បាត់ដំបង ៖ សិក្ខាសាលាតាមបណ្ដាខេត្តចំនួន៥ ប្រចាំឆ្នាំ២០១៨ របស់គណៈកម្មការមូលបត្រកម្ពុជា ស្ដីពី"អាជីវកម្មឧបករណ៍និស្សន្ទនៅកម្ពុជា" បានបញ្ចប់ទៅដោយជោគជ័យ កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ ២០១៨ នៅខេត្តបាត់ដំបង ដែលជាគោលដៅចុងក្រោយ នៃអង្គសិក្ខាសាលានេះ។
សិក្ខាសាលានេះ មានគោលបំណងផ្សព្វផ្សាយ និងពង្រីកការយល់ដឹងអំពីការវិនិយោគលើឧបករណ៍និស្សន្ទនៅទូទាំងប្រទេសកម្ពុជា កសាងទំនុកចិត្តរបស់វិនិយោគិន និងផ្ដល់ឲ្យវិនិយោគិននូវជំនាញ និងយុទ្ធសាស្ត្រចាំបាច់សម្រាប់ការវិនិយោគមួយនេះ។
លោក សុខ ដារ៉ា អគ្គនាយករង នៃគណៈកម្មការមូលបត្រកម្ពុជា បានបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់គណៈកម្មការមូលបត្រកម្ពុជា ក្នុងការជំរុញទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជាឲ្យឈានដល់កម្រិតខ្ពស់បំផុតមួយ។
លោក ក៏បានលើកទឹកចិត្តដល់អ្នកដែលពាក់ព័ន្ធនឹងឧបករណ៍និស្សន្ទទាំងអស់ ឲ្យបន្តលើកកម្ពស់ការយល់ដឹងរបស់សាធារណជនលើវិស័យឧបករណ៍និស្សន្ទ និងបន្តអនុវត្តគោលការណ៍ការពារវិនិយោគិន។
ជាមួយគ្នានេះដែរ លោកបានអរគុណដល់ ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល ក្នុងនាមជាឈ្មួញជើងសាឧបករណ៍និស្សន្ទតែមួយគត់ ដែលបានចូលរួមក្នុងគ្រប់គោលដៅទាំងអស់ នៃសិក្ខាសាលាតាមបណ្ដាខេត្តរបស់គណៈកម្មការមូលបត្រកម្ពុជា នៅក្នុងឆ្នាំ២០១៨នេះ។
លោក យន់ សុវណ្ណារ៉ា អនុប្រធានការិយាល័យគ្រប់គ្រងអាជីវកម្មគម្រោងវិនិយោគរួម និងអាជីវកម្មឧបករណ៍និស្សន្ទ នៃគណៈកម្មការមូលបត្រកម្ពុជា បានបង្ហាញពីទិដ្ឋភាពទូទៅ នៃទីផ្សារឧបករណ៍និស្សន្ទ ការរីកចម្រើន នៃការជួញដូរឧបករណ៍និស្សន្ទនៅកម្ពុជា ក្របខ័ណ្ឌបទប្បញ្ញត្តិ បញ្ហាប្រឈម និងផែនការរបស់គណៈកម្មការមូលបត្រកម្ពុជាក្នុងការអភិវឌ្ឍវិស័យឧបករណ៍និស្សន្ទបន្ថែមទៀត។
លោក James Yeung នាយកផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុ នៃ ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល បានគូសបញ្ជាក់ពីសារៈសំខាន់នៃសិក្ខាសាលាតាមបណ្ដាខេត្តចំនួនប្រាំក្នុងឆ្នាំនេះ ដោយលើកឡើងថា វានឹងជួយបង្កើតជាមូលដ្ឋានគ្រឹះសម្រាប់ភាពរុងរឿង នៃទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជានាពេលអនាគត។
លោក បន្តថា “ខ្ញុំពិតជាសប្បាយចិត្តណាស់ ក្នុងការចូលរួម និងចែករំលែកបទពិសោធន៍របស់ខ្ញុំនៅគ្រប់គោលដៅទាំងអស់ នៃសិក្ខាសាលាតាមបណ្ដាខេត្តក្នុងឆ្នាំ២០១៨ ហើយខ្ញុំសូមថ្លែងអំណរគុណដល់គណៈកម្មការមូលបត្រកម្ពុជា ដែលបានធ្វើឲ្យសិក្ខាសាលានេះកើតមានឡើង។
ដោយផ្អែកទៅលើការអង្កេត និងបទពិសោធន៍ជាង៣០ឆ្នាំរបស់ខ្ញុំ ខ្ញុំបានដឹងថា វិនិយោគិនកម្ពុជា កំពុងតែផ្ដល់ការយកចិត្តទុកដាក់ខ្ពស់លើការស្វែងយល់ពីការវិនិយោគលើឧបករណ៍និស្សន្ទ។ ខ្ញុំគិតថា សិក្ខាសាលាតាមបណ្ដាខេត្តនេះ គឺជាវេទិកាដ៏ល្អមួយ សម្រាប់ពួកគេក្នុងការស្វែងយល់ពីការវិនិយោគនេះបន្ថែមទៀត”៕
Source: Kampuchea Thmey Daily
0 Comments