Ad Code

ក្រុម​ក្មេង​ទំនើង​ បើក​ម៉ូតូ​ដេញ​កាប់​គ្នា​លើ​ផ្លូវ​ជាតិ​លេខ​៣ ជ្រុល​បុក​រថយន្ត​១​គ្រឿង​ទៀត ​ឆេះ​ខ្ទេច​ស្លាប់​ម្នាក់ និង​របួសធ្ងន់​ម្នាក់​



កំពង់ស្ពឺ ៖ ក្មេង​ទំនើង​២​ក្រុម​ បាន​ជិះ​ម៉ូតូ​ដេញ​កាប់​ចាក់​គ្នា​លើផ្លូវ​ជាតិ​លេខ​៣​ ដូច​ក្នុង​រឿង​ហុងកុង បាន​ជ្រុល​ទៅបុក​រថយន្ត​មួយគ្រឿង​ញេញ​មួយ​ទំហឹង ​បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់ និង​ឆេះ​កាប៊ីន​រថយន្ត​ខូចខាត​ទាំងស្រុង​តែម្ដង​។​

ហេតុការណ៍​ដេញ​កាប់​ចាក់​គ្នា​ដូច​ក្នុង​ហុងកុង​នេះ កើតឡើង​នៅវេលា​ម៉ោង​២១​និង​៣០​នាទី ថ្ងៃ​ទី​០៧ ខែ​ធ្នូ​ ឆ្នាំ​២០១៨​នេះ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣ ខាងត្បូង​ផ្សារ​ត្រាំ​ខ្នា ចន្លោះ​គីឡូម៉ែត្រ (៤៤-៤៥) ស្ថិតនៅ​ក្នុងភូមិ​ត្រាំ​ខ្នា ឃុំ​សុ​ភី ស្រុក​បាទី ខេត្ត​តាកែវ​។​

នគរបាល​បាន​ឲ្យ​ដឹង​ថា ​ក្មេង​ទំនើង​មួយក្រុម​ ជិះ​ម៉ូតូ ម៉ាក MSX ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ សឿន វណ្ណា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​សង្គម​មានជ័យ ឃុំ​ពោធិ​អង្គ្រង ស្រុក​បរសេដ្ឋ ខេត្ត​កំពង់ស្ពឺ ទិសដៅ​ពី​ត្បូង​ ទៅ​ជើង​ ដោយ​ដេញ​កាប់​ចាក់​គ្នា​ជាមួយ​ក្រុម​ម្ខាង​ទៀត ប៉ុន្តែ​បាន​ជ្រុល​ទៅបុក​ជាប់​ក្រោម​រថយន្ត​កូរ៉េ​មួយ​គ្រឿង​ទៀត ខណៈ​ពេល​កំពុង​ធ្វើ​ចរាចរណ៍​បញ្ច្រាស​ទិស​គ្នា បង្ក​ជា​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​។​

នគរបាល​បាន​ឲ្យ​ដឹងទៀតថា ចំពោះ​ក្មេង​ទំនើង​ដែល​បើកបរ​ម៉ូតូ​ ឈ្មោះ សឿន វណ្ណា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ បាន​ស្លាប់​ភ្លាមៗ​ម្នាក់ និង​ម្នាក់ទៀត​ ឈ្មោះ ឃីម រ៉ាវី ភេទ​ប្រុស អាយុ​២០​ឆ្នាំ រងរបួស​ធ្ងន់​។ ចំណែក​រថយន្ត ម៉ាក HYUNDIA ចំណុះ​១.៥​តោន ពណ៌​ខៀវ គ្មាន​ស្លាក​លេខ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ ​បាន​រត់​គេចខ្លួនបាត់​។​

បន្ទាប់ពី​កើតហេតុ​ កម្លាំង​នគរបាល​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​បាទី​០១​គ្រឿង ដើម្បី​អន្តរាគមន៍​ជួយ​សង្គ្រោះ និង​បាញ់​ទឹក​ពន្លត់អគ្គិភ័យ​ដែល​ឆាបឆេះ​រថយន្ត​នោះ​។​

បច្ចុប្បន្ន​ សព ​ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ចំណែក​វត្ថុតាង​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ស្រុក​បាទី​រង់ចាំ​ដោះស្រាយ​គ្នា​តាម​នីតិ​វិធី​ច្បាប់​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu