ភ្នំពេញ ៖ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ រស់នៅភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ថា មានបញ្ហាលំបាកដោយសារក្រុមហ៊ុន ចិន លាយបេតុង នៅខាងមុខមណ្ឌលឱកាសខ្ញុំ កំពុងបង្កផលប៉ះពាល់បរិស្ថានទៅដល់ប្រជាពលរដ្ឋ លោក ម៉ូវ ម៉ានិត អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ បានបញ្ជាឲ្យលោក ហ៊ត គឹមនី នាយករងរដ្ឋបាលខណ្ឌសែនសុខ ដឹកនាំមន្ត្រីចុះទៅដល់ទីតាំងក្រុមហ៊ុន ដើម្បីធ្វើការកិច្ចសន្យាណែនាំដល់ម្ចាស់ក្រុមហ៊ុន ធ្វើយ៉ាងណាកុំឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋរស់នៅតំបន់នោះបន្តទៀត។
លោក ហ៊ត គឹមនី នាយករងរដ្ឋបាលខណ្ឌសែនសុខ បានប្រាប់ឲ្យដឹងថា ដោយ មានបណ្ដឹងពីប្រជាពលរដ្ឋអំពីបញ្ហាបរិស្ថាន ដែលកើតចេញពីទីតាំងក្រុមហ៊ុន ចិន លាយបេតុង នៅខាងមុខមណ្ឌលឱកាសខ្ញុំ នាំឲ្យប៉ះពាល់ទៅប្រជាពលរដ្ឋ ទាំងបញ្ហាផ្លូវ ទាំងលំអង ធូលី កម្ទេច ស៊ីម៉ងត៍ ហុយជាប្រចាំនោះ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បានបញ្ជាឲ្យលោកដឹកនាំមន្ត្រីចុះទៅដល់ទីតាំងក្រុមហ៊ុន ចិន លាយបេតុងនោះ ដើម្បីធ្វើកិច្ចសន្យាកែសម្រួលឲ្យបានល្អប្រសើរ ធ្វើយ៉ាងណាកុំឲ្យប៉ះពាល់បរិស្ថានដល់ប្រជាពលរដ្ឋរស់នៅតំបន់នោះ។
លោក ហ៊ត គឹមនី ប្រាប់បន្តថា នាពេលជួបជាមួយតំណាងក្រុមហ៊ុន នាព្រឹកថ្ងៃខែដដែលនោះ អាជ្ញាធរខណ្ឌ បានសហការជាមួយក្រុមហ៊ុន ដើម្បីស្ថាបនាផ្លូវបេតុងជូនប្រជាពលរដ្ឋប្រើប្រាស់ក្នុងពេលឆាប់ៗខាងមុខនេះ។ គម្រោងផ្លូវដែលស្ថាបនាជាផ្លូវបេតុងនេះ មានប្រវែងប្រហែល២៥០ម៉ែត្រ ទទឹងប្រហែល ៦ ទៅ ៧ម៉ែត្រ ( រង់ចាំវាស់ជាក់ស្ដែង) ក្រាលសរសៃដែក កម្រាស់០,១៥ម៉ែត្រ ( ១តឹកកន្លះ )។
សូមបញ្ជាក់ឲ្យដឹងថា កាលពីរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ ប្រជាពលរដ្ឋរស់នៅភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ បានរៀបរាប់ប្រាប់ឲ្យដឹងថា នៅក្នុងមូលដ្ឋានរបស់ពួកគាត់ មានក្រុមហ៊ុន ចិន លាយបេតុង ដែលមានទីតាំងនៅខាងមុខមណ្ឌលឱកាសខ្ញុំ កំពុងតែបង្កផលប៉ះពាល់បរិស្ថានយ៉ាងខ្លាំង ដោយសារតែលំអង ធូលី កម្ទេច ស៊ីម៉ងត៍ ហុយជាប្រចាំ។ បញ្ហាទាំងនេះកើតឡើងប្រមាណ ២ឆ្នាំមកហើយ ដោយឡែកទើបតែរយៈពេល១ឆ្នាំនេះ គឺបញ្ហាលំអង ធូលី កម្ទេចស៊ីម៉ងត៍ហុយកាន់តែខ្លាំងទៅៗ ដែលធ្វើឲ្យពួកគាត់រស់នៅតំបន់នេះ ពិបាកខ្លាំងណាស់ រស់នៅជាមួយធូលីស៊ីម៉ងត៍រាល់ថ្ងៃ។
ពលរដ្ឋប្រាប់បន្តថា ការប៉ះពាល់ទាំងនេះ មិនត្រឹមតែមនុស្ស សត្វ នោះទេ សូម្បីតែ ម៉ូតូ ឡាន ក៏ប៉ះពាល់ផងដែរ ពីព្រោះ ធូលីនេះ គឺជាមេស៊ីម៉ងត៍ ដែលក្រុមរថយន្តក្រឡុកស៊ីម៉ងត៍ យកមកបង្ហូរកាកសំណល់នៅលើផ្លូវនេះជាប្រចាំ។ ហេតុដូចនេះហើយ ដែលធ្វើឲ្យផ្លូវ១ខ្សែនេះ ពិបាកធ្វើដំណើរណាស់ ខែវស្សាបែកភក់ បែកម៉ាំ ចំណែកខែប្រាំងវិញ គឺបញ្ហាលំអង ធូលី កម្ទេចស៊ីម៉ងត៍ហុយងងឹតមេឃ នៅពេលមានរថយន្ត តូច ធំ បើកបរទៅមកម្តងៗ។
ដោយបញ្ហាទាំងអស់នេះ ប្រជាពលរដ្ឋ សូមសំណូមពរអាជ្ញាធរពាក់ព័ន្ធ មេត្តាជួយពិនិត្យ និងជួយដោះស្រាយជូនពួកគាត់ផង៕
Source: Kampuchea Thmey Daily
0 Comments