ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់នគរបាលខណ្ឌច្បារអំពៅបានឲ្យដឹងថា នៅថ្ងៃទី២៥ខែធ្នូនេះអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃបានចុះឆែកឆេរ និង ឃាត់ខ្លួនជនជាតិចិនចំនួន១០នាក់ នៅក្នុងសង្កាត់និរោធខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។
តាមរបាយការណ៍បញ្ជាក់ថា ប្រតិបត្តិការណ៍នេះដឹកនាំដោយលោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តន៍នីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍និងដោយមានការឯកភាពពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។
យោងតាមប្រភពលោកកិម រតនា អធិការងនគរបាលខណ្ឌច្បារអំពៅបានរាយការណ៍ថាជនជាតិចិនទាំង១០នាក់នេះ មិនទាន់ដឹងពីទោសកំហុសទេព្រោះជាសាច់រឿងគឺស្ថិតលើដៃនគរបាលអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ។ ហើយជនជាតិចិនដែលឃាត់បានត្រូវបញ្ជូនទៅអង្គភាពនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ភ្លាមៗផងដែរ។
អ្វីដែលនឹកស្មានមិនដល់ គឺនៅពេលដែលកម្លាំងនគរបាលចុះទៅចាប់ខ្លួនជនជាតិចិនទាំង១០នាក់ នៅសង្កាត់និរោធនោះ គឺបងប្អូនជនជាតិវៀតណាមនៅច្បារអំពៅនាំគ្នារត់គេចខ្លួនភ្លាមៗដែលនេះ គឺសបញ្ជាក់ថា នៅមានជនបរទេសរស់នៅលើទឹកដីកម្ពុជាដោយគ្មានច្បាប់នៅឡើយបើទោះបីជានគរបាលជំនាញខិតខំចាប់បញ្ជូនសឹងគ្មានថ្ងៃសម្រាកក៏ដោយ៕
Source: Kampuchea Thmey Daily
0 Comments