ក្លិបបាល់ទាត់លីគកំពូលកម្ពុជា អង្គរថាយហ្គឺរ (Angkor Tiger FC) បានប្រកាសចាប់ដៃគូជាមួយ មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្ដុះបណ្ដាល (ACE) ដែលជាដៃគូនៃការអប់រំជាផ្លូវការក្នុង រយៈពេលមួយឆ្នាំ។ ការប្រកាសនេះតាមរយៈផេកហ្វេសប៊ុកផ្លូវការរបស់ក្លិបនាថ្ងៃទី ៧ ខែ ធ្នូ ឆ្នាំ ២០១៨ សប្ដាហ៍នេះ។
ប្រភពដដែលបន្តថា មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្ដុះបណ្ដាល (ACE) ជាសាលាបង្រៀនភាសាអង់គ្លេសដែលជោគជ័យមួយក្នុងព្រះរាជាណាចក្រកម្ពុជា ហើយក្លិបសូមអរគុណយ៉ាងខ្លាំងសម្រាប់ការសហការ និង ការគាំទ្រ។ តំណាងនៃភាគីទាំងពីរ បានបង្ហើបថា គោលបំណងនៃការសហការនេះ គឺដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍បាល់ទាត់នៅកម្ពុជា រួមទាំងបង្កើនកម្រិតនៃការអប់រំ និង ភាពរីកចម្រើនរបស់មនុស្សតាមរយៈការអប់រំភាសាអង់គ្លេសដ៏មានគុណភាពខ្ពស់ តាមរយៈ ACE។
បន្ទាប់ពីកិច្ចសហការភាពជាដៃគូនេះ មិនមែនត្រឹមតែធ្វើឲ្យបាល់ទាត់រីកចម្រើនទៅមុខនោះទេ ប៉ុន្តែថែមទាំងបានជួយអភិវឌ្ឍចំណេះដឹងផ្នែកភាសាអង់គ្លេសដល់ បុគ្គលិក ឬ កីឡាករវ័យក្មេងនៅក្រុមអង្គរថាយហ្គឺរ ផងដែរក្នុងន័យដើម្បីឲ្យពួកគេចេះនិយាយភាសាអង់គ្លេសដែលជាភាសាអន្តរជាតិ។
គួរដឹងដែរ ក្លិបបាល់ទាត់អង្គរថាយហ្គឺរ ត្រូវបង្កើតឡើងនៅឆ្នាំ ២០១៥ ដែលមានប្រធានក្លិបជនជាតិជប៉ុន Akihiro Kato ។ ក្លិបនេះមានមូលដ្ឋាននៅខេត្តសៀមរាប និង ប្រើប្រាស់កីឡដ្ឋានខេត្តសៀមរាបជាទីលានប្រកួត ហើយ មួយរយៈរដូវកាល២០១៨កន្លងទៅនេះ ទទួលបានភាពទាក់ទាញចំណាប់អារម្មណ៍ពីអ្នកគាំទ្រដោយឈ្នះពាន CNCC Award ពីគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជាទៀតផង។
ក្រុមអង្គរថាយហ្គឺរ បានប្តូរឈ្មោះមកពីក្រុមត្រាយអាស៊ីភ្នំពេញ កាលពីចុងរដូវកាល២០១៤ ហើយនៅរដូវកាល២០១៥ គឺជាកំណត់ត្រាល្អរបស់ក្លិបពោលគឺ អាចឡើងដល់វគ្គ៤ក្រុមចុងក្រោយទាំងពានរង្វាន់សម្តេច ហ៊ុន សែន និងពានរង្វាន់មិត្តហ្វូនខេមបូឌានលីក ក្រោយឈរចំណាត់ថ្នាក់លេខ៣ដូចគ្នា។ ក្រុមនេះ ទទួលបានសិទ្ធិប្រើប្រាស់កីឡដ្ឋានខេត្តសៀមរាប ពីក្រសួងអប់រំយុវជននិងកីឡា កាលពីរដូវកាលឆ្នាំ២០១៧ កន្លងធ្វើជាទឹកដីរបស់ខ្លួនរាល់ការប្រកួតនានា។
ចំណែកលទ្ធផលក្នុងរដូវកាលឆ្នាំ២០១៨ កន្លងទៅក្រុមអង្គរថាយហ្គឺរ បានបញ្ចប់យុទ្ធនាការរបស់ខ្លួនដោយឈរចំណាត់ថ្នាក់លេខ៨ ក្នុងចំណោមក្លិបទាំង១២ ក្រោយប្រកួតបាន២២លើកឈ្នះបាន៧លើក ហើយស្មើគ្នាបាន៧លើកនិងបរាជ័យ៨លើក។ ចំណែកនៅក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន វិញបានឈរចំណាត់ថ្នាក់លេខ៣ស្ទួន ក្រោយ ប្រកួតបរាជ័យនៅវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រដោយថ្វីជើងក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ២ទល់០៕
Source: Kampuchea Thmey Daily
0 Comments