ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់ថា វិមាន ឈ្នះ ឈ្នះ គឺតំណាងឲ្យកម្ពុជាមានសុខសន្តិភាពនិងឈ្នះជានិច្ចនិរន្តរ៍។ សម្តេចក៏បានអំពាវនាវដល់ជនរួមជាតិនិងភ្ញៀវទេសចរអន្តរជាតិចូលរួមក្នុងពិធីសម្ពោធវិមានឈ្នះឈ្នះ ដែលនឹងប្រារព្ធធ្វើនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ (រយៈពេល៣ថ្ងៃ)នៅមហាវិថី ឈ្នះ ឈ្នះ ទល់មុខពហុកីឡដ្ឋានជាតិអូឡាំពិកថ្មីនៅតំបន់អភិវឌ្ឍន៍លីយ៉ុងផាត់។
នៅព្រឹកថ្ងៃទី២៥ខែធ្នូនេះ សម្តេចតេជោ បានសរសេរនៅក្នុងផេកផ្លូវការរបស់សម្តេចថាកម្ពុជាអបអរសាទរចំពោះសមិទ្ធផលប្រវត្តិសាស្ត្រនៃវិមាន ឈ្នះ ឈ្នះ ដែលត្រូវបានកសាងរួចស្រេចជាស្ថាពរនៅលើទឹកដីសុវណ្ណភូមិ ។ វិមាន ឈ្នះ ឈ្នះ គឺជាតំណាងនៃការបង្រួបបង្រួមជាតិ ឯករាជ្យជាតិ សាមគ្គីភាព បូរណភាពទឹកដី វឌ្ឍនភាពនិងវិបុលភាពនៃកម្ពុជាទាំងមូល។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានបន្តថា វិមាន ឈ្នះ ឈ្នះ គឺបញ្ជាក់ច្បាស់ថា កម្ពុជាបានរួបរួមគ្នាជាធ្លុងមួយ ឈ្នះរួចផុតពីសង្គ្រាម ឈ្នះរួចផុតពីរបបប្រល័យពូជសាសន៍ ឈ្នះរួចផុតពីការបែងចែកទឹកដីតំបន់ត្រួតត្រា ឈ្នះរួចផុតពីភាពក្រីក្រ និង ឈ្នះរួចផុតពីការអុចអាលដោយបរទេស ដែលពេលនេះកម្ពុជាកំពុងដឹកនាំអនាគតវាសនាប្រទេសជាតិឆ្ពោះទៅរកភាពរុងរឿងនៅក្នុងសន្តិភាពដ៏យូរអង្វែងនេះតទៅ។ វិមានឈ្នះឈ្នះគឺតំណាងអោយកម្ពុជាមានសុខសន្តិភាពនិងឈ្នះជានិច្ចនិរន្តរ៍។
បើយោងតាមកម្មវិធីប្រមុខរាជរដ្ឋាភិបាលកម្ពុជានឹងអញ្ជើញសម្ពោធវិមាន ឈ្នះ ឈ្នះនៅព្រឹកថ្ងៃទី២៩ ខែធ្នូ នៅក្នុងរយៈពេល៣ថ្ងៃពីថ្ងៃទី២៩ ដល់ ថ្ងៃ៣១ ធ្នូ ប្រមុខរាជរដ្ឋាភិបាលមានវត្តមាននៅទីនោះ ដោយមានកម្មវិធីប្រកួតវាយហ្គោលពានរង្វាន់នយោបាយ ឈ្នះ ឈ្នះ និង ថ្ងៃចុងក្រោយគឺសម្តេចចូលរួមពីធី ឆ្លងឆ្នាំនៅទីនោះតែម្តង។
នាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងការពារជាតិបានឲ្យដឹងនៅព្រឹកថ្ងៃទី២៥ខែធ្នូនេះថា សម្រាប់ពិធីសម្ពោធវិមានប្រវត្តិសាស្ត្រនេះភ្ញៀវអន្តរជាតិដែលនឹងអញ្ជើញចូលរួមមានឧត្តមសេនីយ៍ទោ Ci Guowei អគ្គនាយកអគ្គនាយកដ្ឋានសហប្រតិបត្តិការយោធាអន្តរជាតិ គណៈកម្មាធិការយោធាមជ្ឈិមចិន,នាយឧត្តមសេនីយ៍ ង៉ូ ស៊ុនលិច្ស រដ្ឋមន្ត្រីការពារប្រទេសវៀតណាម, ឧត្តមសេនីយ៍ឯក ចាន់ សាម៉ន ចាន់ញ៉ាឡាត់ រដ្ឋមន្ត្រីការពារប្រទេសឡាវនិងនាយឧត្តមសេនីយ៍ Prawit Wongsuwon ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិថៃនឹងដឹកនាំគណៈប្រតិភូមកអញ្ជើញ ចូលរួមសម្ពោធវិមានឈ្នះ ឈ្នះផងដែរ។
សូមជំរាបថា វិមាន ឈ្នះ ឈ្នះ នេះបានចាប់ផ្តើមសាងសង់ឡើងកាលពីខែកុម្ភៈឆ្នាំ២០១៦ ដោយទំហំដី៨ហិចតាស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដើម្បីជានិម្មិតរូបនៃសុខសន្តិភាពដែលកម្ពុជាទទួលបានក្រោយពីបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ ជាច្រើនទសវត្សរ៍កន្លងមក។ ជាងនេះទៀត វិមាននេះនឹងក្លាយជាកេរមរតក សម្រាប់កូនចៅជំនាន់ក្រោយផងដែរ៕
Source: Kampuchea Thmey Daily
0 Comments