Ad Code

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​នឹង​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ទៅកាន់​ប្រទេស​ចិន នៅ​ចុងខែ​មករា



ភ្នំពេញ​ ៖ សម្តេច​តេ​ជោ ហ៊ុន សែន គ្រោង​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ទៅកាន់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​នៅក្នុង​អំឡុង ថ្ងៃទី​២១, ២២ ខែមករា​ខាងមុខនេះ គ្រាន់តែ​បើក​ទំព័រ​ឆ្នាំ​ថ្មី​ឆ្នាំ​២០១៩​ភ្លាម ពោល​តាម​ការ​គ្រោងទុក​តប​តាម​ការ​អញ្ជើញ​របស់​នាយក​រដ្ឋមន្ត្រី​ចិន លោក លី ខឺ​ឈាង។



នៅក្នុង​ជំនួប​សំដែង​ការគួរសម​និង​ពិភាក្សា​ការងារ​រវាង​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​និង​លោក Wang wentian ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​ដែល​ទើប​តែងតាំង​ថ្មី បាន​ពិភាក្សា​ផង​ដែរ​ពាក់​ព័ន្ធដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ទៅកាន់​ប្រទេស​ចិន។



លោក កេ​ត សុផាន់ អ្នក​ពាក្យ​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ឲ្យ​ដឹង​ថា នៅក្នុង​ជំនួប​នា​ព្រឹក​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៨​នេះ​ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង​ឯកអគ្គរដ្ឋទូត​ចិន​បាន​ពិភាក្សា​គ្នា​ច្រើន​លើ​បញ្ហា​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ។ ជាពិសេស​ពិភាក្សា​លើ​ការរៀបចំ​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ទៅកាន់​ប្រទេស​ចិន​នា​ខែក្រោយ​នេះ ធ្វើ​យ៉ាង​ណា​ឲ្យ​ដំណើរ​បំពេញ​ទស្សនកិច្ច​នេះ​ទទួលបាន​ជោគជ័យ​ខ្ពស់​។

លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​គូសបញ្ជាក់​ទៅកាន់​លោក​ឯកអគ្គរដ្ឋទូត​ចិន​ថា ដំណើរ​ទស្សនកិច្ច​រប​ស់ស​ម្តេច​តេ​ជោ ហ៊ុន សែន ទៅកាន់​ប្រទេស​ចិន​គឺជា​វិញ្ញាសា​ដ៏​សំខាន់​មួយ​បញ្ជាក់​ពី​សមត្ថភាព​ការងារ​របស់លោក​ឯក​អគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​ក្នុងនាម​ជា​អ្នកសម្របសម្រួល​។

បើ​តាម​លោក កេ​ត សោ​ផាន់ ដំណើរ​ទស្សនកិច្ច​រប​ស់ស​ម្តេច​តេ​ជោ ហ៊ុន សែន ទៅកាន់​ប្រទេស​ចិន​នេះ នឹង​មាន​កិច្ចព្រមព្រៀង​ក៏ដូចជា​ឯកសារ​មួយចំនួន​នឹង​ត្រូវ​ចុះហត្ថលេខា​ជាមួយគ្នា​ផងដែរ​។

លោក​ឯកអគ្គរដ្ឋទូត​ថ្មី​របស់​ចិន​ក៏បាន​បង្ហាញ​នូវ​ជំហរ​របស់​រដ្ឋាភិបាល​ចិន​ក្នុង​ការ​គាំទ្រ​ចំពោះ​វត្តមាន​សម្តេច​តេ​ជោ ហ៊ុន សែន ក៏ដូចជា​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ការ​ដឹកនាំ​កម្ពុជា​ក៏ដូចជា​នៅក្នុង​សកម្មភាព​ផ្សេងៗ​លើ​ឆាក​អន្តរជាតិ​ផងដែរ​។

បើ​តាម​លោក កេ​ត សោ​ផាន់ បាន​គូស​បញ្ជាក់​ទៀត​ថា ក្នុង​ជំនួប​នោះ​ក្រៅពី​ការពិភាក្សា​លើ​ការងារ​ពង្រឹង​ទំនាក់ទំនង​និង​កិច្ច​សហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង។

លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង​លោក​ឯកអគ្គរដ្ឋទូត​ចិន​ក៏បាន​លើក​អំពី​បញ្ហា​មួយចំនួន​ដែល​នាំ​ឲ្យ​មាន​ភាពល្អក់​កករ​ដល់​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​ផងដែរ ។ ដូចជា​កន្លងមក​មាន​ការផ្សព្វផ្សាយ​ព័ត៌មាន​ថា កម្ពុជា​ផ្តល់​ទីតាំង​សម្រាប់​កងទ័ព​របស់​ចិន​ក៏ដូចជា​បញ្ហា​របស់​ជន​ជាតិ​នៅក្នុង​ខេត្ត​ព្រះសីហនុ​ជាដើម​ ត្រូវ​បាន​ចាត់ទុកជា​ព័ត៌មាន​មួយ​ធ្វើ​ឲ្យ​មាន​បញ្ហា​ដល់​ទំនាក់ទំនង​រវាង​កម្ពុ​ជា​និង​ចិន។ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង លោក Wang wentian បានចាត់ទុក​ព័ត៌មាន​ទាំងអស់​នេះ​ គឺជា​ចេតនា​មិនល្អ​មួយ​របស់​បណ្តា​ប្រទេស​ដែល​ចង់​បំផ្លាញ​ទំនាក់ទំនង​កម្ពុជា​និង​ចិន​។

លោក កេ​ត សោ​ផាន់ បាន​ដកស្រង់​សម្តី​របស់​ឯកអគ្គរដ្ឋទូត​ចិន​មក​បញ្ជាក់ថា «​លោក​ឯកអគ្គរដ្ឋទូត​បាន​បញ្ជាក់​ច្បាស់​ថា លោកខាងលិច​តែងតែ​លាប​ពណ៌​ធ្វើ​ឲ្យ​ល្អក់កករ​សម្រាប់​ទំនាក់​ទំនង​កម្ពុជា​-​ចិន ប៉ុន្តែ​យើង​បាន​សហការ​គ្នា​ជិតស្និទ្ធ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​»​។



លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​យល់ស្រប​ចំពោះ​ការ​លើកឡើង​របស់លោក​ឯកអគ្គរដ្ឋទូត​ហើយ​បាន​បញ្ជាក់​តប​ថា «​ជាធម្មតា​ទេ ប្រទេស​ដែល​គេ​មិន​សប្បាយចិត្ត គេ​តែងតែ​យក​រឿង​តូច​តូច​បំប៉ោង​ជា​រឿង​ធំ។ តែ​តាមពិត​ជាក់ស្តែង​ការវិនិយោគ​ធំ​បែបនេះ​គឺ​បាន​នាំមក​នូវ​ផលប្រយោជន៍​ដល់​កម្ពុជា​និង​ចិន​»​។

នៅក្នុង​ជំនួប​នោះ​ដែរ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល និង​ប្រជាជន​ចិន​ដែល​តែងតែ​ផ្តល់​ជំនួយ​ដល់​ប្រទេស​កម្ពុជ​។ ជំនួយ​ទាំងនេះ​បាន​ធ្វើ​ឲ្យ​កម្ពុ​ជា​មាន​ឯករាជ្យ និង​អធិបតេយ្យ​ពេញលេញ​ក្នុងការ​បំពេញការងារ​របស់ខ្លួន​។

សូម​រំលឹក​ជូន​ផង​ដែរ​ថា កាលពី​ថ្ងៃទី​១៧ ខែធ្នូ ក្នុង​ឱកាស​សម្ពោធ​ទំនប់​វា​រី​អគ្គិសនី​សេ​សាន្ត​ក្រោម​២ ក្នុង​ខេត្តស្ទឹងត្រែង សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ប្រាប់​ទៅ​លោក​ឯកអគ្គរដ្ឋទូត​ចិន​ថា ទស្សនកិច្ច​របស់​សម្តេច​ទៅកាន់​ប្រទេស​ចិន​នៅ​ខាង​មុខ មាន​ការចរចា​ផ្តោតទៅលើ​ការស្នើសុំ​ឥណទាន​យ៉ាង​គំហុក​មួយ​ដើម្បី​ត​បណ្តាញ​អគ្គិសនី។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រាប់​ទៅ​ឯកអគ្គរដ្ឋទូត​ចិន​ថា «​សុំ​ជម្រាប​ទៅ​លោក​ប្រធានាធិបតី ស៊ី ជីន​ភីង និង​លោក​នាយករដ្ឋមន្ត្រី លី ខឺ​ឈាង ថា ក្រៅពី​ការ​កសាង​ផ្លូវថ្នល់ ទៅលើ​បញ្ហា​ការ​កសាង​ប្រឡាយ​ទឹក យើងខ្ញុំ​ត្រូវការ​នូវ​ទុន​ដើម្បី​កសាង​នូវ​បណ្តាញ​ចែកចាយ​អគ្គិសនី។ មិត្ត​ចិន​បានមក​វិនិយោគ​វា​រី​អគ្គិសនី​ទាំង​៧ ដែល​យើង​សម្ពោធ​អា​ទី​៧ នៅ​ថ្ងៃ​នេះ​គឺ​ប្រភព​ទុន​ទាំងអស់​មកពី​ចិន។ ...​នៅក្នុង​ខេត្តកំពង់ស្ពឺ​មាន​២ គិរី​រម្យ ១ និង​គិរី​រម្យ​៣​។ នៅ​កំពត​មាន​កំចាយ ។ ឯ​នៅ​កោះកុង​មាន​៣ មាន​អា​តៃ​, ឫស្សី​ជ្រុំ និង​តា​តៃ​។ ដូច្នេះ​យើង​ត្រូវ​បន្ត​ការខិតខំ​ទៅលើ​រឿង​នេះ»​។

ចំពោះ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច ប្រទេស​ចិន​ជា​ដៃគូ​ពាណិជ្ជកម្ម និង​វិនិយោគិន​ដ៏​ចម្បង​របស់​កម្ពុជា​។​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ក្នុង​ឆ្នាំ​២០១៧ មាន​ចំនួន ៥.៥៧៧​លាន​ដុល្លារ​កើនឡើង​ជាង ២១,៧% បើ​ធៀប​នឹង​ឆ្នាំ២០១៦។ ក្នុង​ឆ្នាំ ២០១៧ ទំហំ​វិនិយោគ​ចិន​សរុប​នៅ​កម្ពុជា​ឈរ​លំដាប់​លេខ ១ ធៀប​នឹង​ទំហំ​វិនិយោគទុន​ពី​ប្រទេស​ដទៃទៀត​ដែល​មាន​ទំហំ​សរុប​ប្រមាណ ១.៦៤៤ លាន​ដុល្លារ។ លើស​ពី​នេះ​ប្រទេស​ទាំងពីរ​ក៏បាន​ឯកភាព​គ្នា​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ឲ្យ​កើនឡើង​ដល់ ៦.០០០ លាន​ដុល្លារ​នៅ​ឆ្នាំ ២០២០។

ចំពោះ​វិស័យ​ទេសចរណ៍​មាន​ក្រុមហ៊ុន​ឤ​កាស​ចរណ៍​ចំនួន​១៥ កំពុង​ធ្វើ​ប្រតិបត្តិ​ការហោះហើរ​ទៀងទាត់​រវាង កម្ពុជា​និង​ចិន​។​នៅ​ឆ្នាំ ២០១៧ ទេសចរ​ចិន​មាន​ប្រមាណ ១,២ លាន​នាក់ ។ គិត​ត្រឹម​ត្រីមាស​ទី​១ ឆ្នាំ​២០១៨ នេះ កម្ពុជា​បាន​ទទួល​ភ្ញៀវទេសចរ​អន្តរជាតិ​សរុប ១,៧ លាន​នាក់ ដែល​ក្នុង​នោះ​ទេសចរ​ចិន​មាន​ចំនួន​ជាង ៥០ ម៉ឺន​នាក់។

រាជរដ្ឋាភិបាល​កម្ពុជា​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​រដ្ឋាភិបាល​ចិន​ក្នុង​ការគោរព​ឯករាជ្យ អធិបតេយ្យ និង ការ​ចាត់វិធានការ​នា​នា​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដើម្បី​ការ​ការពារ​សន្តិសុខ​និង​ស្ថិរភាព​សង្គម​។ កម្ពុជា​អបអរសាទរ​ចំពោះ​លទ្ធផល​ជា​វិជ្ជមាន​នៃ​កិច្ចសហប្រតិបត្តិការ​និង​ផ្លែផ្កា ដែល​ទទួល​បាន​នា​ពេល​កន្លងមក និង​ប្តេជ្ញា​បន្ត​លើកកម្ពស់​វិសាលភាព​នៃ​កិច្ច​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​កម្ពុជា​-​ចិន​ឲ្យ​ឈាន​ដល់​កម្រិត​កាន់តែ​ខ្ពស់​ថែមទៀត​ដើម្បី​ផលប្រយោជន៍​នៃ​ប្រជាជន​យើង​ទាំងពីរ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu