ក្លិបបាល់ទាត់សូលទីឡូអង្គរ សមាជិកពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League 2018) កាលពីល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ ថ្មីៗនេះ បានប្រកាសជាផ្លូវការពីការតែងតាំងគ្រូបង្វឹកថ្មីដែលជាជនជាតិអង់គ្លេស ដើម្បីត្រៀមក្នុងយុទ្ធនាការធំៗ២ ទាំងលីគកំពូលកម្ពុជា និងពានសម្តេចតេជោ ហ៊ុន សែន រដូវកាល២០១៩ ខាងមុខ។
គ្រូបង្វឹករូបនេះមានឈ្មោះថា Darren Pomroy ដែលកំពុងកាន់អាជ្ញាប័ណ្ណគ្រូ UEFA ‘A’ License ក្នុងវ័យ៣៣ឆ្នាំប៉ុណ្ណោះ។ ការតែងតាំងគ្រូបង្វឹកថ្មីនេះ គឺបន្ទាប់ពីក្លឹបដែលមានថៅកែជាជនជាតិជប៉ុន បានសម្រេចចែកផ្លូវជាមួយគ្រូបង្វឹកចាស់ជនជាតិជប៉ុន លោក Yuki Matsuda ក្រោយដឹកនាំឱ្យទទួលបានចំណាត់ថ្នាក់លេខ៨ក្នុងលីគកំពូលកម្ពុជា កាលពីរដូវកាលមុន។
លោក Darren Pomroyបានគណនី Facebook ផ្ទាល់ខ្លួនថា ខ្លួនសប្បាយរីករាយក្នុងការឈានជើងចូលបម្រើការងារគ្រប់គ្រងបាល់ទាត់។ លោកគិតថា សូលទីឡូអង្គរ មានទស្សនវិស័យដ៏អស្ចារ្យនៅខេត្តសៀមរាប បូករួមទាំងក្រុមការងារដ៏ល្អ ហើយលោកជឿជាក់ថា ក្រុមនេះនឹងមានអនាគតភ្លឺស្វាង។ លោកគិតថាការកាន់តំណែងជាគ្រូបង្គោលក្លិបអាជីពនេះគឺជាអ្វីដែលលោកប៉ងតាំងពីនៅជាកីឡាករម្ល៉េះ ហើយលោកចាត់ទុកថា ប្រៀបដូចសុបិនក្លាយជាការពិត។
ចំពោះលោក Darren Pomroy ត្រូវបានស្គាល់ថា ជាគ្រូដែលមានបទពិសោធ និងជាពិសេសដឹងពីសមត្ថភាពកីឡាករនៅក្នុងខេត្តសៀមរាបផ្ទាល់ ខណៈលោកក៏ជាគ្រូបង្វឹកនៃក្លឹបពាក់កណ្ដាលអាជីព Next Step ដែលជាក្លឹបបណ្ដុះកីឡាករយុវជនជាច្រើនក្នុងខេត្តផងដែរ មុនផ្លាស់មកដឹកនាំក្រុមសូលទីឡូអង្គរ នេះ។
សូមបញ្ជាក់ថា ក្រុមសូលទីឡូអង្គរ កាលពីស្ថិតនៅក្រោមការដឹកនាំរបស់លោក Yuki Matsuda បានឈរនៅចំណាត់ថ្នាក់លេខ១០ ក្នុងចំណោមសមាជិកទាំង១២ក្នុងពានរង្វាន់លីគកំពូលកម្ពុជា រដូវកាលឆ្នាំ២០១៨ក្រោយរកបានជ័យជម្នះចំនួន៥ លើក ហើយធ្លាប់ស្មើ៥ លើកនិងចាញ់១២ លើកមាន២០ពិន្ទុ ដែលអាចបន្តក្នុងលីគកំពូលរដូវកាលបន្ទាប់ទៀត។ ចំណែកក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន វិញក្រុមសូលទីឡូអង្គរ បានធ្លាក់ត្រឹមវគ្គ១៦ក្រុមចុងក្រោយ បន្ទាប់ពីចាញ់គូប្រជែងក្នុងខេត្តតែមួយគឺ អង្គថាយហ្គីរ ដោយលទ្ធផលទាំង២ជើង៣ទល់២៕
Source: Kampuchea Thmey Daily
0 Comments