Ad Code

ឯម ឡេង​លី បាន​ត្រឹម​ស្មើ កាំ​ឡៃ​ផេ​ត ខណៈ ​ចាន់ ប៊ុន​លាភ ចាញ់​Eakaumnuay



​ប្រដាល់ ៖ អ្នក​ប្រដាល់​កម្ពុជា ​ឯម ឡេង​លី ក្លិប​ថ្មគោល​ពោធិ​សែន​ជ័យ ក្នុង​ការឡើង​សងសឹក​អ្នក​ប្រដាល់​ជើង​ខ្លាំង​ថៃ កាំ​ឡៃ​ផេ​ត​(Khamlaipetch Phakthungchai) យប់​ថ្ងៃទី​០៩ ខែ​ធ្នូ​ ឆ្នាំ​២០១៨ នៅក្នុង​កម្មវិធី​ប្រដាល់​ខា​រ៉ា​បាវ លើស​ង្វៀន​បាយ័ន​ស្ទឹងមានជ័យ​នោះ គឺ​បាន​ត្រឹម​ស្មើ​ពិន្ទុ​ប៉ុណ្ណោះ ខណៈ​ដែល ​ចាន់ ប៊ុន​លាភ អ្នក​ប្រដាល់​កម្ពុជា​ក្លិប​និរោធ​មានជ័យ វាយ​ចាញ់​អ្នក​ប្រដាល់​ថៃ អេក​អាំ​នួ​យ ឆ​.​ឈោ​ក​អាំ​នួ​យ​(Eakaumnuay Chhor.Chhorkaumnuay)​ដោយ​ពិន្ទុ។

ក្នុងការ​ប្រកួត​សងសឹក​នេះ ឯម ឡេង​លី គេ​វាយ​បានល្អ​ជាង​ការជួប​ប្រកួត​លើក​ទី​១ ដែល​ធ្វើឲ្យ ​កាំ​ឡៃ​ផេ​ត មិនអាច​យកឈ្នះ​បាន​ដូច​មុន។ និយាយ​រួម ប្រកួត​គ្នា​៥​ទឹក​ពេញ កាំ​ឡៃ​ផេ​ត មាន​ឱកាស​តិចតួច​ណាស់ ក្នុងការ​យកឈ្នះ​លើ​ ឯម ឡេង​លី គឺ​មាន​តែ​ ឡេង​លី ដែល​ធ្វើឲ្យ ​កាំ​ឡៃ​ផេ​ត គាំង​ម្តងៗ​វិញ​នោះ។

សូមបញ្ជាក់ថា អ្នក​ប្រដាល់​ថៃ​រូបនេះ កាលពី​ជួប ​ឯម​ ឡេង​លី លើក​ទី​១ បាន​វាយ​ ឡេង​លី ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​២។ ​ប៉ុន្តែ​ជួប​លើក​ទី​២​នេះ កាំ​ឡៃ​ផេ​ត ប៉ិះ​តែ​ចាញ់ ​ឯម ឡេង​លី វិញ​ទៅហើយ​។ កាំ​ឡៃ​ផេ​ត ជា​ជើង​ខ្លាំង​មួយរូប​ដែរ​នៅ​ស្រុកថៃ ហើយ​មក​វ៉ៃ​នៅ​ស្រុក​ខ្មែរ ក៏​កម្រ​មាន​អ្នក​យកឈ្នះ​បានដែរ។

ចំពោះ​ ចាន់ ប៊ុន​លាភ ក្លិប​និរោធ​មានជ័យ បាន​វាយ​ចាញ់​អ្នក​ប្រដាល់​ថៃ អេក​អាំ​នួ​យ ឆ​.​ឈោ​ក​អាំ​នួ​យ ដែល​គេ​ស្គាល់​ថា​ពីមុន​មានឈ្មោះ ភេ​ចណាំ​អេក ដោយ​ពិន្ទុ។ ពីរ​នាក់​នេះ ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម។​

ចាន់ ប៊ុន​លាភ វាយ​ចាញ់ អេក​អាំ​នួ​យ ដោយ​ពិន្ទុ​ដាច់​តែម្ដង ដោយ​ក្នុង​ការប្រកួត​៥​ទឹក​ពេញ​នោះ ប៊ុន​លាភ ត្រូវ​អ្នក​ប្រដាល់​ថៃ​រូបនោះ វាយ​ឲ្យ​ដួល​លើ​រេញ​ជា​ច្រើនដង ហើយ​រហូតដល់ អេក​អាំ​នួ​យ វាយ​របៀប​លេងសើច​ថែមទៀត។ ប៉ុន្តែ​យ៉ាងណា នៅក្នុង​ការប្រកួត​ទឹក​ទី​៥ ​ដែល​ជា​ទឹក​ចុងក្រោយ​នោះ ចាន់ ប៊ុន​លាភ គេ​វាយ​បានល្អ​ដោយ​ការប្រើ​កែង វាយ​ត្រូវ​ចំ​គោលដៅ​ទៅលើ​អ្នក​ប្រដាល់​ថៃ​នោះ បាន​ច្រើន​កែង​វិញ​ដែរ។

ដោយឡែក សម្រាប់​ការប្រកួត​រវាង​អ្នក​ប្រដាល់​ខ្មែរ​ និង​ខ្មែរ​គ្នាឯង​នោះ ចេង គា អ្នក​ប្រដាល់​ក្លិប​វិបុល​ដា​រិ​ទ្ធ​ពោធិ​សែន​ជ័យ បាន​ផ្ដួល ​អូន ចាន់​ឡឹង អ្នក​ប្រដាល់​ក្លិប​កុសល​កីឡា ឲ្យ​បោះបង់ចោល​ការ​ប្រកួត​ក្នុង​ទឹក​ទី​២។

•​អ៊ូច ធា​រិ​ទ្ធ ក្លាយជា​ម្ចាស់​ពាន​បាយ័ន​ទម្ងន់​៥៧​គីឡូក្រាម​ ​
​ជើង​ខ្លាំង​៤​រូប ដែល​ឡើង​ប្រកួត​ដណ្តើមពាន​អនុស្សាវរីយ៍​បាយ័ន សម្រាប់​ប្រភេទ​ទម្ងន់​៥៧​គីឡូ​ក្រាម ឆ្នាំ​២០១៨ នៅលើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ កាលពី​ល្ងាច​ថ្ងៃ​សៅរ៍ ទី​០៨ ខែ​ធ្នូ​ ឆ្នាំ​២០១៨​នោះ ទីបំផុត​ម្ចាស់​ពានរង្វាន់ បាន​ធ្លាក់​ទៅលើ​អ្នក​ប្រដាល់​ អ៊ូច ធា​រិ​ទ្ធ ក្លិប​អាណាចក្រ​គុន​ខ្មែរ បន្ទាប់​ពី​គេ​យកឈ្នះ​ នី​ម នន អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ ក្នុង​ទឹក​ទី​១ ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​នោះ។

ក្នុងការ​ប្រកួត​ជម្រុះ​ដំណាក់​ទី​១ អ៊ូច ធា​រិ​ទ្ធ គេ​វាយ​ឈ្នះ​ ស៊ឹម ប៊ុនឆៃ ក្លិប​ព្រៃទទឹង​ខេត្តបាត់ដំបង ក្នុង​ទឹក​ទី​១ ឯ នី​ម នន ប្រកួត​ដំណាក់​ទី​១​ដែរនោះ គេ​វាយ​ឈ្នះ​ ឌឹ​ម សារិទ្ធ សមាគម​កីឡាប្រដាល់​ក្រសួង​ការពារ​ជាតិ​ដោយ​ពិន្ទុ។

អ៊ូច ធា​រិ​ទ្ធ និង នី​ម នន បាន​ឡើងមក​ជួបគ្នា​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ តែ​ នី​ម នន មិនអាច​ស៊ូ​ចា​មួយ ​អ៊ូច ធា​រិ​ទ្ធ​បាន ក៏​បោះបង់​ការប្រកួត​ក្នុង​ទឹក​ទី​១​តែម្ដង​ទៅ ដែលនាំឲ្យ ​អ៊ូច ធា​រិ​ទ្ធ ក្លាយ​ជា​ម្ចាស់​ពានរង្វាន់​អនុស្សា​វរីយ៍​របស់​ទូរទស្សន៍​បាយ័ន​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម​នេះ។​

ចំពោះ​ការប្រកួត​គូ​ឯក​វិញ​នោះ កំពែង ខ្មៅ អ្នក​ប្រដាល់​ក្លិប​អេ​ភូ​ថង​កីឡា ប្រកួត​ឈ្នះ ឆាយ មាស អ្នក​ប្រដាល់​ក្លិប​សំរោង​កោង​ខេត្តបាត់ដំបង ដោយ​ពិន្ទុ បន្ទាប់ពី​វាយ​គ្នា​៥​ទឹក​ពេញ​នោះ។ ពីរ​នាក់​នេះ ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦០​គីឡូក្រាម៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu