ភ្នំពេញ ៖ មិនខុសពីការព្រមាននាពេលកន្លងមកនោះទេ គឺនៅទីបំផុតតារាចម្រៀងប្រុស លោក ម៉ៃ សុគន្ធ បានប្រកាសចេញមុខប្តឹងលើម្ចាស់Account Facebook ឈ្មោះ Vutha FCជាផ្លូវការហើយបន្ទាប់ពីបុគ្គលរូបនេះបានផ្ញើសារគំរាមកំហែង និងជេរប្រមាថជាសាធារណៈនៅលើបណ្តាញសង្គមហ្វេសប៊ុកកាលពីថ្មីៗកន្លងមកនោះ។ ករណីនេះត្រូវបានសាមីខ្លួន លោក ម៉ៃ សុគន្ធ សម្រេចប្តឹងចំនួន២ករណី។
យោងតាមពាក្យបណ្ដឹងរបស់តារាចម្រៀង លោក ម៉ៃ សុគន្ធ ដែលបានទម្លាយជាសាធារណៈនៅលើបណ្តាញសង្គមនាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ បានរៀបរាប់ថា កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨កន្លងមកនេះ មានគណនីហ្វេសប៊ុក ឈ្មោះ Vutha FC បានចូលមកបញ្ចេញមតិ(Comment ) ដោយជេរប្រមាថមកលើខ្លួនតាមរយៈបណ្តាញសង្គមហ្វេសប៊ុកជាសាធារណៈហើយព្រមទាំងផ្ញើសារតាមឆាតមកគំរាមកំហែងដល់សុវត្ថិភាពផ្ទាល់ខ្លួនទៀតផង។
នៅក្នុងពាក្យបណ្ដឹងរបស់ លោក ម៉ៃ សុគន្ធ ដែលប្តឹងទៅកាន់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃបានបញ្ជាក់ថា ខ្លួនមិនដែលស្គាល់គណនីហ្វេសប៊ុក ឈ្មោះ Vutha FCពីមុនទេ។
លោកពិតជាមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុវត្ថិភាពផ្ទាល់ខ្លួន ព្រោះបើតាមមើលនៅលើគណនីហ្វេសប៊ុករបស់ជននេះ គឺមានបក្សពួកជាច្រើនដែលមើលទៅគួរឲ្យព្រួយបារម្ភ។
តាមរយៈពាក្យបណ្ដឹងដដែលនេះ លោក ម៉ៃ សុគន្ធ បានលើកឡើងថា ហេតុនេះហើយលោកសូមសំណូមពរដល់សមត្ថកិច្ច មេត្តាជួយស្រាវជ្រាវរកម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ Vutha FCខាងលើនេះមកចាត់ការតាមនីតិវិធីច្បាប់។
បន្ថែមពីលើនេះ តារាប្រុស លោក ម៉ៃ សុគន្ធ ក៏បានសរសេរបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួន ដោយភ្ជាប់ជាមួយពាក្យបណ្ដឹងនោះមកថា ប្តឹងអ្នកឯងម្តងកុំឲ្យចេះតែដើរជេរប្រមាថតាមតែក្បាលវ៉ាល់ចិត្ត ៖ ១-ជេរប្រមាថជាសាធារណៈ និង២-ឆាតគំរាមកំហែង …។ ខ្ញុំបាទពិតជាបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួនពិតមែនពីបុគ្គលម្នាក់នេះ និងបក្សពួក។
តារាចម្រៀង លោក ម៉ៃ សុគន្ធ នៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ បានបញ្ជាក់បន្ថែមពីការប្តឹងនេះថា កត្តាដែលធ្វើឲ្យលោកខឹងរហូតឈានដល់ការប្តឹងនោះ គឺដោយសារបុគ្គលរូបនេះមានចារឹកផ្គើនខ្លាំងខុសពីអ្នកមុនៗ។ ម្យ៉ាងទៀត មិនត្រឹមតែចូលទៅComment ជេរជាសាធារណៈនៅលើបណ្តាញសង្គមហ្វេសប៊ុកនោះទេ គឺម្ចាស់Account Facebook ឈ្មោះ Vutha FC រូបនេះថែមទាំងផ្ញើសារតាមឆាតហ្វេសប៊ុកមកគំរាមទៀតផង ដូច្នេះហើយករណីនេះមានតែច្បាប់ទេជាអ្នកដោះស្រាយផ្តល់យុត្តិធម៌៕
Source: Kampuchea Thmey Daily
0 Comments