Ad Code

វេទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​រាជធានី​នៅ​ខណ្ឌដូនពេញ​ប្រជាពលរដ្ឋ​សុំ​ឲ្យ​កាប់​ដើមឈើ​និង​មាន​វិធានការ​លើ​ការដ្ឋាន​សំណង់​ប៉ះពាល់​ផ្ទះ​ប្រជាពលរដ្ឋ



​ភ្នំពេញ​ ៖ វេទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​ដែល​បាន​ធ្វើឡើង​នៅក្នុង​វិទ្យាស្ថាន​ជាតិ​អប់រំ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ប្រជាពលរដ្ឋ​បាន​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​ជួយ​កាប់​ដើមឈើ ដែល​មាន​សភាព​ទ្រុឌទ្រោម​និង​មាន​វិធានការ​ទៅលើ​ការដ្ឋាន​សំណង់​ដែល​បាន​សាងសង់​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​បណ្តាល​ឲ្យ​ប្រះ​ស្រាំ។ ប៉ុន្តែ​អ្វីដែល​ជា​ការ​ចាប់អារម្មណ៍​ក្នុង​វេទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​នេះ ប្រជាពលរដ្ឋ​មិនបាន​លើកឡើង​ពី​បញ្ហា ចោរកម្ម សន្តិសុខ សណ្តាប់ធ្នាប់​នោះទេ​។



វេទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​រាជធានី​នេះ​បានធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​២៥ ធ្នូ​២០១៨ ក្រោម​អធិបតីភាព​លោក​ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោក​សូ ម៉ា​រ៉ា ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខណ្ឌដូនពេញ ព្រមទាំង​មានការ​ចូល​រួម​ពី​ប្រជាពលរដ្ឋ​ជាង​៧០០​នាក់​ផងដែរ​។

មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ថា វេទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​រាជធានី​នៅ​ព្រឹក​ថ្ងៃទី​២៥​ធ្នូ​នេះ គឺ​ផ្តោត​សំខាន់​ពាក់ព័ន្ធ​បញ្ហា​៣​ចំណុច ដែល​ទាក់ទង​នឹង​កង្វល់​ផ្ទាល់​របស់​ប្រជាពលរដ្ឋ ក្នុងនោះ​រួមមាន បញ្ហា​សន្តិសុខ សណ្តាប់ធ្នាប់ បញ្ហា​បរិស្ថាន និង​បញ្ហា​អភិវឌ្ឍ​មូលដ្ឋាន​។



លោក​ម៉ប់ សារិន បាន​មានប្រសាសន៍​លើក​ឡើង​ថា ​សម្រាប់​រដ្ឋបាល​រាជធានី​ភ្នំពេញ ការចូលរួម​មតិយោបល់ និង​លើកឡើង​នូវ​សំណើ សំណួរ សំណូមពរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ ពិតជា​បាន​នាំមក​នូវ​សក្តានុពល​យ៉ាង​ធំធេង និង​បានធ្វើ​ឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ ឆ្លុះបញ្ចាំង​នូវ​ចំណុច​អសកម្ម​នានា​ពេល​កន្លង​មក ដើម្បីអោយ​រដ្ឋបាល​រាជធានី​ធ្វើការ​កែលម្អ​ឡើងវិញ និង​អភិវឌ្ឍន៍​ក្នុង​មូលដ្ឋាន​ឲ្យ​បាន​ល្អ​ប្រសើរ និង​ស្វែងរក​នូវ​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​មាន​តម្លាភាព និង​មាន​ប្រសិទ្ធភាព​ក្នុងនាម​ជា​តំណាង​រដ្ឋបាល​សាធារណៈ​។​

លោក​បន្ត​ថា វាទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​រាជធានី​ត្រូវ​បាន​ធ្វើឡើង​ក្នុង​១​ឆ្នាំ​ម្តង សម្រាប់​មួយ​ខណ្ឌៗ មានន័យថា ទាំង​១២​ខណ្ឌ​ចំណុះ​ឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​និង​ធ្វើឡើង​ចំនួន​១២​ដង ស្រប​ពេល​ដែល​ឆ្នាំ​២០១៨​នេះ​ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​បើក​វេទិកា​បាន​ចំនួន​១១​ខណ្ឌ​រួច​មក​ហើយ នេះ​ជា​ខណ្ឌ​ទី​១២​ហើយ ជា​ខណ្ឌ​ចុងបញ្ចប់​ផងដែរ​។

លោក​បញ្ជាក់​ប្រាប់​ប្រជាពលរដ្ឋ​ថា អ្វី​ដែល​ចាំបាច់​ត្រូវតែ​លើកឡើង ដើម្បី​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​ជូន ព្រោះ​វេទិកា​នេះ ក្នុង​មួយឆ្នាំ​មានតែ​ម្តង​។ លោក​ឃួ​ង ស្រេង បាន​មានប្រសាសន៍​លើក​ឡើង​ថា ការ​ដោះស្រាយ​រាល់​កង្វល់ សំណូមពរ​ប្រជាពលរដ្ឋ គឺ​ពិតជា​ដោះស្រាយ​មិន​ងាយ​នឹង​អស់​ទេ ពោល​គឺ​តែងតែ​កើតមាន ដូច​យើង​រៀន​អញ្ចឹង​ដែរ គឹ​រៀន​មិន​ចេះ​បញ្ចប់​នោះទេ ដូច្នេះ​ទេ​ក្នុងនាម​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​យើង​ត្រូវ​រួមគ្នា​ដើម្បី​ដោះស្រាយ​រាល់​បញ្ហា​ប្រឈម​ដែល​ប្រជាពលរដ្ឋ​លើកឡើង​។

លោក​ឃួ​ង ស្រេង​បាន​បន្ត​ថា វេទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​ខាងលើ​នេះ មាន​សំណួរ​សំណូមពរ​ផ្ទាល់មាត់​ចំនួន​៥​នាក់​និង លាយ​លក្ខ​អក្សរ​ចំនួន​៥៩​បញ្ហា ដែល​នាំ​ឲ្យ​រដ្ឋបាល​រាជធានី មើលឃើញ​ពី​ចំណុច​ខ្វះខាត ដើម្បី​បន្ត​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ។ ក្នុងនាម​ជា​តំណាង​ប្រជាពលរដ្ឋ យើង​ត្រូវ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ដោយមាន​តម្លាភាព។

ក្រៅ​ពី​នេះ លោក​អភិបាល​រាជធានី​ភ្នំពេញ​ក៏បាន​ជំរុញ​ឲ្យ​លោក​អភិបាល​ខណ្ឌដូនពេញ​ត្រូវតែ​ចុះទៅ​មើល​ភ្លាមៗ បើ​មាន​បណ្តឹង​ប្រជាពលរដ្ឋ ពោល​គឺ​បើ​រឿង​សំណង់​ត្រូវ​ហៅ​អ្នកជំនាញ​ទៅ​ពិនិត្យ បើ​ពិនិត្យ​ឃើញ​ថា ប្រជាជន​ត្រូវ យើង​ត្រូវ​ឃាត់​សំណង់​ទាំងនោះ។ កុំ​បិទ​ភ្នែក ព្រោះ​នេះ​ជា​កិច្ច​ការងារ​របស់​យើង ដែល​ត្រូវតែ​ធ្វើ​ជូន​ពួកគាត់​។



ជុំវិញ​បញ្ហា​សំរាម​វិញ លោក​អភិបាល​រាជធានី​ភ្នំពេញ​ក៏បាន​លើកឡើង​ដែរ​ថា ចាប់ពី​ចូល​ឆ្នាំ​ថ្មី​នេះ​ទៅ រដ្ឋបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​អន្តរក្រសួង​អាច​នឹងមាន​វិធានការ​ម៉ឺងម៉ាត់​បំផុត​ជាមួយនឹង​អ្នក​ចោល​សំរាម​ផ្ដេសផ្ដាស​នៅ​តាម​ទី​សាធារណៈ​។

លោក​បន្ត​ថា ផុត​ចូល​ឆ្នាំនេះ​យើង​ក៏​នឹង​ទៅ​ប្រទេស​ចិន ដើម្បី​សូម​ការ​ជួយ​ពី​ចិន លើ​ការងារ​ប្រមូល​សំរាម​នេះ តាម​រយៈ​ការ​សុំ​រថយន្ត​សំអាត​សំរាម​។

ពាក់ព័ន្ធ​នឹង​រឿង អគ្គិសនី លោក​អភិបាល​ក៏បាន​បញ្ជាក់​បន្ថែម​ថា អគ្គិសនី​សម្រាប់​ផ្គត់ផ្គង់​អាជីវកម្ម​ធុន​តូច នៅ​តាម​ផ្សារ​គឺ​មាន​តម្លៃ​៧៤០​រៀល​ក្នុង​មួយ​គីឡូ​វ៉ាត់ តែ​សម្រាប់​អគ្គិសនី​ផ្គត់ផ្គង់​ឲ្យ​ប្រជាពលរដ្ឋ​នៅ​តាម​ផ្ទះ​មានតម្លៃ​៤៨០​រៀល​ក្នុង​មួយ​គីឡូ​វ៉ាត់ នេះ​ជា​កាដូ​ថ្មី​មួយទៀត​របស់​សម្តេច​តេ​ជោ​ជូន​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​។

លោក​បញ្ជាក់​ថា អ្នកម៉ៅការ​ធំ​ពី​អគ្គិសនី​កម្ពុជា ត្រូវ​ប្រញាប់​ទំនាក់ទំនង​ជាមួយ​អគ្គិសនី​កម្ពុជា​ដើម្បីអោយ​ខាង​អគ្គិសនី​កម្ពុជា​ជួយ​សម្រាល​លើ​ការងារ​នេះ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu