ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៨ធ្នូនេះ អាជ្ញាធរខណ្ឌច្បារអំពៅ បានចុះធ្វើអនាម័យក្នុងមូលដ្ឋានទាំង៨សង្កាត់ ហើយក្នុងនោះក៏មានការចូលរួមពីព្រះសង្ឃ និងសិស្សានុសិស្សជាច្រើនទៀតផង។
យោងតាមប្រសាសន៍ លោក ចេង មុនីរ៉ា អភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅ បានឲ្យកម្ពុជាថ្មីដឹងថា នៅថ្ងៃទី៨ធ្នូនេះ លោកបានរៀបចំកម្លាំងគ្រប់ការិយាល័យចំណុះ និងតាមបណ្ដាសង្កាត់ទាំង៨ ចុះធ្វើអនាម័យតាមមូលដ្ឋានរៀងៗខ្លួន ធ្វើយ៉ាងណាឲ្យអស់សំរាម ហើយក៏មានការលាងសំអាតធូលីដីតាមដងផ្លូវ ពិសេស គឺផ្លូវជាតិលេខ១ ចាប់ពីគល់ស្ពានព្រះមុនីវង្សថ្មី ចាស់ រហូតដល់ព្រំប្រទល់ស្រុកកៀនស្វាយ ខេត្តកណ្តាល។ អ្វីគួរឲ្យកោតសរសើរនោះ គឺមានការចូលរួមពីព្រះសង្ឃនិងសិស្សានុសិស្ស មកពីតាមសាលា និងព្រះសង្ឃ និមន្តមកពីទីអារាមក្នុងមូលដ្ឋានខណ្ឌច្បារអំពៅមកចូលរួមធ្វើអនាម័យផងដែរ។
លោកអភិបាលខណ្ឌបានបញ្ជាក់ទៀតថា នៅតាមបណ្តាអង្គភាពនគរបាល និងអង្គភាពកងរាជអាវុធហត្ថ ក៏បានសំអាតអនាម័យធ្វើយ៉ាងណា គឺមិនឲ្យមានសំរាមនៅពាសពេញតាមដងផ្លូវ និងផ្ទះសម្បែង។ ហើយកម្មវិធីធ្វើអនាម័យនេះ គឺអាជ្ញាធរខណ្ឌច្បារអំពៅ បានរៀបចំឡើងនៅរៀងរាល់ខែក្នុងថ្ងៃសម្រាកការងារ៕
Source: Kampuchea Thmey Daily
0 Comments