ភ្នំពេញ ៖ តបតាមការអញ្ជើញដោយឡែកពីគ្នារបស់លោក ភីធ័រ ហ្ស៊ីចារតូ រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រី និងលោក តេអូឌ័រ ម៉េឡិស្កានូ រដ្ឋមន្ត្រីការបរទេសរ៉ូម៉ានី លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការដាច់ដោយឡែកពីគ្នា ចាប់ពីថ្ងៃទី ១១ ដល់១៣ ខែធ្នូ ឆ្នាំ២០១៨។
តាមការបញ្ជាក់ពីក្រសួងការបរទេស កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៨ បានឲ្យដឹងថា ក្នុងអំឡុងពេលស្នាក់នៅប្រទេសហុងគ្រី លោកឧបនាយករដ្ឋមន្ត្រី នឹងជួបប្រជុំទ្វេភាគីជាមួយសមភាគីហុងគ្រីរបស់លោក ដើម្បីពិភាក្សា និងស្វែងរកលទ្ធភាពដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនយោបាយ និងសេដ្ឋកិច្ច រួមទាំងស្តាឡើងវិញនូវវិស័យសក្តានុពលមួយចំនួនសម្រាប់ផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ។ រដ្ឋមន្ត្រីទាំងពីរ នឹងផ្លាស់ប្តូរទស្សនៈគ្នាផងដែរទាក់ទងនឹងបញ្ហាតំបន់ និងអន្តរជាតិ ដែលជាកង្វល់រួម។
នៅឯចុងបញ្ចប់នៃកិច្ចប្រជុំ នឹងមានពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការមួយចំនួន និងបញ្ចប់ដោយការធ្វើសន្និសីទសារព័ត៌មាន។
បន្ទាប់ពីនោះមក នៅថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០១៨ លោកឧបនាយករដ្ឋមន្ត្រី នឹងធ្វើដំណើរឆ្ពោះមកកាន់ប្រទេសរ៉ូម៉ានី សម្រាប់កិច្ចពិភាក្សាទ្វេភាគីជាមួយលោក តេអូឌ័រ ម៉េឡិស្កានូ រដ្ឋមន្ត្រីការបរទេសរ៉ូម៉ានី ដែលក្នុងអំឡុងពេលនោះ រដ្ឋមន្ត្រីទាំងពីរ នឹងពិភាក្សាពីផលប្រយោជន៍ ដែលកើនឡើង និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា រវាងប្រជាជាតិទាំងពីរ ដោយផ្អែកទៅលើផលប្រយោជន៍រួម និងការគោរពគ្នាទៅវិញទៅមក។
នៅឯចុងបញ្ចប់នៃកិច្ចពិភាក្សាទ្វេភាគី រដ្ឋមន្ត្រីទាំងពីរ នឹងចុះហត្ថលេខាលើឯកសារមួយចំនួនដែលទាក់ទងនឹងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ និងបញ្ចប់ដោយការធ្វើសេចក្តីប្រកាសព័ត៌មាន។
ទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នឹងផ្តល់ឱកាសជាថ្មី ដើម្បីលើកកំពស់ចំណងមិត្តភាពយូរអង្វែង ហើយនឹងបន្តការប្តេជ្ញាចិត្តរឹងមាំ ដើម្បីជំរុញកិច្ចសន្ទនានយោបាយ និងការគាំទ្រគ្នាទៅវិញទៅមក នៅវេទិការក្នុងតំបន់ និងអន្តរជាតិដើម្បីផលប្រយោជន៍ល្អបំផុតរបស់ភាគីទាំងពីរ។
ក្នុងអំឡុងពេលនៃទស្សនកិច្ចផ្លូវការនៅប្រទេសហុងគ្រី និងរ៉ូម៉ានី ឧបនាយករដ្ឋមន្ត្រី នឹងចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំមួយចំនួន នៃប្រទេសនីមួយៗផងដែរ។
ដំណើរទស្សនកិច្ចរបស់លោកឧបនាយករដ្ឋមន្ត្រីទៅកាន់ប្រទេសអឺរ៉ុបទាំងពីរនេះ ត្រូវបានធ្វើឡើងដោយមើលឃើញនូវទំនាក់ទំនងការទូត ផលប្រយោជន៍សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ដែលកំពុងតែរីកចម្រើន និងដើម្បីស្វែងរកការគាំទ្រផ្នែកនយោបាយបន្ថែមទៀត នៅលើឆាកអន្តរជាតិសម្រាប់បុព្វហេតុយុត្តិធម៌ សុចរិតភាពជាតិ និងការគោរពអធិបតេយ្យភាពគ្នាទៅវិញទៅមក៕
Source: Kampuchea Thmey Daily
0 Comments