ភ្នំពេញ ៖ លោកពេជ្រ កែវមុនី អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យបានប្រជុំដាក់ផែនការណ៍ដល់បណ្តាសង្កាត់ទាំង៧ឲ្យចុះពិនិត្យរដ្ឋបាលជាប្រចាំដើម្បីទប់ស្កាត់កុំឲ្យមានមុខសញ្ញាឧក្រិដ្ឋជនមកលបលួចធ្វើសកម្មភាពបទល្មើសផ្សេងៗមកលើប្រជាពលរដ្ឋ។
ហើយជាលទ្ធផលគឺកម្លាំងគណៈបញ្ជាការឯកភាពតាមបណ្តាសង្កាត់ បានចុះទៅពិនិត្យរដ្ឋបាលនៅតាមបណ្តាផ្ទះជួលនិងដីឡូត៍ដែលមិនមានម្ចាស់ស្នាក់នៅដោយរកឃើញក្រុមក្មេងអាវាសែដែលរត់ចោលផ្ទះមកពួនសំងំស្នាក់នៅប្រមូលគ្នាដើម្បីឆ្លៀតឱកាសធ្វើសកម្មភាពចោរកម្មដែលប្រជាពលរដ្ឋកំពុងភ័យខ្លាចនោះ។
លោកពេជ្រ កែវមុនី បានមានប្រសាសន៍ថា ការដាក់ផែនការណ៍ដល់បណ្តាសង្កាត់ឲ្យចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំពិសេសនៅទីតាំងផ្ទះជួលនិងដីឡូត៍ទំនេរ ដែលគ្មានម្ចាស់រស់នៅគឺអាជ្ញាធរបានចាប់ឃាត់ខ្លួននិងប្រគល់ឲ្យកម្លាំងនគរបាលធ្វើការត្រួតពិនិត្យទឹកនោមគឺសុទ្ធសឹងជាមានសារជាតិញៀនគ្រប់គ្នាហើយក្នុងនោះនគរបាលក៏បានចាត់ការទៅតាមនីតិវិធីដោយពុំបានដោះលែងឡើយ។ ព្រោះថា ក្រុមក្មេងអាវាសែនេះបានគេចវេសមិនចូលផ្ទះសម្បែងដែលធ្វើឲ្យឪពុកម្តាយដេកកើតទុក្ខព្រោះតែកូនធុននេះហើយបើយើងមិនយកទៅអប់រំទាន់ពេលទេក្រុមនេះនិងដើរបង្កបញ្ហាលំបាកដល់សង្គមទៀតផង។
គួរបញ្ជាក់ថា ការដាក់កម្លាំងចុះពិនិត្យរដ្ឋបាលតាមតំបន់ស្មុកស្មាញរបស់លោកអភិបាលខណ្ឌមានជ័យធ្វើឲ្យប្រជាពលរដ្ឋលោកសប្បាយចិត្តនិងមានទំនុកចិត្តមកលើ អាជ្ញាធរដែលខិតខំបោសសំអាតក្មេងពាលាអាវាសែនេះឲ្យងាកទៅរកផ្លូវល្អខណៈពេលដែលអាណាព្យាបាលលោកអស់លទ្ធភាពនិងអប់រំកូនរបស់ខ្លួនឲ្យបានល្អដូចកូនអ្នកដទៃ។ ហើយការចាប់ប្រមូលក្មេងទាំងនេះទៅអប់រំឲ្យបានដើរផ្លូវល្អវិញនោះគឺបានបុណ្យច្រើនណាស់៕
Source: Kampuchea Thmey Daily
0 Comments