោះ​បាន​ក្រោក​ពី​ដំណេក ទៅ​បត់ជើងតូច នៅ​តាក​រោង​បាយ​ខាងក្រោយ ឯ​គាត់​ជា​ប្រពន្ធ នៅ​សម្រាក​ក្នុង​មុង បន្តិចក្រោយមក ក៏​ស្នូរ ដូច​ជា​មាន​ធ្លាក់​អ្វី បន្ទាន់​គ្នា​នោះ គាត់​ជា​ប្រពន្ធ​ ក៏​ស្ទុះ​ចេញពី​មុង​ទៅ​មើល​ ឃើញ​ប្តី​នៅ​ដេក​នឹង​ដី​ចំ​រានហាល​រោង​បាយ ឃើញ​ដូចនេះ​គាត់​ជា​ប្រពន្ធ ក៏​ចុះទៅ​មើល​ប្តី សួរនាំ​ទៅ​តែ​ប្តី​មិន​តបត ងើប​ក្បាល​មាត់ ម្ហបៗ​ គាត់​ជា​ប្រពន្ធ ក៏​រឹត​ញី​ដើម​ទ្រូង​ឲ្យ​ប្តី តែ​មិន​អាច​ជួយសង្គ្រោះ​ បាន​ក៏​ដាច់ខ្យល់​ស្លាប់​ទៅ គាត់​ក៏​ហៅ​អ្នក​ជិត​ខាង​មកជួយ​មើល និង​រាយការណ៍​ជូន​មេភូមិ និង អាជ្ញាធរ រាយការណ៍​បន្ត​ជូន​សមត្ថកិច្ច។

បន្ទាប់ពី​ទទួល​បាន​ព័ត៌មាន​ កម្លាំង​ជំនាញ អធិការដ្ឋាន នគរបាល ស្រុក​កោះធំ បាន​ចុះ​ទៅដល់​កន្លែង​កើត​ហេតុ ដោយ​សហការ​ជាមួយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល អាជ្ញាធរ​មូលដ្ឋាន និង​ក្រុមគ្រួសារ​ជន​រង​គ្រោះ ដើម្បី ធ្វើការ​ពិនិត្យ​កន្លែង​កើត​ហេតុ ពិនិត្យ​សាកសព​។

ការពិនិត្យ ឃើញ​ថា ខ្លួន​ជនរងគ្រោះ មាន​ប្រឡាក់​ភក់ ក​ទន់ បង្វិល​បាន ក្រៅពីនេះ​ពុំមាន​ស្លាក​ស្នាម​អ្វី​គួរ​ឲ្យ​កត់​សំគាល់​ឡើយ។

តាម​ការ​សួរ​បំភ្លឺ ប្រពន្ធ​ជនរងគ្រោះ និង​ការពិនិត្យ វិភាគ កន្លែង​កើត​ហេតុ គណៈកម្មការ​ចម្រុះ សន្និដ្ឋាន​ថា​ ជនរងគ្រោះ​ពិតជា​ធ្លាក់​ពី​លើ​ផ្ទះ បណ្ដាល​ឲ្យ​ស្លាប់​ប្រាកដ​មែន ពុំមាន​ពាក់ព័ន្ធ​ករណី​ផ្សេង​ឡើយ។

ក្រោយពី​ពិនិត្យ​ចប់​សព្វគ្រប់ សមត្ថកិច្ច​បាន​ប្រគល់​សាកសព​ជនរងគ្រោះ​ជូន​ក្រុម​គ្រួសារ ធ្វើ​បុណ្យ​តាម​ប្រពៃណី​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu