Ad Code

ជា ចំរើន និង គួ​ន ប៊ុន​ហ៊ីម កក់​កៅអី​សម្រាប់​ជុំ​ទី​២



ប្រដាល់ ៖ ​អ្នក​ប្រដាល់ ជា ចំរើន ក្លិប​កងចក្រ​ភ្នំ​តូច និង គួ​ន ប៊ុន​ហ៊ីម អ្នក​ប្រដាល់​ក្លិប​ពន្លឺ​សាមគ្គី​ខេត្តបាត់ដំបង ពួកគេ​ពីរ​នាក់​នេះ បាន​កក់​កៅអី​សម្រាប់​ការប្រកួត​នៅក្នុង​ជុំ​ទី​២ ជើងឯក​TV5 Knock Out Series by K.cement ទម្ងន់​៥៧​គ​.​ក្រ​បន្តទៀត ក្រោយពី​ពួកគេ​ទាំងពីរ​បាន​វាយ​ឈ្នះ​លើ​ដៃគូ ក្នុង​ការ​ប្រកួត​ជម្រុះ​ជុំ​ទី​១​ កាលពី​យប់​ថ្ងៃទី​០៨ ខែ​ធ្នូ​ ឆ្នាំ​២០១៨ លើស​ង្វៀន TV5 ព្រែកកំពឹស។​

ជា ចំរើន គេ​វាយ​ឈ្នះ ម៉ៃ សុ​ភ័​ក្រ អ្នក​ប្រដាល់​ក្លិប​ស្វាយ​រលំ​ឫទ្ធី​ជ័យ ដោយ​ពិន្ទុ​បន្ទាប់ពី​ប្រកួត​គ្នា​៣​ទឹក​នោះ។ ម៉ៃ សុ​ភ័​ក្រ គេ​ចាញ់​ជា ចំរើន មិនជា​ឯកច្ឆន្ទ​ទេ ដោយ​ក្នុង​ចៅក្រម​ទាំង​៥​រូប មាន​ចៅក្រម​៤​រូប​បានផ្តល់​ពិន្ទុ​ឲ្យ​ ជា ចំរើន ​ឈ្នះ ហើយ​ចៅក្រម​១​រូប បានផ្តល់​ពិន្ទុ​ឲ្យ​ ម៉ៃ សុ​ភ័​ក្រ​ ឈ្នះ ពោលគឺ​៤​ទល់​និង​១។

ដូច្នេះ ម៉ៃ សុ​ភ័​ក្រ គេ​ត្រូវ​ជ្រុះ​ធ្លាក់​ចេញពី​ការប្រកួត​ដណ្ដើម​កំពូល​ជើងឯក​TV5 Knock Out Series by K.cement ទម្ងន់​៥៧​គ​.​ក្រ ត្រឹម​ជុំ​ទី​១​នេះ។ ឯ ជា ចំរើន​ គេ​ត្រូវ​នៅ​បន្ត​ការប្រកួត​ក្នុង​ដំណាក់កាល​ទី​២​ទៀត។​

ចំណែក គួ​ន ប៊ុន​ហ៊ីម ក្លិប​ពន្លឺ​សាមគ្គី​ខេត្ត​បាត់ដំបង​វិញ គេ​បាន​វាយ​ឈ្នះ​ រិ​ទ្ធ ប្រាក់​ប៊ិន អ្នក​ប្រដាល់​ក្លិប​កងពលតូច​លេខ​៧០ ដោយ​ពិន្ទុ​ដាច់​តែម្ដង។

រិ​ទ្ធ ប្រាក់​ប៊ិន ដែល​គេ​ជា​អ្នក​ប្រដាល់​គ្រាន់បើ​ដែរនោះ បែរជា​ជួប​សំណាងអាក្រក់​ដោយ​ត្រូវ​ចាញ់​ក្រោម​កណ្ដាប់ដៃ​របស់​ គួ​ន ប៊ុន​ហ៊ីម ធ្វើ​ឲ្យ​ចាញ់​ពិន្ទុ​ប៊ុន​ហ៊ីម​ដាច់​តែម្ដង ក្រោយ​បញ្ចប់​ការប្រកួត​បី​ទឹក​ពេញ​នោះ។ ដូច្នេះ គួ​ន ប៊ុន​ហ៊ីម គេ​នៅ​បន្ត​ការប្រកួត​នៅក្នុង​ជុំ​ទី​២​បន្តទៀត ឯ រិ​ទ្ធ ប្រាក់​ប៊ិន ត្រូវ​ជ្រុះ​ធ្លាក់​ត្រឹមនេះ។​

គួរ​បញ្ជាក់ថា ការប្រកួត​ជម្រុះ​ចម្រាញ់​រក​កីឡាករ​ដែល​ខ្លាំង​នោះ នឹង​ធ្វើជា​៣​ជុំ ដោយ​ក្នុងចំណោម​៣២​នាក់ ក្នុង​ជុំ​ទី​១​ចម្រាញ់​ទុក​១៦​នាក់ ជុំ​ទី​២ ទុក​៨​នាក់ ដែល​ជា​អ្នកឈ្នះ​សម្រាប់​បន្ត​ការប្រកួត​ក្នុង​ដំណាក់កាល​ទី​៣ ដែល​ជា​ការប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ និង ផ្ដាច់ព្រ័ត្រ ដើម្បី​ដណ្ដើម​ពាន​រង្វាន់​ជើងឯក​TV5 Knock Out Series by K.cement ទម្ងន់​៥៧​គ​.​ក្រ។​

ចំពោះ ការប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​ជាតិ ដែល​ជា​ការ​ជួបគ្នា​រវាង ​ពុទ្ធ ឆាយ​រិទ្ធី ​អ្នក​ប្រដាល់​ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា ជាមួយ​អ្នក​ប្រដាល់​មកពី​ប្រទេស​ថៃ​ឈ្មោះ ​ឃុន ឡេ​ក​(Khun Lek ) ដោយ​ប្រកួត​ក្នុង​ទម្ងន់​៦៧​គីឡូក្រាម​នោះ គឺ​ជ័យជំនះ​បាន​ទៅលើ​ ពុទ្ធ ឆាយ​រិទ្ធី។​

ឃុន ឡេ​ក វាយ​ចាញ់​ ពុទ្ធ ឆាយ​រិទ្ធី ដាច់​តែម្តង​ គឺ​៥​ទល់នឹង​០។ ឃុន ឡេ​ក ចាញ់​កណ្ដាប់ដៃ ​និង​កែង​របស់ ​ឆាយ​រិទ្ធី​ ដាច់ ដោយ​នៅក្នុង​ទឹក​ទី​៣ អ្នក​ប្រដាល់​ថៃ​រូបនេះ ត្រូវ​ ឆាយ​រិទ្ធី វាយ​កែង​ត្រូវ​មុខជា​ច្រើន​កែង បណ្តាល​ឲ្យ​បែក​ឈាម ប៉ុន្តែ​ ឃុន ឡេ​ក នៅតែ​អាច​បន្ត​ការប្រកួត​ទៀត​រហូតដល់​ចប់​ទឹក​ទី​៥ និង​ចាញ់​ពុទ្ធ ឆាយ​រិទ្ធី ត្រឹម​ពិន្ទុ​ប៉ុណ្ណោះ។​ យ៉ាងណា ឃុន ឡេ​ក ចាញ់​ ពុទ្ធ ឆាយ​រិទ្ធី ដាច់​៥​ទល់​០។​

ចំណែក តក់ សោ​ភ័​ណ្ឌ អ្នក​ប្រដាល់​ក្លិប​សំពៅ​លូន​គុន​ខ្មែរ បាន​ផ្ដួល​យកឈ្នះ​ មាស សុជាតិ អ្នក​ប្រដាល់​ក្លិប​ឃ្លាំងមឿង​កីឡា ខេត្ត​ពោធិ៍សាត់ ​ក្នុង​ទឹក​ទី​២។ ពីរ​នាក់​នេះ ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៥ គីឡូក្រាម។​

មាស សុជាតិ ត្រូវ​បែក​នៅ​ប្រជុំ​ចិញ្ចើម​ដល់​ទៅ​ពីរ​កន្លែង និង​មាន​ឈាម​ហូរ​កាត់​ភ្នែក​ច្រើន ដែល​រំខាន​ដល់​ការប្រកួត ទោះបី​គ្រូពេទ្យ​ព្យាយាម​ជូត​សំអាត​មួយ​ទឹក​បី​ដង​ហើយ​ក្តី ក៏​នៅតែ​មិន​បាត់​ឈាម​ដែរ។​ ទីបំផុត អាជ្ញាកណ្ដាល​បាន​បញ្ឈប់ ​មាស សុជាតិ​ លែង​ឲ្យ​ប្រកួត​ក្នុង​ទឹក​ទី​២​នោះ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu