ប្រដាល់ ៖ វង្ស ណយ អ្នកប្រដាល់ក្លិបកុលបុត្រគុនខ្មែរ ត្រូវអ្នកប្រដាល់ថៃចំណូលថ្មីPhat Many វាយឲ្យសន្លប់ក្នុងទឹកទី៤ កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៨ នៅលើសង្វៀនខារ៉ាបាវទូរទស្សន៍អាស៊ីអាគ្នេយ៍។
នៅក្នុងការប្រកួតទឹកដំបូង វង្ស ណយ ត្រូវ Phat Many ទាត់ចំកញ្ចឹងកមួយជើង បណ្ដាលឲ្យដួលលើរេញ ត្រូវអាជ្ញាកណ្ដាលរាប់ដល់៨។ ហើយមកដល់ទឹកទី៤ វង្ស ណយ ភ្លាត់ស្នៀត និងរាងប្រហែសបន្តិចផង ក៏ត្រូវ Phat Many Phakao វាយកែងចំមុខ ធ្វើឲ្យសន្លប់លែងក្រោកតែម្ដង ទោះបីអាជ្ញាកណ្ដាលរាប់ដល់ដប់ហើយក្តី។
ចំណែក លាភ រដ្ឋា អ្នកប្រដាល់ក្លិបដីឡូតិ៍មានរិទ្ធខេត្តបន្ទាយមានជ័យ បានប្រកួតឈ្នះ អ្នកប្រដាល់ថៃ Phat Phayav ដោយពិន្ទុ ក្រោយពីវាយគ្នាយ៉ាងស្វិតស្វាញ៥ទឹកពេញនោះ។ ពីរនាក់នេះ ជួបប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម។
Phat Phayav អ្នកប្រដាល់ថៃចំណូលថ្មីរូបនេះ ស៊ូណាស់ដោយក្នុងការប្រកួតនេះ ត្រូវ លាភ រដ្ឋា ដាល់ចំមុខពេញៗ ប៉ុន្តែគេនៅតែប្រកួតបានដដែល។ រដ្ឋា វាយឡើងចង់អស់កម្លាំងដៃរបស់គេទៅហើយ ក៏នៅតែមិនអាចផ្ដួល Phat Phayav ឲ្យសន្លប់បាន គឺបានត្រឹមឈ្នះពិន្ទុប៉ុណ្ណោះ។
ចំពោះការប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញ អ៊ុង កំសត់ អ្នកប្រដាល់ក្លិបព្រៃទទឹង ខេត្តបាត់ដំបង ប្រកួតឈ្នះ សោម វិឆ័យ អ្នកប្រដាល់ក្លិបវិបុលដារិទ្ធ ដោយដោយពិន្ទុ ហើយ ពុទ្ធ ភារិន្ទ អ្នកប្រដាល់ក្លិបពុទ្ធសេរីវង្សកីឡា វាយចាញ់ ងួន គា ក្លិបរាជសីហ៍ ខេត្តរតនគិរីដោយពិន្ទុ។
•ម៉ឺន មេឃា ផ្តួលថៃទឹក៤ ឯសរ រាជសីហ៍ ផ្តួល អ៊ីរ៉ង់ទឹក៣
អ្នកប្រដាល់ជើងខ្លាំងកម្ពុជា២រូប បានវាយឈ្នះ អ្នកប្រដាល់ថៃ និងអ៊ីរ៉ង់ មុនទឹកទី៥ដូចគ្នានៅក្នុងការឡើងប្រកួតក្នុងកម្មវិធីប្រដាល់ពេលយប់Ganzberg Top Fighter លើសង្វៀនSEATV ថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ២០១៨។
ម៉ឺន មេឃា អ្នកប្រដាល់វ័យក្មេង ក្លិបអេភូថងកីឡា គេបានផ្ដួលអ្នកប្រដាល់ថៃចំណូលថ្មី Kaptanlek ឲ្យបោះបង់ចោលការប្រកួតក្នុងទឹកទី៤។ អ្នកប្រដាល់ថៃរូបនេះ ត្រូវ ម៉ឺន សុភា ទាត់ឲ្យខូចភ្លៅឆ្វេង មិនអាចក្រោកប្រកួតបាន។
Kaptanlek គេមិនធ្លាប់មកប្រកួតនៅស្រុកខ្មែរម្តងណានៅឡើយទេកន្លងមក។ អ្នកប្រដាល់ថៃ Kaptanlek នេះ មានកម្ពស់ទាបជាង មេឃា គឺ១,៦៨ម៉ែត្រ ប៉ុន្តែមានកំណត់ត្រាប្រកួតច្រើនជាង មេឃា គឺ៦០លើក ឈ្នះ៥០លើក ចាញ់១០លើក មិនដែលស្មើ។
ចំពោះ សរ រាជសីហ៍ អ្នកប្រដាល់ក្លិបមោងឬស្សីមរតកគុនខ្មែរខេត្តបាត់ដំបងវិញ គេបានផ្ដួល អ្នកប្រដាល់អ៊ីរ៉ង់ ឈ្មោះAboozar ឲ្យបោះបង់ចោលការប្រកួតក្នុងទឹកទី៣។ ពួកគេប្រកួតគ្នាក្នុងប្រភេទទម្ងន់៧៥គីឡូក្រាម។
Aboozar នេះ គេទើបតែមកប្រកួតនៅសង្វៀនស្រុកខ្មែរ លើកទី១ប៉ុណ្ណោះ។ ដូច្នេះហើយ ទើបមិនអាចស៊ូជាមួយ សរ រាជសីហ៍ បានគ្រប់៥ទឹកនោះ។ គួរបញ្ជាក់ឲ្យដឹងដែរថា សរ រាជសីហ៍ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨កន្លងទៅនេះ បានវាយស្មើពិន្ទុជាមួយអ្នកប្រដាល់អ៊ីរ៉ង់ ឈ្មោះ Akbari Keraimant នៅលើសង្វៀនSEATVនេះ៕
Source: Kampuchea Thmey Daily
0 Comments