Ad Code

ខ្សែការពារ ឆេង ម៉េង លើក​ហេតុផល​២​យ៉ាង​ដែល​ខ្លួន​សម្រេច​ចេញពី​ក្លិប​ជើងឯក​ឆ្នាំ​ចាស់​ណាហ្គា​វើ​ល ចូលរួម​ជាមួយ​វិសាខា



​ខ្សែការពារ​ជម្រើសជាតិ​កម្ពុជា ឆេង ម៉េង បានសម្រេច​ចាកចេញ​ពី​ក្លិប​ជើងឯក​ឆ្នាំ​ចាស់​ណាហ្គា​វើ​ល ដោយ​ផ្ទេរ​ទៅ​ចូលរួម​ជាមួយ​ក្លិប​កីឡាបាល់ទាត់​វិសាខា ដើម្បី​ត្រៀម​រដូវ​កាល​ថ្មី ឆ្នាំ២០១៩​ខាងមុខ ខណៈ​កីឡាករ​រូប​នេះ​ បាន​បញ្ជាក់​ពី​មូលហេតុ​២​យ៉ាង ដែល​នាំ​ឲ្យ​ខ្លួន សម្រេចចិត្ត​ផ្លាស់ប្តូរ​ទ្រនំ​ដោយ​ក្នុង​នោះ​គឺ​ទី​១​ការគ្រប់គ្រង និង​ការរៀបចំ​បានល្អ និង​ទី​២ គឺ​ការចង់​ទទួល​បាន​បទពិសោធន៍​ថ្មី​។

​កីឡាករ​វ័យ ២២​ឆ្នាំ​រូប​នេះ បាន​លើក​ឡើង​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ក្លិប​ថា «​ខ្ញុំ​សម្រេចចិត្ត​ចូលរួម​ជាមួយ​ក្រុម​វិសាខា ព្រោះ​ខ្ញុំ​មើលឃើញ​នៅ​ទី​នេះ ការដឹកនាំ និង​ការរៀបចំ​បានល្អ​។ មួយទៀត​ខ្ញុំ​ចង់​ផ្លាស់ប្ដូរ​បទពិសោធន៍​ថ្មី និង​ចង់បាន​អ្វី​ដែល​ថ្មី សម្រាប់​អភិវឌ្ឍន៍​សមត្ថភាព​របស់​ខ្ញុំ​។ នៅ​ទី​នេះ​ខ្ញុំ​ឃើញ​មាន​កីឡាករ​ល្អៗ​ច្រើន ហើយ​ការប្រកួតប្រជែង ក៏មាន​កម្រិត​ខ្ពស់​ដែរ​។ អញ្ចឹង​ខ្ញុំ​ជឿជាក់​ថា នឹង​ធ្វើ​ឲ្យ​អាជីព​បាល់ទាត់​របស់ខ្ញុំ​កាន់តែ​រីកចម្រើន​»​។



​បន្ថែម​លើ​នេះ គេ​បាន​ប្ដេជ្ញាចិត្ត នឹង​ខិតខំ​ហ្វឹកហាត់ ហើយ​ស្ដាប់​តាម​ការណែនាំ​របស់​គ្រូ ដើម្បី​ប្រជែង​ឱកាស​ជាប់​ជម្រើស​ដំបូង និង​ជួយ​ក្រុម​ទទួល​បាន​លទ្ធផល​ល្អ នា​រដូវ​កាល​ក្រោយ​។ កីឡាករ ឆេង ម៉េង បន្ដ​ថា «​មក​ទីនេះ តាម​ខ្ញុំ​គិត មិនសូវ​ងាយស្រួល​ក្នុង​ការ​ដណ្ដើម​កៅអី​ជម្រើស ១១​នាក់​ដំបូង​ទេ ព្រោះ​មាន​កីឡាករ​ល្អៗ​ច្រើន ចឹ​ង​ខ្ញុំ​ត្រូវ​ខំប្រឹង និង​គោរព​វិន័យ​ក្រុម​ឲ្យ​បានល្អ។ ខ្ញុំ​ប្ដេជ្ញាចិត្ត​ថា នឹង​ខិតខំ​ឲ្យ​អស់ពី​សមត្ថភាព ដើម្បី​ជួយ​ក្លិប​វិសាខា​ឲ្យ​ទទួលបាន​លទ្ធផល​ល្អ ដូច​ចាស់​(​ណាហ្គា​វើ​ល​) ដែល​ខ្ញុំ​ធ្លាប់ជួយ​កន្លងមក​»​។

គួរ​បញ្ជាក់​ថា ឆេង ម៉េង មុន​ផ្ទេរ​មកកាន់​ក្លិប​វិសាខា រូបគេ​បាន​ចំណាយពេល ៥​រដូវ​កាល​មកហើយ ជាមួយ​ក្លិប​ណាហ្គា​វើ​ល ហើយ​គេ​បាន​ជាប់​ជម្រើសជាតិ​យុវជន U19 តាំងពី​ឆ្នាំ​២០១៥ មក​ដែរ ហើយ​បាន​ជាប់​ជម្រើសជាតិ​ជា​យុវជន​ជា​បន្ដ​បន្ទាប់ រហូតដល់​ជាប់​ក្រុម​ធំ ជាក់ស្ដែង​កាលពីពេល​ថ្មីៗ ឆេង ម៉េង ក៏បាន​រួមចំណែក​ជួយ​ក្រុម​ជម្រើសជាតិ​កម្ពុជា ក្នុងការ​ប្រកួត​ពាន​រង្វាន់ AFF Suzuki Cup 2018 ផងដែរ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu