ភ្នំពេញ ៖ លោកបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌទួលគោក និងលោក ឯក ឃុនដឿន អភិបាល នៃគណៈអភិបាលខណ្ឌទួលគោក រួមជាមួយថ្នាក់ដឹកនាំក្រុមការងារ មន្ត្រីថ្នាក់ដឹកនាំខណ្ឌសង្កាត់ និងបងប្អូនពុទ្ធបរិស័ទជាច្រើនទៀត កាលពីព្រឹកថ្ងៃសៅរ៍ ១កើត ខែកត្តិក ឆ្នាំច សំរឹទ្ធស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី០៨ធ្នូនេះ បានរៀបចំពិធី បញ្ចុះបឋមសិលា កសាងកុដិមួយខ្នងនៅវត្តនាគវ័ន ហើយក្រោយបញ្ចប់ពិធី លោក បណ្ឌិត ឱម យ៉ិនទៀង និងលោក ឯក ឃុនដឿន ក៏បានសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋជិត១០០នាក់ផងដែរ។
កុដិមួយខ្នង ដែលនឹងត្រូវធ្វើការសាងសង់នៅវត្តនាគវ័ននេះ មានទំហំ ទទឹង៨ម៉ែត្រ បណ្ដោយ៤៧ម៉ែត្រ កម្ពស់៥ជាន់ ដើម្បីបំរើឲ្យវិស័យព្រះពុទ្ធសាសនា ខណៈដែលប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ដូច្នេះហើយទីវត្តអារាម ក៏មានការរីកចម្រើនស្របជាមួយគ្នាផងដែរ។
ពាក់ព័ន្ធនឹងពិធីសំណេះសំណាល និងចែកអំណោយ ជូនប្រជាពលរដ្ឋជិត១០០នាក់នេះ លោក បណ្ឌិត ឱម យ៉ិនទៀង បានមានប្រសាសន៍លើកឡើងថា កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេចតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ដោយសម្ដេច បានជំរុញ និងណែនាំឲ្យមន្ត្រី អាជ្ញាធរមូលដ្ឋានទាំងអស់ ចុះដល់មូលដ្ឋាន ហើយបើប្រជាពលរដ្ឋជួបការលំបាក ខ្វះខាតអ្វីមួយ យើងជួយពួកគាត់ភ្លាមតែម្ដង ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយការអត់បាយនោះទេ។
លោកបណ្ឌិត ឱម យ៉ិនទៀង បានបន្តទៀតថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រទេសជាតិរបស់យើងមានការអភិវឌ្ឍរីកចម្រើនលឿនណាស់ ពោលគឺ ក្រោមម្លប់ នៃសន្តិភាពតាមយុទ្ធសាស្ត្រឈ្នះ ឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន ត្រឹមតែ២០ឆ្នាំ យើងមានអ្វីគ្រប់យ៉ាង ហើយចុងក្រោយនេះ យើងទទួលបានជោគជ័យថ្មីៗទៀត នោះគឺព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ «ល្ខោនខោល» ត្រូវ បានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ របស់អង្គការយូណេស្កូ នៅទីក្រុងព័រល្វី សាធារណរដ្ឋម៉ូរី កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨។
ការប្រារព្ធបុណ្យអុំទូក អកអំបុក បណ្ដែតប្រទីប និងសំពះ ព្រះខែ ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ទទួលបានជោគជ័យ ដោយមានប្រជាពលរដ្ឋរាប់លាននាក់ចូលរួមដើរលេងកម្សាន្ត ជាមួយនឹងកងកម្លាំងមានសមត្ថកិច្ចរាប់ម៉ឺននាក់ ការពារសន្តិសុខ និងសណ្ដាប់ធ្នាប់ ហើយនៅពេលដ៏ខ្លីខាងមុខនេះ យើងនឹងសម្ពោធវិមាន ឈ្នះ ឈ្នះ បន្តទៀត។
មន្ត្រីរដ្ឋបាលខណ្ឌទួលគោកបានឲ្យដឹងថា ប្រជាពលរដ្ឋ ដែលត្រូវបានក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌទួលគោក និងអាជ្ញាធរខណ្ឌចែកជូនរួមមាន ប្រជាពលរដ្ឋក្រីក្រចំនួន៦០នាក់ និងតាជី យាយជីចំនួន២០នាក់ សរុបទាំងអស់៨០នាក់ ដោយក្នុងម្នាក់ៗ ទទួលបានអង្ករ ១បេ ទម្ងន់៣០គីឡូក្រាម មី២០កញ្ចប់ តែ ទឹកដោះគោ ត្រី២ អាវរងា និងថវិកា២ម៉ឺនរៀល៕
Source: Kampuchea Thmey Daily
0 Comments