Ad Code

ជិះ​ម៉ូតូ​កាន់​កាំបិត​ដើរ​កាប់​គេ ត្រូវ​នគរបាល​ចាប់​វាយ​ខ្នោះ​



​កណ្តាល​ ៖​ ជនសង្ស័យ​ម្នាក់ ​បាន​ត្រូវ​នគរបាល​ឃាត់ខ្លួន ចាប់វាយ​ខ្នោះ ខណៈ​ដែល​ជនសង្ស័យ​ជិះ​ម៉ូតូ​កាន់​កាំបិត​ដើរ​កាប់​គេឯង​។​

​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ថ្ងៃ​ច័ន្ទ​២​រោច ខែ​មិគសិរ ឆ្នាំច សំរឹទ្ធ​ស័ក ពុទ្ធសករាជ ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៤ ខែ​ធ្នូ ឆ្នាំ​២០១៨ វេលា​ម៉ោង​២២​និង​០០​នាទី ចំណុច​ភូមិ​ពុក​ឫស្សី​លើ ស្រុក​ខ្សាច់​កណ្តាល ខេត្តកណ្តាល​។​

​ជនរងគ្រោះ​ឈ្មោះ ហម ពក ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ក្រូចសើច ឃុំ​ពុក​ឫស្សី ស្រុក​ខ្សាច់​កណ្តាល ខេត្តកណ្តាល (​មាន​របួសស្នាម​កំភួនដៃ​ខាងឆ្វេង​០១​កន្លែង ដេរ​ចំនួន​០៧​ថ្នេរ​)​។​

​ជនសង្ស័យ​ឈ្មោះ ស៊ឺន គឹមហុង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ (​មាន​របួស​ក្បាល​០១​កន្លែង​)​។​

​នគរបាល​ប្រាប់​ឲ្យ​ដឹង​ថា ​នៅ​ថ្ងៃទី​២៤ ខែ​ធ្នូ ឆ្នាំ​២០១៨ វេលា​ម៉ោង​១១​និង​០០​នាទី ឈ្មោះ ស៊ឺន គឹម​ហុង បាន​ជិះ​ម៉ូតូ​ធំ​ម៉ាក Yamaha ពណ៌​ខៀវ ក្នុង​ដៃ​មាន​កាន់​កាំបិត​ខ្វែវ​១​ដើម ជិះ​ចេញពី​ទិស​ខាងត្បូង​ទៅ​ទិស​ខាងជើង ឆ្ពោះទៅ​អាស្រម​របស់​ លោកតា ​ទិ​ត្យ នៅមុខ​វត្ត​ឥន្ទ​លី​បូ​ណ៌ ភូមិ​ពុក​ឫស្សី​លើ ឃុំ​ពុក​ឫស្សី ហើយ​ធ្វើការ​អុកឡុក​រក​កាប់​ លោកតា​ ទិ​ត្យ បាន​បន្តិច​ ឈ្មោះ ស៊ឺន គឹមហុង ជិះ​ចេញពី​អាស្រម​លោកតា​ទិ​ត្យ​ ទៅ​ទិស​ខាងជើង ពេលមកដល់​ហាង​កាហ្វេ​របស់​ឈ្មោះ ផែន ដា​រ៉ា ហៅ ផាន់ នៅ​ភូមិ​ពុក​ឫស្សី​លើ ឃុំ​ពុក​ឫស្សី ឈ្មោះ ស៊ឺន គឹមហុង បាន​ឈប់​ម៉ូតូ​អុកឡុក​ក្នុង​ហាង​កាហ្វេ និង​យក​កាំបិត​ខ្វែវ​ដេញ​កាប់​ឈ្មោះ ផែន ដា​រ៉ា ពេលនោះ​ឈ្មោះ ផែន ដា​រ៉ា បាន​រាយការណ៍​ជូន​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ពុក​ឫស្សី កម្លាំង​នគរបាល​ប៉ុស្តិ៍​បាន​ចុះ​ដល់​កន្លែងកើតហេតុ ស្របពេល​នោះ​ឈ្មោះ ហម ពក ជា​កូនសិស្ស​លោកតា​ទិ​ត្យ​ ក៏បាន​ទៅដល់​កន្លែង​កើតហេតុ​ដែរ ហើយ​បាន​ចូល​ទៅ​ជួយ​ឃាត់​ និង​ដណ្ដើម​កាំបិត​ខ្វែវ​ពី ​ឈ្មោះ ស៊ឺន គឹមហុង ស្រាប់តែ​ឈ្មោះ ស៊ឺន គឹមហុង ស្ទុះ​មក​កាប់ ​ឈ្មោះ ហម ពក មួយ​កាំបិត​ខ្វែវ​ត្រូវចំ​កំភួនដៃ​ខាងឆ្វេង​បណ្តាល​ឲ្យ​មាន​របួសស្នាម ភ្លាមនោះ​កម្លាំង​នគរបាល​ប៉ុស្តិ៍ រួមជាមួយ​ប្រជាពលរដ្ឋ បាន​ចូលចាប់​ឃាត់​ឈ្មោះ ស៊ឺន គឹមហុង បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu