ភ្នំពេញ ៖ ប្រជាពលរដ្ឋ ប្រមាណ៣០នាក់ ដែលរងផលប៉ះពាល់ នៅក្នុងការអភិវឌ្ឍ ទីក្រុងរណបជ្រោយចង្វា បានជួបប្រមូលផ្ដុំគ្នាជាថ្មី ដើម្បីទាមទារឲ្យក្រុមហ៊ុន O C I C បញ្ឈប់សកម្មភាពឈូសឆាយអភិវឌ្ឍ លើដីរបស់ពួកគាត់ រង់ចាំការដោះស្រាយគ្នាចប់សិន ចាំ អភិវឌ្ឍជាក្រោយ។
ការតវ៉ានេះ បានផ្ទុះឡើងជាថ្មី កាលពីវេលាម៉ោងប្រមាណ៩ព្រឹក ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៨ ដោយពួកគាត់បានជួបប្រមូលផ្ដុំនៅលើដីរបស់ពួកគាត់ ដែលក្រុមហ៊ុនកំពុងតែអភិវឌ្ឍ ហើយមិនទាន់ដោះស្រាយនៅតំបន់អភិវឌ្ឍ ដែលស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។
តាមអ្នកតវ៉ា បានឲ្យដឹងថា ប្រជាពលរដ្ឋដែលជួបប្រមូលផ្ដុំនេះ ក្នុងចំណោមប្រជាពលរដ្ឋ ចំនួន៨០គ្រួសារដែលរងផលប៉ះពាលមកពីសហគមន៍ចំនួន៣ គឺសហគមន៍ជ្រោយចង្វា សហគមន៍ព្រែកលៀប និងសហគមន៍ព្រែកតាសេក។
លោក ជា សុផាត តំណាងប្រជាពលរដ្ឋបានឲ្យដឹងថា យើងជួបជុំគ្នានេះ សុំក្រុមហ៊ុន O C I C និងទទូចសុំឲ្យ សាលារាជធានីភ្នំពេញ ក៏ដូចជារាជរដ្ឋាភិបាល ជំរុញក្នុងការដោះស្រាយប្រកបដោយយុត្តិធម៌ តម្លាភាព និងសមភាព។
លោក ជា សុផាត ក៏បានសំណូមពរ លោកទេសរដ្ឋមន្ត្រី មន្ត្រី ជា សុផារ៉ា ជាពិសេស សម្ដេច តេជោហ៊ុន សែន មេត្តាជួយដោះស្រាយជូនដល់ប្រជាពលរដ្ឋប្រកបដោយតម្លាភាព សមភាព និងយុត្តិធម៌តាមយុទ្ធសាស្ត្រឈ្នះៗទាំងអស់គ្នា។
នៅក្នុងការជួបប្រមូលផ្ដុំ ប្រជាពលរដ្ឋ ក៏បានសំណូមពរ១១ចំណុច ១.មិនទទួលយកសំណងរបស់សាលាក្រុងដែលបែងចែង១០ភាគរយ សម្រាប់ម្ចាស់ដី ,៥០ភាគរយ សាលារាជធានីភ្នំពេញ និង៤០ភាគរយសម្រាប់ក្រុមហ៊ុន ឬទិញតម្លៃប៉ុន្មានឲ្យប៉ុណ្ណឹង មិនឲ្យខាត។ ២.មិនឯកភាពចំពោះអនុក្រឹត្យលេខ ៤៥ អ ន ក្រ ប ក ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦ ដែលសាលារាជធានីភ្នំពេញ យកដីប្រជាពលរដ្ឋដាក់ជាសម្បត្តិរបស់ខ្លួន រួចជួលបន្តឲ្យក្រុមហ៊ុន OCIC។ ៣.សុំប្ដឹងទាស់សេចក្ដីជូនដំណឹង របស់សាលារាជធានីភ្នំពេញ ដែលបានដាក់ឱសានវាទមកពួកគាត់ជាម្ចាស់ដី(ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ និងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧)។ ៤-សុំឆ្វៀលដីលំនៅដ្ឋានជាលក្ខណៈស្បែកខ្លា និងចេញប័ណ្ណកម្មសិទ្ធិរៀបចំហេដ្ឋារចនាសម្ព័ន្ធរស់នៅឲ្យបានសមរម្យ។
៥-បញ្ឈប់ការឈូសឆាយ និងសាងសង់ ឬជួល ដើម្បីរកដំណោះស្រាវជាមួយម្ចាស់ដី។
៦-កុំប្រើពាក្យថា អ្នកដែលមានដីអត់ផ្ទះ ជាអ្នកក្រៅមូលដ្ឋាន គ្មានមាត្រាណាចែងក្នុងច្បាប់នោះទេ។៧.សូមឲ្យភាគីពាក់ព័ន្ធដល់ការអភិវឌ្ឍន៍ទាំងអស់ យកបញ្ហាដាក់លើតុ ដើម្បីចរាចរដោះស្រាយបញ្ចប់ទំនាស់ និងការឈឺចាប់ សូមបើកបេះដូងឲ្យទូលាយ កុំកេងប្រវ័ញ្ចលើញើសឈាមប្រជាពលរដ្ឋ។ ៨.ត្រូវគោរពច្បាប់ភូមិបាល និងច្បាប់រដ្ឋធម្មនុញ្ញទាំងអស់គ្នា។ ៩.កុំអាងឥទ្ធិពលយកច្បាប់ទ្រាប់អង្គុយ ខ្វះការពិចារណា ខ្វះសីលធម៌ ខ្វះសច្ចធម៌ ខ្វះសមធម៌។
១០.សូមឲ្យ លោក ទេសរដ្ឋមន្ត្រី ជា សុផារ៉ា មេត្តាជួយដោះស្រាយទំនាស់ដ៏រ៉ាំរ៉ៃនេះ តាមការសន្យារបស់លោក នៅវត្តឥន្ទកោសីយ ហៅវត្តចម្ការម្លូ(ខេត្តត្បូងឃ្មុំ)ផង។
១១.សុំឲ្យសម្ដេចតេជោ ហ៊ុន សែន មេត្តាជួយប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយការអភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វា របស់ក្រុមហ៊ុន OCIC ដោយក្តីមេត្តាករុណាផង។
តាមអាជ្ញាធរខណ្ឌជ្រោយចង្វារបានឲ្យដឹងថា ការអភិវឌ្ឍ បានដំណើរការដោយរលូន ហើយក្រុមហ៊ុន បានសហការជាមួយ អាជ្ញាធរ ធ្វើការដោះស្រាយផលប៉ះពាល់ ជិតរួចរាល់ហើយ នៅសល់តែមួយចំនួនតូច ពួកគាត់ពុំចូលខ្លួនដោះស្រាយ និងទាមទារក្នុងតម្លៃខ្ពស់។
ប្រភពពីអាជ្ញាធរបានឲ្យដឹងទៀតថា បន្ទាប់ពីរាជរដ្ឋាភិបាលសម្រេចឲ្យកាត់ឆ្វៀលដីភូមិជូនប្រជាពលរដ្ឋ សាលារាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌ បានយកចិត្តទុកដាក់សហការជាមួយក្រុមហ៊ុន ចុះវាស់វែងធ្វើប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ និងធ្វើការស្ថាបនាផ្លូវជិតរួចរាល់ហើយ នៅសល់មួយចំនួន បន្តដោះស្រាយ បន្តទៀត ហើយអ្នកដែលមកតវ៉ានេះ ពួកគាត់មិនមានលំនៅៗដីនេះទេ សុទ្ធតែមកទៅក្រៅ ចំពោះអ្នកនៅទីនេះ គេបានទទួលយកការដោះស្រាយគ្នាអស់ហើយ ព្រមទាំងបានថ្លែងអំណរគុណដល់អាជ្ញាធរ និងក្រុមហ៊ុនទៀតផង៕
Source: Kampuchea Thmey Daily
0 Comments