ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលបានជំរុញឲ្យអាជ្ញាធររាជធានីខេត្តបង្កើតគណៈកម្មាការសម្របសម្រួលឃុំសង្កាត់ ដើម្បីទប់ស្កាត់ការរីករាលដាលគ្រឿងញៀននៅតាមសហគមន៍។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណ ឌីនទីប្រឹក្សាក្រសួងសុខាភិបាល និង ជាអគ្គនាយកបច្ចេកទេសសុខាភិបាលបានអំពាវនាវដល់អាជ្ញាធររាជធានីខេត្តចំនួន៧ ដែលនៅសេសសល់ត្រូវរួសរាន់បង្កើតគណៈកម្មាការសម្របសម្រួលឃុំសង្កាត់ឲ្យបានឆាប់ ដើម្បីទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀននៅតំបន់ជនបទឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណ ឌីន បានមានប្រសាសន៍ថា គណៈកម្មាការសម្របសម្រួលឃុំ-សង្កាត់នេះ មានសារៈសំខាន់ណាស់ក្នុងការជួយបញ្ជូនអ្នកញៀនគ្រឿងញៀនទៅទទួលសេវាព្យាបាលថែទាំ នៅមណ្ឌលសុខភាព ឬ មណ្ឌលបណ្តោះអាសន្នពិសេសជួយកាត់បន្ថយការវិលត្រឡប់ទៅប្រើប្រាស់គ្រឿងញៀនវិញនៅតាមសហគមន៍ផងដែរ។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណ ឌីនសង្ឃឹមថា តាមរយៈគណៈកម្មាការនេះនឹងអាចចូលរួមលុបបំបាត់បញ្ហាគ្រឿងញៀន នៅតាមសហគមន៍ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀតដើម្បីឆ្លើយតបទៅនឹងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់របស់រាជរដ្ឋាភិបាល។
លោក វេជ្ជបណ្ឌិត ឈិត សុផល ប្រធាននាយកដ្ឋានសុខភាពផ្លូវចិត្តនិងការបំពានគ្រឿងញៀនធ្លាប់បានលើកឡើងថា គណៈកម្មាការសម្របសម្រួលឃុំសង្កាត់នេះ មានសមាសភាពមកពីមេឃុំ ប្រធានមណ្ឌលសុខភាព មេភូមិមេប៉ុស្តិ៍ ផ្នែកកិច្ចការនារី អាចារ្យវត្ត មន្ទីរទេសចរណ៍និងគ្រូបង្រៀនដោយមានភារកិច្ចតាមដានត្រួតពិនិត្យនិងវាយតំលៃអ្នកញៀនគ្រឿងញៀន ផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀននៅតាមសហគមន៍និងចុះទៅព្យាបាលដល់អ្នកញៀនគ្រឿងញៀននៅតាមផ្ទះផងដែរ។
លោកវេជ្ជបណ្ឌិត កែ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀងបានគាំទ្រឲ្យមានគណៈកម្មាការនេះ ព្រោះបានជួយកាត់បន្ថយការកកស្ទះ ឬ ចង្អៀតនៅក្នុងមណ្ឌលបណ្តោះអាសន្នដែលមានអ្នកញៀនគ្រឿងញៀនយ៉ាងច្រើន។ លោកវេជ្ជបណ្ឌិតបានបន្តថា បច្ចុប្បន្ននេះនៅខេត្តស្វាយរៀងមានមន្ទីរពេទ្យនិងមណ្ឌលសុខភាពជាង១០កន្លែងផ្តល់សេវាព្យាបាលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនដូចជាព្យាបាលទៅលើជំងឺផ្លូវចិត្ត ជំងឺសរសៃប្រសាទនិងអប់រំទាក់ទិននឹងផលវិបាកនៃការប្រប្រើប្រាស់គ្រឿងញៀនជាដើម។
គួរបញ្ជាក់ថា បច្ចុប្បន្ននៅទូទាំងប្រទេសកម្ពុជាមានមណ្ឌលបណ្ដោះអាសន្នរបស់រដ្ឋ និងឯកជនមានចំនួន១៦កន្លែង សម្រាប់ព្យាបាលអ្នកញៀនគ្រឿងញៀន។ ចំណែកក្រសួងសុខាភិបាលបានពង្រីកសេវាព្យាបាលជំងឺផ្លូវចិត្តនិងការបំពានគ្រឿងញៀននៅក្នុងមូលដ្ឋានចំនួន ៤១៩កន្លែងតាមបណ្តារាជធានីខេត្តនានាក្នុងប្រទេស៕
Source: Kampuchea Thmey Daily
0 Comments