ភ្នំពេញ ៖ ពិធីផ្សព្វផ្សាយ ស្ដីពីការផ្ដល់សេវារដ្ឋបាល លើវិស័យទេសចរណ៍តាមយន្តការច្រកចេញចូលតែមួយរាជធានីភ្នំពេញ ដល់បងប្អូនជាម្ចាស់ ជាអ្នកគ្រប់គ្រងអាជីវកម្ម ពាក់ព័ន្ធនឹងវិស័យទេសចរណ៍ ត្រូវបានធ្វើឡើងកាលពីរសៀលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ នៅសាលារាជធានីភ្នំពេញក្រោមអធិបតីភាព លោក ហួត ហៃ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពី លោកបណ្ឌិត ឡី សុភាព ប្រធានសហព័ន្ធវិនិយោគិន និងជាប្រធានសហព័ន្ធទេសចរណ៍ និងបដិសណ្ឋារកិច្ចកម្ពុជា លោកស្រី មួក យុវល័ក្ខ ប្រធានអង្គភាពច្រកចេញចូលតែមួយរាជធានីភ្នំពេញ ព្រមទាំងសមាជិក សមាជិកា សហព័ន្ធទេសចរណ៍ និងបដិសណ្ឋារកិច្ចកម្ពុជា ម្ចាស់មូលដ្ឋានអាជីវកម្មភោជនីយដ្ឋាន អាហារដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ មណ្ឌលកម្សាន្ត ខារ៉ាអូខេ ម៉ាស្សា ប្រមាណ៥០០នាក់។
លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ តំណាងឲ្យ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍លើកឡើងថា គោលបំណងដែលអញ្ជើញបងប្អូនមកថ្ងៃនេះ គឺក្នុងគោលបំណងប្រាប់បងប្អូនថា នៅរាជធានីភ្នំពេញមានច្រក ចេញចូលតែមួយ ដូច្នេះសូមបងប្អូនមកសុំអាជ្ញាប័ណ្ណ ដោយមិនបាច់ទៅរកច្រើនកន្លែងទេ គឺមាននៅអង្គភាពច្រក ចេញចូលតែមួយ នៅរដ្ឋបាលរាជធានីភ្នំពេញ ដែលជាកន្លែងប្រមូលផ្ដុំ នៃការផ្តល់អាជ្ញាប័ណ្ណជូនបងប្អូន ហើយ ក្នុងនោះសម្រាប់វិស័យទេសចរណ៍ដែលបងប្អូនយើងត្រូវមកទទួលសេវាពីច្រកចេញចូលតែមួយ រួមមាន អាជ្ញាប័ណ្ណទេសចរណ៍ សម្រាប់សណ្ឋាគារ និងសេវាកម្មស្នាក់នៅ អាជ្ញាប័ណ្ណទេសចរណ៍ សម្រាប់ខារ៉ាអូខេ អាជ្ញាប័ណ្ណទេសចរណ៍ សម្រាប់ដឹកជញ្ជូនភ្ញៀវទេសចរណ៍តាមផ្លូវទឹក (មិនមែនជាលក្ខណៈក្រុមហ៊ុន អាជ្ញាប័ណ្ណទេសចរណ៍ សម្រាប់កីឡាទេសចរណ៍ ជាដើម។
លោក ហួត ហៃ បានបន្តទៀតថា សម្រាប់សេវា នៃលទ្ធផលប្រគល់ជូនទៅបងប្អូនវិញ គឺមានកំណត់ពេលច្បាស់លាស់ ហើយតម្លៃក៏បានកំណត់យ៉ាងច្បាស់នៅក្នុងតារាងរួចជាស្រេច។ ដូច្នេះទេសម្រាប់បងប្អូនយើងណាមិនទាន់មានអាជ្ញាប័ណ្ណទេសចរណ៍ទេ សូមអញ្ជើញមកសុំច្បាប់អាជីវកម្ម ដើម្បីឲ្យអាជីវកម្មរបស់បងប្អូនមានភាពស្របច្បាប់ ហើយចំពោះអ្នកមានអាជ្ញាប័ណ្ណហើយ តែហួសសុពលភាពក៏ត្រូវមកបន្តសុពលភាពដែរ។
លោកបណ្ឌិត ឡី សុភាព ប្រធានសហព័ន្ធវិនិយោគិន និងជាប្រធានសហព័ន្ធទេសចរណ៍ និងបដិសណ្ឋារកិច្ចកម្ពុជា បានលើកឡើងថា បើតាមច្បាប់ធម្មជាតិ មនុស្សយើង ត្រូវហូបចុក បត់ជើងតូច បត់ជើងធំ បើមិនមានបញ្ហាអ្វីមួយ ពោលគឺហូបហើយមិនជុះទេ គឺមានបញ្ហាសុខភាព មិនមានក្តីសុខទេ យ៉ាងណាមិញ សម្រាប់បងប្អូនរកស៊ីលើវិស័យទេសចរណ៍ ដូចជាបើកសណ្ឋាគារ និងសេវាកម្មស្នាក់នៅ ខារ៉ាអូខេ ដឹកជញ្ជូនភ្ញៀវទេសចរណ៍តាមផ្លូវទឹក កីឡាទេសចរណ៍ ជាដើមនេះ បើមិនមានច្បាប់ទេ មិនស្រណុកក្នុងខ្លួននោះទេ គឺជួបនូវការភ័យខ្លាចជានិច្ច ដូច្នេះទេ សូមបងប្អូនទាំងអស់អញ្ជើញមកសុំច្បាប់អាជីវកម្ម ដើម្បីឲ្យអាជីវកម្មរបស់បងប្អូនមានភាពស្របច្បាប់ ហើយចំពោះអ្នកមានអាជ្ញាប័ណ្ណហើយ តែហួសសុពលភាពក៏ត្រូវមកបន្តសុពលភាពដែរ។
គួរបញ្ជាក់ថា ក្រសួងមហាផ្ទៃ បានបង្កើត និងដាក់ឲ្យដំណើរការជាផ្លូវការនូវការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋនៅក្នុងស្រុក/ខណ្ឌ ក្រុង, គោលដៅចំនួន៤០រួចហើយ ការិយាល័យនេះ នឹងត្រូវពង្រីកនៅតាមខណ្ឌ និងស្រុកគោលដៅផ្សេងៗទៀត ដើម្បីផ្តល់សេវាដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ។
សម្រាប់ ការិយាល័យច្រកចេញចូលតែមួយ រាជធានីភ្នំពេញ បានដាក់ឲ្យដំណើរជាផ្លូវ កាលពីថ្ងៃព្រហស្បតិ៍ ទី២៦ ខែកក្កដា ឆ្នាំ២០១៨ កន្លងមកនេះ៕
Source: Kampuchea Thmey Daily
0 Comments