ភ្នំពេញ ៖ ប្រជាពលរដ្ឋរស់នៅជិតខាងបានរអ៊ូថា តើពេលណាទើបខាងមន្ទីរសាធារណការរាជធានីភ្នំពេញ ធ្វើការកែលំអរបាំងពុះចែកទ្រូងផ្លូវត្រង់កន្លែងស្តុបមុខក្តាន់ពីរឡើងវិញ ព្រោះជារៀងរាល់យប់នេះបានក្លាយជាឧបសគ្គសម្រាប់អ្នកបើកបរលឿនមិនប្រយ័ត្ន តែងតែបុកញឹកញាប់ទៅហើយ។
ក្បាលព្រួញពុះចែកទ្រូងផ្លូវដែលខាងមន្ទីរសាធារណការ រាជធានីភ្នំពេញ បានដាក់នៅចំគន្លងរថយន្ត ប្រៀបដូចជាឧបសគ្គមួយដែលតែងតែបង្កឲ្យអ្នកដំណើរគ្រោះថ្នាក់ធ្ងន់ និងស្រាល ជាបន្តបន្ទាប់គ្នា រហូតឈានដល់មានអ្នកស្លាប់បាត់ បង់ជីវិតទៀតក៏មានដែរ គឺនៅត្រង់ចំណុចផ្លូវបំបែកជាបួនស្តុបសួនច្បារក្ដាន់២ ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្សី កែងផ្លូវR6 ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលមានព្រំប្រទល់ ជាប់នឹងខណ្ឌ៧មករា។
ជាក់ស្ដែងទៀតនោះ គឺមានបុរសជនជាតិចិន២នាក់ ស្រវឹងជោកជាំ បានបើករថយន្តឡិចស៊ីសមួយគ្រឿងបោះពួយទៅបុកក្បាលនាគចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់អស់១កង់ រីឯរថយន្តដាច់កាឡេកង់ខាងមុខទៅលែងរួច កាលពីវេលាម៉ោង១២និង១០យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅចំណុចស្តុបក្តាន់ពីរ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសជនជាតិចិន ស្រវឹងស្រា២នាក់ បើករថយន្តឡិចស៊ីស RX-300 ពាក់ស្លាកលេខ ភ្នំពេញ 2L-5899 ធ្វើដំណើរទិសដៅពីកើតទៅលិចយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ ក៏រេចង្កូតទៅបុកក្បាលនាគចែកទ្រូងផ្លូវ បណ្ដាលឲ្យបាក់អស់១កង់ ចំណែករថយន្តបង្កខូចខាតផ្នែកមុខកង់ខាងឆ្វេងដាច់កាឡេទៅមុខលែងរួច។
ប្រភពព័ត៌មានបន្តថា ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលស្រះចក បានចុះមកដល់កន្លែង និងទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ មកធ្វើការវាស់ និងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយសងថ្លៃខូចខាតទ្រព្យសម្បត្តិរដ្ឋ តាមនីតិវិធីច្បាប់នៅពេលក្រោយបន្តទៀត៕
Source: Kampuchea Thmey Daily
0 Comments