Ad Code

សារឿន ច័ន្ទ ឈ្នះ Yorth Savich ទឹក​៥ ឯ ចាន់ សំអាត ស្មើ Phat Senchhai



​ប្រដាល់ ៖ សារឿន ច័ន្ទ អ្នក​ប្រដាល់​ជើងចាស់ នៃ​ក្លិប​តា​ព្រហ្ម​មានជ័យ បាន​វាយ​ឈ្នះ អ្នក​ប្រដាល់​ថៃ​ឈ្មោះ Yorth Savich ក្នុង​ទឹក​ទី​៥ នៅក្នុង​ការជួប​ប្រកួត​គ្នា​ក្នុង​កម្មវិធី​ប្រដាល់​Wurkz លើស​ង្វៀន​SEA-TV រសៀល​ថ្ងៃអាទិត្យ​ ទី​០៩ ​ខែធ្នូ​ ឆ្នាំ​២០១៨។​

សារឿន ច័ន្ទ បាន​វាយ​កែង​ត្រូវ Yorth Savich នៅក្នុង​ទឹក​ទី​៤ ធ្វើ​ឲ្យ​អាជ្ញាកណ្ដាល​រាប់​ដល់​៨។ បន្ទាប់​មក នៅក្នុង​ទឹក​ទី​៥ អ្នក​ប្រដាល់​ថៃ​រូបនេះ ត្រូវ​ សារឿន ច័ន្ទ វាយ​ដួល​ទៀត ត្រូវ​អាជ្ញាកណ្ដាល​រាប់​៨​ពីរ​ដង​ទៀត ហើយ​ក្រោយមក​ក៏ត្រូវ​ សារឿន ច័ន្ទ វាយ​ដួល​ម្តង​ទៀត​ជា​លើក​ទី​៣ ​ក្នុង​ទឹក​៥​នេះ ដែល​នាំ​ឲ្យ​អាជ្ញាកណ្ដាល​បញ្ឈប់ Yorth Savich លែង​ឲ្យ​ប្រកួត ហើយ​ផ្ដល់​ជ័យជម្នះ​ឲ្យ ​សារឿន ច័ន្ទ ​ឈ្នះ ក្នុង​ទឹក​ទី​៥​នេះ។

ពីរ​នាក់​នេះ ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦០​គីឡូក្រាម។ អ្នក​ប្រដាល់​ថៃ​រូបនេះ មិន​ធ្លាប់ មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​នោះទេ​កន្លងមក​។

ចំណែក ចាន់ សំអាត អ្នក​ប្រដាល់​ក្លិប​អប់រំ​កាយ​កីឡា​ស្រុក​អន្លង់វែង បាន​វាយ​ស្មើ​ពិន្ទុ​ជាមួយ​អ្នក​ប្រដាល់​ថៃ Phat Senchhai បន្ទាប់ពី​ប្រកួត​គ្នា​៥​ទឹក​ពេញ​នោះ។ ពួកគេ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០ គីឡូ​ក្រាម។​

Phat Senchhai នេះ នៅ​ស្រុកថៃ​គេ​ជា​ជើង​ខ្លាំង​មួយ​ដែរ​នៅក្នុង​ប្រភេទ​ទម្ងន់​៦០​គ​.​ក្រ​នេះ។ អ្នក​ប្រដាល់​ថៃ​នេះ មាន​កំណត់​ត្រា​ប្រកួត​ចំនួន​៦៤​លើក ឈ្នះ​៥៣​លើក និង ចាញ់​១១​លើក មិនដែល​ស្មើ។​ ដូច្នេះហើយ ទើប​ ចាន់ សំអាត មិនអាច​ផ្ដួល​យកឈ្នះ​គេ​បាន​នោះ។ ចាន់ សំអាត ជើង​ខ្លាំង​របស់​កម្ពុជា​នេះ ធ្លាប់​បំបាក់​ថៃ​អស់​ប្រមាណ​ជាង​១០​នាក់​មកហើយ ពិសេស​នោះ គេ​ធ្លាប់​ឈ្នះ​ជើង​ចាស់​ថៃ​ថែមទៀត តែ​លើក​នេះ​ទៅ​មិន​រួច​ជាមួយ Phat Senchhai ដោយ​បាន​ត្រឹម​ស្មើ​ប៉ុណ្ណោះ​។

ចំពោះ​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ សុខ សុវណ្ណ​ អ្នក​ប្រដាល់​សមាគម​កីឡាប្រដាល់​ក្រសួង​ការពារ​ជាតិ ប្រកួត​ចាញ់ អ្នក​ប្រដាល់​ ពុទ្ធ សំបូរ ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា ដោយ​ពិន្ទុ ហើយ គ្រី សុខ​លីន អ្នក​ប្រដាល់​ក្លិប​យុវ​វាល​ស្បូវ​ខណ្ឌ​ច្បារអំពៅ ប្រកួត​ចាញ់ ធី​ម ទាន់ អ្នក​ប្រដាល់​ក្លិប​បូរី​រាជសីហ៍​ខេត្ត​រតនគិរី ក្នុង​ទឹក​ទី​៣។

•​ឌុន រដ្ឋា មិនអាច​យកឈ្នះ​Abolfazl បានទេ​
​អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា ឌុន រដ្ឋា ក្លិប​អេ​ភូ​ថង​កីឡា ដែល​ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​អ៊ីរ៉ង់ Abolfazl Alipour Andi នា​ព្រឹក​ថ្ងៃអាទិត្យ​ទី​០៩ ខែ​ធ្នូ​ ឆ្នាំ​២០១៨ នៅក្នុង​កម្មវិធី​ប្រដាល់​Boo strong Fighter On Fire របស់​ស្ថានីយ​ទូរទស្សន៍​អាស៊ីអាគ្នេយ៍​នោះ បាន​វាយ​ចាញ់​ដោយ​ពិន្ទុ។ ពីរ​នាក់​នេះ ជួបគ្នា​ក្នុង​ប្រភេទ​ទម្ងន់​៧១​គីឡូក្រាម។​

Abolfazl នេះ គេ​ទើបតែ​មក​ប្រកួត​នៅ​សង្វៀន​SEATV ជា​លើក​ទី​១ ប៉ុណ្ណោះ។ ប៉ុន្តែ​គេ​វាយ​ល្អ​ និង​ខ្លាំង ដោយ​បាន​ធ្វើ​ឲ្យ ​ឌុន រដ្ឋា ត្រូវ​អាជ្ញាកណ្ដាល​រាប់​៨ ដល់​ទៅ​២​ដង​ ក្នុង​ទឹក​ទី​១ នោះ។ ​ការ​រាប់​ ឌុន រដ្ឋា​ នេះ បន្ទាប់ពី​ត្រូវ​កណ្ដាប់ដៃ​របស់ Abolfazl ឡើង​ចង់​វង្វេងទិស​នោះ។ យ៉ាងណា​ ឌុន រដ្ឋា គេ​អាច​តស៊ូ​ និង​ទប់ទល់​ជាមួយ Abolfazl រហូតដល់​ចប់​ទឹក​៥ ចាញ់​ត្រឹម​ពិន្ទុ​ប៉ុណ្ណោះ។​

Abolfazl គេ​ជា​អ្នក​ប្រដាល់​ជើង​ថ្មី ដែល​ហ្វឹកហាត់​នៅ​ស្រុកថៃ។ គេ​ចេះ​ប្រដាល់​ស្ទាត់​គួរសម​ដែរ ដោយ​មាន​ស្នៀត​កណ្ដាប់ដៃ​ល្អ និង​ស្នៀត​ទាត់​ក៏​ល្អ ហើយ​ចេះ​វាយ​កែង​ទៀត។ អ្នក​ប្រដាល់​រូបនេះ មាន​ប្រវត្តិ​ប្រកួត​ចំនួន​១៥​លើក ដោយ​ឈ្នះ​១២​លើក និង ចាញ់​០៣​លើក មិនដែល​ស្មើ។

ចំពោះ​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ សំ ភក្តី អ្នក​ប្រដាល់​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក ប្រកួត​ឈ្នះ ទី ព​ន្លែ​ត អ្នក​ប្រដាល់​ជើងចាស់​ក្លិប​អង្គរ​មានជ័យ ខេត្ត​សៀមរាប ដោយ​ពិន្ទុ​ជួបគ្នា។ ​ចំណែក សំណាង សុខ​នឿន អ្នក​ប្រដាល់​ក្លិប​កងចក្រ​រាជសីហ៍​មាន​រិ​ទ្ធ ប្រកួត​ចាញ់ ប្រាក់ ស៊ី​ណាត អ្នក​ប្រដាល់​ក្លិប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ​ខេត្ត​ព្រៃវែង​ក្នុង​ទឹក​ទី​២ ខណៈ​ដែល ធន់ វណ្ណា អ្នក​ប្រដាល់​ក្លិប​មជ្ឈមណ្ឌល​កីឡា ខ​.​ភ​.​ម ប្រកួត​ស្មើ​ពិន្ទុ​ជាមួយ​ ឡុង ភារ​ម្យ អ្នក​ប្រដាល់​ក្លិប​រាជសីហ៍​ខេត្តរតនគិរី ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu