សៀមរាប ៖ គម្រោងវប្បធម៌សំខាន់មួយ «ផ្លូវមួយ ខ្សែក្រវាត់មួយ» និងគម្រោងកិច្ចសហប្រតិបត្តិការទេសចរណ៍វប្បធម៌កម្ពុជា ចិន បានដាក់សម្តែងជាផ្លូវការលើកដំបូង នៃមហាទស្សនីយភាពបែបកំណាព្យប្រវត្តិសាស្ត្រដ៏ធំមួយ «អាណាចក្រអង្គរ» នារសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨នេះ។
សម្ដេចរាជបុត្រីព្រះរាម នរោត្តម បុប្ផាទេវី ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដមបណ្ឌិត ឃឹមប៊ុន សុង អភិបាលខេត្តសៀមរាម លោកឧកញ៉ា ពុងខៀវសែ លោក Cao Yun De ប្រធានក្រុមហ៊ុម khmer Resources Investment Holding Group Co,Ltd លោក Liu Jieអនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាប្រជាជនចិនស៊ីឈួន និងជាប្រធាន នៃសមាគម លើកកម្ពស់ស៊ីឈួន លោក Liu Zhi Jie នាយកស្ថានទូតចិនប្រចាំនៅខេត្តសៀមរាប ប្រទេសកម្ពុជា ព្រមទាំងប្រធានមន្ទីរវប្បធម៌ ប្រធានមន្ទីរទេសចរណ៍ និងភ្ញៀវជាតិ និងអន្តរជាតិដទៃ បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស។
លោក Liu Zhi Jie បានមានប្រសាសន៍ថា «អាណាចក្រអង្គរ»គឺជាគម្រោងវប្បធម៌សំខាន់មួយ នៃគម្រោង «ផ្លូវមួយ ខ្សែក្រវាត់មួយ» ហើយក៏ជាបណ្តុំ ទេសចរណ៍វប្បធម៌ចំណាស់រវាងប្រទេសទាំងពីរ គឺកម្ពុជា និងចិន ដែលមានទំហំធំធេងមួយ ដែលយើងបានសហការចាប់ដៃគ្នា។
លោកបន្តថា «កម្ពុជា និងចិន គឺជាប្រទេសជិតខាងក្នុងតំបន់ដែលមានទំនាក់ទំនងល្អនឹងគ្នា ជាប្រវត្តិសាស្ត្រ មិនថាទំនាក់ទំនងខាងការទូត វប្បធម៌ និងប្រពៃណី។ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះទំនាក់ទំនងរវាងប្រទេសទាំងពីរ បានរីកចម្រើនយ៉ាងខ្លាំងក្លាគួរឲ្យកត់សំគាល់ រវាងភាគី នៃប្រទេសទាំងពីរ ជាពិសេសលើវិស័យសេដ្ឋកិច្ច នយោបាយ វប្បធម៌ប្រពៃណី និងវិស័យផ្សេងៗទៀត»។
ក្រោយពី «អាណាចក្រអង្គរ» បានបន្តធ្វើការអនុវត្តវប្បធម៌ដ៏ធំ និងកម្រមួយជាមួយ «ស្នាមញញឹមអង្គរ»រួចមកនេះ គឺជាវេទិកាដ៏សំខាន់មួយទៀត ដែលនាំមកនូវអារ្យធម៌អង្គរ និងវប្បធម៌ដ៏យូរអង្វែងមួយដែលមិនធ្លាប់មានពីមុនមក។
លោកឧកញ៉ា ពុង ខៀវ សែ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនកាហេង បានមានប្រសាសន៍ថា «សាល មហោស្រព គឺជាមជ្ឈមណ្ឌលវប្បធម៌ទេសចរណ៍ដ៏សំខាន់មួយ ដែលផ្តោតលើការសម្ដែង និងបានធ្វើឲ្យក្រុងសៀមរាបកាន់តែប្រសើរឡើង ហើយគឺជាគម្រោង ទេសចរណ៍ថ្មីមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើងផងដែរ»។
ការវិនិយោគ ប្រកបដោយភាពជោគជ័យ នៃ គម្រោង«អាណាចក្រអង្គរ» បានធ្វើឲ្យមានប្រសិទ្ធភាពការងារ ចេញជាលទ្ធផល បង្ហាញមកយ៉ាងល្អ ជាពិសេសនៅថ្ងៃអនាគត នឹងមានក្រុមហ៊ុនចិនកាន់តែច្រើនចូលរួម ក្នុងការវិនិយោគ និងសាងសង់សំណង់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
លោកបានបញ្ជាក់ថា គម្រោងនេះ មានទីតាំងស្ថិតនៅក្នុងទីក្រុងសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា មានចម្ងាយត្រឹម៥គីឡូម៉ែត្រ ពីប្រាសាទអង្គរវត្ត ដែលជាអច្ឆរិយមួយក្នុងចំណោមអច្ឆរិយទាំងប្រាំពីរដ៏ល្បីលើពិភពលោក វាជាកន្លែងតែមួយគត់ នៅក្នុងក្រុងសៀមរាប ដែលត្រូវឆ្លងកាត់ មុននឹងទៅដល់ប្រាសាទអង្គរវត្ត។ នេះគឺជាគម្រោងការអនុវត្តវប្បធម៌ «ផ្លូវមួយខ្សែក្រវាត់មួយ» ដំបូងបង្អស់របស់ប្រទេសចិន ដែលបានទៅដល់ដែនដីខាងក្រៅ។ រោងមហោស្រពអង្គរ ត្រួវបានសាងសង់លើទំហំដី៦.០០០ម៉ែត្រការ៉េ អាចផ្ទុកទស្សនិកជនបានជាង១.៣០០នាក់ ក្នុងពេលតែមួយ ដែលបច្ចុប្បន្ននេះគឺជាមហោស្រពសំដែងមានលក្ខណៈទូលំទូលាយបំផុតនៅក្នុងប្រទេសកម្ពុជា និងអាស៊ីអាគ្នេយ៍ និងមានស្តង់ដារអន្តរជាតិ។
លោកzhou xiaoheng អ្នកចាត់ការ ទូទៅ នៃក្រុមហ៊ុនកាហេង អន្តរជាតិបាន និយាយថា គម្រោងនេះគឺជាគម្រោងអចិន្ត្រៃយ៍ដំបូងគេបង្អស់ នៃគម្រោងកិច្ចសហប្រតិបត្តិការអន្តរជាតិមួយ «ផ្លូវមួយខ្សែក្រវាត់មួយ»។ វាក៏ជាវេទិកាដ៏សំខាន់មួយសម្រាប់ខេត្តស៊ីឈួន ដើម្បីលើកកម្ពស់ការអភិវឌ្ឍន៍វប្បធម៌នៅក្នុងប្រទេសកម្ពុជា និងអាស៊ីអាគ្នេយ៍ បច្ចុប្បន្ននេះ ជាមហោស្រពសម្ដែង ដែលទំនើបបំផុតនៅអាស៊ីអាគ្នេយ៍។
សម្ដេចរាជបុត្រីព្រះរាម នរោត្តម បុប្ផាទេវី ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ថ្លែងថា កម្ពុជាយើង និងចិន មានទំនាក់ទំនងជាច្រើនសតវត្សមកហើយ។
ឆ្នាំនេះគឺជាខួបលើកទី៦០ នៃទំនាក់ទំនងការទូតកម្ពុជា និងចិន ហើយបច្ចុប្បន្នទំនាក់ទំនងនេះ បានក្លាយទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ តាមរយៈកិច្ចសហប្រតិបត្តិការផ្លូវមួយ ខ្សែក្រវាត់មួយ បច្ចុប្បន្នក្រុមហ៊ុនវិនិយោគទេសចរណ៍វប្បធម៌ចិន បានសហការរួមគ្នាជាមួយក្រុមហ៊ុនកាហែង កម្ពុជា បានបង្កើតឡើងនូវគម្រោងទេសចរណ៍វប្បធម៌អាណាចក្រអង្គរ ដោយបានបង្កើតស្នាដៃថ្មីនៅក្នុងការផ្លាស់ប្ដូរវប្បធម៌ទេសចរណ៍ នៃប្រទេសទាំងពីរ។
សម្ដេចរាជបុត្រីព្រះរាមសង្ឃឹមថា ការសហការគ្នារវាងអាណាចក្រអង្គរ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអាជ្ញាធរខេត្តសៀមរាប នឹងបន្តការសហការគ្នាឲ្យបានល្អ ប្រកបដោយជោគជ័យថែមទៀត៕
Source: Kampuchea Thmey Daily
0 Comments