ស្វាយរៀង ៖ នៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៨ មជ្ឈមណ្ឌលការងារខេត្តស្វាយរៀង សាកលវិទ្យាល័យស្វាយរៀង សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង បានរៀបចំវេទិកាការងារស្តីពី ឱកាសការងារ និងកម្មសិក្សាការងារ ក្រោមអធិបតីភាព លោក ហេង សុខណាង សមាជិកក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យស្វាយរៀង និងជាប្រធានក្រុមការងារចុះសហការ សម្របសម្រួល និងផ្សព្វផ្សាយព័ត៌មានការជ្រើសរើស បុគ្គលិក កម្មករ កម្មការិនី ចូលបម្រើការងារ តាមបណ្តាលក្រុមហ៊ុន រោងចក្រ សហគ្រាសនៅខេត្តស្វាយរៀង ដោយមានការការចូលរួមពី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC មីក្រូហិរញ្ញវត្ថុAMK អង្គការIDE អង្គភាពជំនាញពាក់ព័ន្ធជុំវិញខេត្តដោយមានអ្នកចូលរួមប្រមាណ៥០០នាក់។
លោក ហេង សុខណាំង មានប្រសាសន៍ថា វេទិកាការងារនាពេលនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការនាំនូវឱកាសការងារក្នុងខេត្ត ជាពិសេសការជួបផ្ទាល់រវាងនិយោជក និងអ្នកស្វែងរកការងារធ្វើ ការស្វែងយល់ពីព័ត៌មានការងារនានា វេទិកានេះក៏បានសបញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់ក្នុងការអនុវត្តនូវតួនាទីរបស់ខ្លួន ដើម្បីផលប្រយោជន៍ ដល់វិស័យការងារ ហើយក៏ជាសក្ខីភាពមួយបង្ហាញនូវការយកចិត្តទុកដាក់របស់យើងគ្រប់គ្នា ចំពោះបុព្វហេតុ នៃការចូលរួមអភិវឌ្ឍន៍វិស័យការងារជាមួយរាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តមបន្ថែមថា ខេត្តស្វាយរៀង ជាខេត្តដែលកំពុងមានអ្នកវិនិយោគច្រើនទាំងវិស័យរោងចក្រ ធនាគារ និងហិរញ្ញវត្ថុ កាស៊ីណូ សេវាកម្មកម្សាន្ត និងសហគ្រាសផ្សេងៗ ក្នុងនោះផងដែរ ខេត្តស្វាយរៀង នឹងមានតម្រូវការកម្លាំងជា២ម៉ឺននាក់ក្នុងពេលខាងមុខឆាប់ៗ។
ឯកឧត្តមបញ្ជាក់ថា មជ្ឈមណ្ឌលការងារខេត្តស្វាយរៀង និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង ពិតជាបានរួមចំណែកយ៉ាងច្រើនក្នុងការបង្កលក្ខណៈងាយស្រួល ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្ត ឲ្យទទួលបានការងារធ្វើ ទទួលបានប្រាក់បៀវត្សរ៍ទ្រទ្រង់គ្រួសាររបស់ពួកគេ ពិសេសបានជួយកាត់បន្ថយអត្រាអត់ការងារធ្វើរបស់ប្រជាពលរដ្ឋ ដែលនេះជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការធានាធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋមានការងារធ្វើ និងមានចំណូលសមរម្យ។
លោក ឡឹក វីរៈ សាកលវិទ្យាធិការ នៃរង សាកលវិទ្យាល័យស្វាយរៀងបានលើកឡើងថា និស្សិតគប្បីពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមលើជំនាញដែលខ្លួនបានសិក្សា ជាពិសេសជំនាញមូលដ្ឋានកុំព្យូទ័រ ភាសាបរទេស និងវគ្គខ្លីផ្សេងៗ ក៏ដូចជាព្យាយាមស្វែងរកព័ត៌មាននានាឲ្យស្របតាមភាពរីកចម្រើននាពេលបច្ចុប្បន្ន និងទៅអនាគត ដើម្បីឲ្យទទួលបានឱកាសការងារសមរម្យ។
លោក ហែម ពុទ្ធិ បន្ថែមទៀតថា នេះជាវេទិកាដែលរៀបចំជាលើកទី៣ ចំពោះសកម្មភាពសំខាន់ៗដែលមជ្ឈមណ្ឌលការងារខេត្ត បានអនុវត្តកន្លងមកមានដូចជា ចុះឈ្មោះអ្នកស្វែងរកការងារធ្វើ បានចំនួនជាង១ម៉ឺននាក់, ផ្គូផ្គងអ្នកស្វែងរកការងារធ្វើទៅឲ្យនិយោជក ចំនួនប្រមាណ៩ពាន់នាក់ អ្នកទទួលបានការងារធ្វើចំនួន ជាង២ពាន់នាក់, រៀបចំសិក្ខាសាលាស្ដីពីការណែនាំអាជីពការងារ និងវិជ្ជាជីវៈសម្រាប់និស្សិត, រៀបចំសិក្ខាសាលាស្ដីពីការរៀបចំផែនការអាជីព និងជ្រើសរើសជំនាញសិក្សាសម្រាប់សិស្សវិទ្យាល័យ, ទំនាក់ទំនង និងទទួលជួបជាមួយនិយោជក ក្រុមហ៊ុន សហគ្រាស, ផ្សព្វផ្សាយព័ត៌មានជ្រើសរើសបុគ្គលិក ,ផ្សព្វផ្សាយព័ត៌មានអប់រំបណ្ដុះបណ្ដាល និងអាហារូបករណ៍ , សិក្ខាសាលាផ្សព្វផ្សាយ និងប្រមូលអ្នកស្វែងរកការងារធ្វើនៅតាមមូលដ្ឋាន ,រៀបចំវេទិកាការងារ និងរៀបចំពិព័រណ៍ចល័តជាដើម។
ប្រធានមជ្ឈមណ្ឌលការងារខេត្តស្វាយរៀងរូបនេះ ក៏បានសំណូមពរដល់ ប្អូនៗ និស្សិត ប្រឹងប្រែងស្វែងរកការងារធ្វើ តាមរយៈជាការងារស្ម័គ្រចិត្ត ឬការងារពេញម៉ោង ដើម្បីទទួលបាននូវបទពិសោធន៍ ក៏ដូចជាពង្រឹងនូវជំនាញរបស់ខ្លួន ក្នុងការឈានទៅរកការងារល្អប្រាក់បៀវត្សរ៍ខ្ពស់ទៅថ្ងៃអនាគត៕
Source: Kampuchea Thmey Daily
0 Comments