Ad Code

ក្រុម​ណាហ្គា​វើ​ល ដាក់​ផែនការ​ទៅ​ប្រកួត​មិត្តភាព​កម្តៅ​សាច់ដុំ​នៅ​ប្រទេស​ថៃ​មុន​ចូលរួម​ប្រកួត​ពាន​AFC Cup 2019



ក្នុងនាម​ជា​ម្ចាស់​ជើងឯក​នៃ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2018) ក្លិប​ណាហ្គា​វើ​ល បាន​ចាប់ឆ្នោត​ស្ថិតនៅ​ពូ​ល F ជាមួយ​ក្រុម​ខ្លាំង​ដល់​ទៅ​៣​ពី​តំបន់​អាស៊ាន​ផ្សេង ទៀត​សម្រាប់​ការប្រកួត​ក្នុង​ពានរង្វាន់​កម្រិត​ទី​២​ប្រចាំ​ទ្វីបអាស៊ី គឺ​AFC Cup 2019 ខណៈ​ក្រុម​មួយ​នេះ​បានដាក់​ផែនការ​ចេញទៅ​ប្រកួត​មិត្តភាព​កម្តៅ​សាច់ដុំ​ដកស្រង់​បច្ចេកទេស​នៅ​ប្រទេស​ថៃ មុន​ព្រឹត្តិការណ៍​នេះ​មកដល់​។

បើ​តាម​ផែនការ​របស់​ក្លិប​គឺ​លោក មាស ចាន់ណា ដែល​ជា​គ្រូបង្វឹក​នឹង​ដឹកនាំ​កីឡាករ​ទាំង​ខ្មែរ​និង​បរទេស​ដែល​កំពុង​ធ្វើតេស្ត​សមត្ថភាព​ទៅ​ប្រទេស​ថៃ ចាប់ពី​ថ្ងៃទី​៨​ដល់​១៥ ខែមករា ឆ្នាំ​២០១៨ ខាងមុខ ពោលគឺ​ត្រៀម​ប្រកួត​មិត្តភាព​៣​ឬ​៤​ប្រកួត​នៅ​ទីនោះ​។ ចំណែក​ក្រុម​របស់​ម្ចាស់ផ្ទះ​ដែល​បាន​ណាត់​ប្រកួត​ជាមួយ​ណាហ្គា​វើ​ល មាន​ដូច​ជា​Trat F.C, BG Pathum United F.C​និង​ក្រុម​សាកលវិទ្យាល័យ​មួយទៀត​។



សូម​បញ្ជាក់​ថា ​យោង​តាម​ការ​ចាប់​ឆ្នោត​ដែល​បានធ្វើ​នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី ថ្មីៗ​នេះ​សង្កេតឃើញ​ថា ​ក្រុម​ណាហ្គា​វើ​ល ស្ថិតនៅ​ពូ​ល F ជាមួយ​ក្រុម Hanoi FC (​ម្ចាស់​ជើងឯក​លី​គ​កំពូល​វៀតណាម​) ក្រុម​Tampines Rovers ( ជើងឯក​រង​លី​គ​កំពូល​សិង្ហ​បុរី ) និង Yangon United ( ជើងឯក​លី​គ​កំពូល​មី​យ៉ាន់​ម៉ា​) ឬ Zwekapin United ក្រុម​លេខ​៣​នៅ​លី​គ​មី​យ៉ាន់​ម៉ា​ដូចគ្នា​។

តាម​គម្រោងការ​ប្រកួត​នឹង​ចាប់ផ្ដើម​នា​ខែ កុម្ភៈ ដើមឆ្នាំ​ក្រោយ​តាម​រូបមន្ត​វិល​ជុំ​សន្សំ​ពិន្ទុ សរុប​ស្មើ​៦​ប្រកួត (​ក្នុង​ដី​និង​ក្រៅ​ដី​) ដើម្បី​យក​តែ​មួយ​ក្រុម​ឡើង​ទៅ​វគ្គ​បន្ត ដោយ​គ្រោង​នឹង​បញ្ចប់​ការប្រកួត​ទាំងមូល​នៅ​ដើមខែ​តុលា ឆ្នាំ​២០១៩​។ នេះ​ជា​ឆ្នាំ​ទី​១ សម្រាប់​ណាហ្គា​វើ​ល ក្នុងការ​ប្រកួត​នៅ​វគ្គ​បែងចែក​ពូ​ល​បន្ទាប់ពី​បាន​ក្លាយជា​ម្ចាស់​ជើងឯក​លី​គ​កំពូល​កម្ពុជា ឆ្នាំ​២០១៨ ខណៈ​កាលពី​ឆ្នាំ​២០១៧ ធ្លាប់បាន​ចូលរួម​ប្រកួត​ម្តង​តែ​ត្រូវ​ប្រកួត​ជម្រុះ​នៅ​វគ្គ​ជម្រុះ​បឋម​។



ងាក​ទៅ​មើល​ប្រ​វត្ត​សាស្ត្រ​វិញ​ក្រុម​ណាហ្គា​វើ​ល ធ្លាប់​ឈ្នះ​ជើងឯក​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា ចំនួន​២​លើក​ដែរ​គឺ​នៅ​ឆ្នាំ​២០០៧​និង​២០០៩​។ គិត​ត្រឹម​ដឹកនាំ​ក្រុម​ណាហ្គា​វើ​ល ពី​ឆ្នាំ​២០១៥ មក​លោក មាស ចាន់ណា តែងតែ​បង្ហាញថា​ក្រុម​ខ្លួន​ជា​បេក្ខជន​មួយ​ដែល​មិនអាច​រំលង​បាន​ក្នុង​ការ​ប្រជែង​យក​ជើងឯក​។ ជាក់ស្តែង​គឺ​ឆ្នាំ​២០១៥ ទទួល​បាន​ជើងឯក​រង​លី​គ​កំពូល​កម្ពុជា ក្រោយ​ចាញ់​បឹងកេត នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ដោយ​បាល់​ប៉េ​ណាំង​ទី​កាត់សេចក្តី​៣​ទល់​២ និង​ជើងឯក​រង​ពានរង្វាន់​សម្តេច​តេ​ជោ ក្រោយ​ចាញ់​ព្រះខ័ន​រាជ​ស្វាយរៀង​។ ឆ្នាំ​២០១៦ ណាហ្គា​វើ​ល ឈរ​ចំណាត់ថ្នាក់​លេខ​៣​ព្រមទាំង​មានឱកាស​ទៅលេង​វគ្គ​ជម្រុះ​បឋម​នៃ​ពានរង្វាន់ AFC Cup 2017 ផងដែរ​។ ឆ្នាំ​២០១៧ ណាហ្គា​វើ​ល បាន​ត្រឹម​លេខ​៣​ក្រោយ​ចាញ់​ក្រសួងការពារជាតិ នៅ​វគ្គ​ជម្រុះ​លី​គ​កំពូល​កម្ពុជា ខណៈ​ពានរង្វាន់​សម្តេច​តេ​ជោ ក្រុម​នេះ​បាន​ត្រឹម​ជើងឯក​រង​ក្រោយ​ចាញ់​ព្រះខ័ន​រាជ​ស្វាយរៀង នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu