Ad Code

កីឡាករ​ល្បីៗ​ក្នុងស្រុក​នាំគ្នា​ប្រកួត​បាល់ទាត់​មិត្តភាព​ស្វែងរក​ជំនួយ​សប្បុរសធម៌



កីឡាករ​បាល់ទាត់​ល្បីៗ កំពុង​តែ​មាន​ប្រជាប្រិយភាព​ក្នុងស្រុក​ជាច្រើន បាន​បបួលគ្នា ចូលរួម​កម្មវិធី​ប្រកួត​បាល់ទាត់​មិត្តភាព​សប្បុរសធម៌​មួយ នៅ​ថ្ងៃទី​១០ ខែធ្នូ ខាងមុខ ដោយ​ត្រូវ​ប្រកួត​ទល់នឹង​ក្រុម​មិន​អាជីព​របស់​7NG (​មាន​ខ្លះ​ជា​អតីត​កីឡាករ​ជម្រើសជាតិ​កម្ពុជា​) ដើម្បី​ស្វែងរក​មូលនិធិ​ជួយ​ដល់​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា។



​កម្មវិធី​សប្បុរសធម៌​នេះ គឺ​ផ្ដួចផ្ដើម​រៀបចំ​ដោយ​លោក ស្រី ចាន់ថា ថ្នាក់ដឹកនាំ​ក្រុម 7NG ដើម្បី​រួមចំណែក​ជួយ​ដល់​សង្គម តាមរយៈ​សកម្មភាព​បា​ល់​ទាត់​។ ហេតុនេះ​លោក​សង្ឃឹមថា យ៉ាង​មុតមាំ​ថា ការប្រកួត​នេះ​នឹង​ទទួល​បាន​ការ​គាំទ្រ និង​មានការ​ចូលរួម​ច្រើន​ពី​សំណាក់​អ្នកគាំទ្រ​វិស័យ​កីឡាបាល់ទាត់​កម្ពុជា ពិសេស​អ្នកគាំទ្រ​កីឡាករ​ជម្រើសជាតិ និង​អតីត​កីឡាករ​ជម្រើសជាតិ ដែល​នឹងចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​តែម្ដង​។

កីឡាករ​ជម្រើសជាតិ​កម្ពុជា​ចំនួន​៣​រូប បាន​ត្រៀមខ្លួន​ហើយ​ជាស្រេច ក្នុងការ​ចូលរួម​នេះ រួមមាន​កីឡាករ ចាន់​វឌ្ឍនាកា​, ប្រាក់ មុន្នី​ឧ​ត្ត​ម និង​កីឡាករ ឈិន ឈឿន។ លើស​ពី​នេះ ក៏​មាន​កីឡាករ​អាជីព​មួយចំនួន​បានបង្ហាញ​ពី​ការ​ត្រៀមខ្លួន​ចូលរួម​ក្នុង​កម្មវិធី​នេះ​ផងដែរ ដូចជា​ម្ចាស់​ពាន​ឯកត្តជន​របស់ CNCC ចំនួន ៤ គឺ​កីឡាករ នួន បូរី ជាដើម​។ ចំណែក​កីឡាករ​ផ្សេងៗ ដែល​កំពុង​សម្រាក​ពី​ការប្រកួត​ពាន​សម្ដេច​តេ​ជោ ហ៊ុន សែន និង​លី​គ​កំពូល​កម្ពុជា ក៏​អាច​ចូលរួម​បានដែរ​។



​គួរ​បញ្ជាក់​ថា សម្រាប់​ក្រុម​មានការ​ប​បួស​គ្នា​ចូលរួម​ពី​សំណាក់​កីឡាករ​អាជីព​ក្នុងស្រុក នឹង​ប្រើ​ឈ្មោះថា​ក្រុមបាល់ទាត់ BFF ហើយ​ត្រូវ​ប្រកួត​ជាមួយ​ក្រុមបាល់ទាត់ 7NG នា​វេលា​ម៉ោង ៤និង៣០​នាទី​ល្ងាច នៅ​លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ ក្នុង​រាជធានី​ភ្នំពេញ នា​ថ្ងៃ​ច័ន្ទ ទី​១០ ខែធ្នូ ឆ្នាំ២០១៨ ខណៈ​សំបុត្រ​ចូល​ទស្សនា​មានតម្លៃ ៥,០០០​រៀល​។ ចំពោះ​ថវិកា​ទទួល​បាន​ការលក់​សំបុត្រ ក៏ដូចជា​ការ​បរិច្ចាគ​ផ្សេងៗ នឹងត្រូវ​បរិច្ចាគ​ទាំងស្រុង ជូន​មន្ទីរពេទ្យ​គន្ធ​បុប្ផា​តែម្ដង៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu