Ad Code

រដ្ឋបាល​ខេត្ត​ ប្រារព្ធ​ពិធី​អបអរសាទរ​ទិវា​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​១២​ធ្នូ ឆ្នាំ​២០១៨



ព្រៃវែង ៖ នៅ​ព្រឹក​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៨ បានរៀបចំ​ពិធី​អបអរសាទរ​ទិវា​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ១២​ធ្នូ ឆ្នាំ​២០១៨​ ក្រោម​អធិបតីភាព ​ឯកឧត្ដម ជា សុ​មេធី អភិបាលខេត្ត​ព្រៃវែង និង​មានការ​អញ្ជើញ​ចូលរួម​មន្ទីរ​អង្គភាព​នានា​ជុំវិញ​ខេត្ត សិស្សានុសិស្ស​ចំនួន​២១៤​នាក់​។​

លោកជំទាវ លៀង ស្រី​ម៉ុ​ល ប្រធាន​លេខាធិការដ្ឋាន​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​បានឲ្យ​ដឹងថា​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ការធ្វើ​អាជីវកម្ម​ផ្លូវភេទ​ គឺជា​បរិបទ​សាកល ដែល​នៅតែ​បន្ត​កើតមាន​អាស្រ័យ​កត្តា​ចំនួន បី គឺ ការអប់រំ​សង្គម ការអនុវត្ត​ច្បាប់ និង​ការ​ឆក់​ឱកាស​ពី​ជនល្មើស​។ រូបភាព​ នៃ​អំពើ​ជួញដូរ​មនុស្ស មិន​ត្រឹមតែ​ជាការ​ជួញដូរ ឬ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម និង​ផ្លូវ​ភេទ​ប៉ុណ្ណោះ​ទេ​ តែ​ក្នុង​ឆ្នាំ​កន្លងទៅ​ ក៏មាន​លេចចេញ​នូវ​បាតុភាព​មួយចំនួន ដែលមាន​ទំនោរ​ទៅ​អំពើ​ជួញដូរ​សរីរាង្គ និង​បទល្មើស​រត់ពន្ធ ឬ​ជួញដូរ​ទារក​ឆ្លងដែន ដែល​ហៅថា បទ​អន្តរការី​ នៃ​អំពើ​ពពោះ​ជំនួស​។ នេះ​ជា​កង្វល់​ដែល​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ចាំបាច់​ ត្រូវដាក់​វិធានការ​ស៊ើប​អង្កេត ស្រាវជ្រាវ និង​បង្ក្រាប​ឲ្យ​បាន​ទាន់ពេលវេលា និង​បាន​កសាង​ច្បាប់ បទដ្ឋាន​គតិយុត្តិ​ពាក់ព័ន្ធ​បន្ថែមទៀត ដើម្បី​ជៀសវាង​ការ​ដុះដាល ​នៃ​បទល្មើស​ដែល​នាំ​ឲ្យ​បង្ក​គ្រោះថ្នាក់​កាន់តែច្រើន​ឡើង​ដល់​ជីវិត​មនុស្ស​។​

លោកជំទាវ​បាន​បន្តទៀតថា គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​មាន​គោលបំណង​ធ្វើការ​ផ្សព្វផ្សាយ​តាម​សាលារៀន​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ចំពោះ​ល្បិចកល​របស់​ជន​ឆបោក​។

សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ធ្វើការ​ចំណាកស្រុក​ឲ្យ​គាត់​ចេះ​ការពារ​ខ្លួន បើ​ករណី​នេះ​កើតឡើង​ត្រូវ​ចេះ​រាយការណ៍​ទៅ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ឲ្យ​បាន​ទាន់ពេលវេលា​។​

ឯកឧត្ដម ជា សុ​មេធី អភិបាលខេត្ត​បាន​ថ្លែង​ការ​កោតសរសើរ​ចំពោះ​គ្រប់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ថ្នាក់ដឹកនាំ និង​មន្ត្រី​គ្រប់លំដាប់​ថ្នាក់​មាន ឃុំ សង្កាត់ ក្រុង ស្រុក និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ ព្រមទាំង​វិស័យ​ឯកជន​នានា ដែល​តែងតែ​ខិតខំ​ប្រឹងប្រែង​រួមគ្នា​ជម្នះ​ដោះស្រាយ​បញ្ហា​ចំពោះមុខ ដោយ​មិន​ខ្លាច​នឿយហត់ ពុះពារ​ប្រឆាំង​ដាច់ខាត​ទៅ​និង​សកម្មភាព​របស់​ឧក្រិដ្ឋជន ស្រប​ទៅ​តាម​ទិសដៅ ​នៃ​គោលនយោបាយ​ជាតិ​។

ឯកឧត្ដម​បាន​បន្ថែមទៀតថា រាជរដ្ឋាភិបាល​កម្ពុជា បាន​និង​កំពុង​រិះរក​គ្រប់​វិធានការ និង​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នានា ដើម្បី​ការពារ​ប្រជាពលរដ្ឋ​ពីបទ​ល្មើស​ដ៏​ស្មុគស្មាញ​នេះ គណៈកម្មាធិការ​ខេត្ត​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស បាននិងកំពុង​ជំរុញ​អនុវត្ត​យុទ្ធសាស្ត្រ​ទាំង​បួន​របស់​ផែនការ​ជាតិ ដែលមាន​ជាអាទិ៍ ការងារ​បង្ការ​ទប់ស្កាត់ កិច្ចការពារ​ជនរងគ្រោះ ការពង្រឹង​ការអនុវត្ត​ច្បាប់ និង​ការពង្រឹង​កិច្ចសហការ​ដើម្បី​រួមចំណែក​ធានា​បាន​” គ្មាន​អំពើ​ជួយ​ដូរ​មនុស្ស​នៅ​កម្ពុជា​”​។​

ឆ្លៀត​នៅក្នុង​ឱកាស​នោះដែ ​ឯកឧត្ដម ​ក៏​សូម​ផ្ដាំផ្ញើ​ដល់​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស​ត្រូវខិតខំ​អនុវត្ត​បន្តទៀត​ ដើម្បី​កាត់បន្ថយ​ករណី​ជួញដូរ​មនុស្ស និង​វែកមុខ​សញ្ញា​ណា​ជន​ខិលខូច មេខ្យល់​យកមក​ផ្ដន្ទាទោស​ទៅតាម​ច្បាប់​។ និង​សូម​ដាស់តឿន​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ សូម​កុំ​ប្រកាន់យក​អំពើ​ពពោះ​ជំនួស​ជា​មធ្យោបាយ​ក្នុង​ការ​ដោះស្រាយ​ជីវភាព ព្រោះ​ជា​អំពើ​អមនុស្សធម៌ ជា​អំពើ​បាប និង​ជា​បទល្មើស​។ គ្រួសារ និង​ស្ត្រី​ក្រីក្រ​ជា​ច្រើន​បាន​ព្យាយាម​ប្រឹងប្រែង​រក​មធ្យោបាយ ដើម្បី​ដោះស្រាយ​ជីវភាព​ខ្លួន និង​ចិញ្ចឹម​កូន ទោះជា​លំបាក​យ៉ាងណា​ក៏ដោយ តែ​មិន​បាន​យក​ជម្រើស​លក់ ឬ​បោះបង់​កូន​ខ្លួន​បាន​ពពោះ ដើម្បី​ដោះស្រាយ​ការ​លំបាក់​របស់ខ្លួន​ឡើយ៕​




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu