Ad Code

គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្ត​ ប្រារព្ធ​រាត្រីសមោសរ ​ដើម្បី​កៀរគរ​មូលនិធិ​សប្បុរសធម៌​



​រតនគិរី ៖ រាត្រីសមោសរ​ដើម្បី​កៀរគរ​មូលនិធិ​សប្បុរសធម៌​ ត្រូវបាន​គណៈកម្មាធិការ​សាខា​កាកបាទ​ក្រហម​កម្ពុជា​ខេត្ត​រតនគិរី ប្រារព្ធ​ធ្វើឡើង​នៅ​សាលាខេត្ត នា​រាត្រី​ថ្ងៃទី​២៥ ខែ​ធ្នូ ឆ្នាំ​២០១៨​កន្លងទៅ ក្រោម​វត្តមាន លោក ថង សាវុន អភិបាលខេត្ត ​និង​ជា​ប្រធាន​គណៈកម្មាធិការ សាខា​កាកបាទ​ក្រហម​ខេត្ត។​

ថ្លែង​ទៅកាន់​សប្បុរសជន​ជាង​៦០០​នាក់ ​ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​រាត្រីសមោសរ​ដើម្បី​កៀរគរ​មូលនិធិ​សប្បុរសធម៌​នា​ឱកាស​នេះ​ លោក ថង សាវុន មាន​ប្រសាសន៍​ថា ចលនា​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម​បាន​ទាញ ការ​យក​ចិត្ត​ទុក​ដាក់​របស់​ពិភពលោក​លើ​បច្ចុប្បន្នភាព នៃ​បញ្ហា​ប្រឈម​ជា​សកល​តាមរយៈ​ការ​ប្រារព្ធ​ទិវា​ពិភពលោក​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម លើ​ប្រធានបទ​ជា​បន្ត​បន្ទាប់ ដែលជា​ថ្ងៃ​ពិសេស​ក្នុង​ការ​កៀរគរ​មូលនិធិ​សប្បុរសជន។

ការងារ​ស្វែងរក​មូលនិធិ​នេះ គឺជា​ការងារ​មួយ​ចម្បង​ និង​ឈានមុខ​គេ​ដែល​សាខា​ត្រូវ​ពង្រីកពង្រឹង​គ្រប់​រូបភាព​ដើម្បី​ឆ្លើយតប​ទៅ និង​តម្រូវការ​របស់​ជន​ងាយ​រងគ្រោះ​នានា​សាខា​បាន​និង​កំពុង​ដំណើរការ​ជា​បណ្តើរៗ​ ដើម្បី​ធានា​ភាពជា​ម្ចាស់​លើ​ហិរញ្ញវត្ថុ​របស់​សាខា។

​លោក​អភិបាលខេត្ត​បន្ត​ថា រាត្រី​នេះ​ បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​សកម្មភាព​ដែល​កាកបាទក្រហម​អាច​ដំណើរការ​ទៅ​បាន​ក៏​អាស្រ័យ​លើ​ការ​ជឿជាក់​ដែល​បាន​ចាប់ផ្ដើម​ពី​ខ្ញុំ និង​អ្នក​ទាំងអស់គ្នា​ដែល​បាន​ចូល​រួម​គាំទ្រ​វិភាគទាន​ជា​សម្ភារៈ និង​ថវិកា​ពី​សំណាក់​ លោក លោក​ឧកញ៉ា លោកជំទាវ លោក លោក​ស្រី សប្បុរសជន ដែល​អ្នក​ស្ម័គ្រ​ចិត្ត កាកបាទក្រហម​យុវជន កាកបាទក្រហម​ដែល​ជា​កម្លាំង​ចូលរួម​មិនអាច​ខ្វះ​បាន​ឡើង។ ជាការ​ពិត​យើង​មាន​រាជរដ្ឋាភិបាល​ជា​អ្នកដឹកនាំ និង​គ្រប់គ្រង​ ដោយ​ឡែក​យើងទាំងអស់គ្នា​ក៏​មាន​តួនាទី​ចូលរួម ក្នុង​កិច្ចការ​សង្គម​នេះ​ផង​ដែរ ព្រោះថា​រាជរដ្ឋាភិបាល​នៅ​មាន​ខ្វះ​ចន្លោះ​ក្នុង​ការ​បំពេញ ឲ្យ​បាន​នៅ​ការ​ខ្វះខាត​ទាំងអស់​នោះទេ​ ដែល​ជា​ហេតុ​តម្រូវ​ឲ្យ​មាន​កាកបាទក្រហម កម្ពុជា ​ជា​ជំនួយការ​ឲ្យ​អាជ្ញាធរ​សាធារណៈ​ផ្នែក​មនុស្សធម៌។

​លោក ថង សាវុន ក្នុងនាម​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្ត បាន​ថ្លែង​នូវ​អំណរគុណ​ចំពោះ​វត្តមាន​សម្បុរ​សជន​ទាំងអស់​ដែល​បាន​ចូលរួម និង​អំពាវនាវ​ដល់​ទឹកចិត្ត​សប្បុរសធម៌ របស់​លោក លោក​ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាង​កញ្ញា ប្រធាន អនុប្រធាន​មន្ទីរ​ស្ថាប័ន អនុ​សាខា ក្រុង​ស្រុក អង្គការ​ក្នុង​ និង​ក្រៅ​រដ្ឋាភិបាល ក្រុមហ៊ុន​នានា សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាជីវករ ទាំងអស់ ដែល​បាន​ចូលរួម​ចែករំលែក​ជា​សម្ភារៈ ថវិកា តាម​វប្បធម៌​ចែក​រំលែក​ដើម្បី​ជា​កម្លាំង​មនុស្សធម៌​ដ៏​រឹងមាំ​ជួយ​សម្រាប់​ទុក្ខ​លំបាក​វេទនា​របស់​ជន​ងាយ​រងគ្រោះ​នានា​ក៏​នៅ​ទូទាំង​ខេត្តរតនគិរី​ទាំងមូល។

​សូមបញ្ជាក់ថា ថវិកា​ដែល​ប្រមូលបាន​ពី​កម្មវិធី​រាត្រីសមោសរ​នាពេលនេះ​ បាន​ចំនួន​ជាង​២​ម៉ឺន​ដុល្លារ​៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu