កាលពីថ្ងៃចន្ទ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មទៅលើមន្ត្រីកូរ៉េខាងជើងបីនាក់ ខណៈដែលខ្លួនហៅកំណត់ត្រាសិទ្ធិមនុស្សរបស់របបនេះថា ស្ថិតក្នុងចំណោមកំណត់ត្រាអាក្រក់បំផុតលើពិភពលោកហើយនេះគឺជាការផ្លាស់ប្តូរភ្លាមៗពីកិច្ចខិតខំប្រឹងប្រែងរបស់លោកប្រធានាធិបតី Donald Trump ក្នុងការទាក់ទាញរបបនេះ។
នៅក្នុងសកម្មភាពដែលតម្រូវដោយសភា, រដ្ឋបាលរបស់លោក Trump បាននិយាយថា ខ្លួននឹងរឹបអូសយកទ្រព្យសម្បត្តិនៅអាមេរិករបស់លោក Choe Ryong Hae ដែលត្រូវបានគេពិពណ៌នាថាជាដៃស្តាំរបស់មេដឹកនាំគីមជុងអ៊ុននិងមន្ត្រីពីរនាក់ផ្សេងទៀតអំពីតួនាទីរបស់ពួកគេក្នុងការបង្ក្រាបលើសេរីភាពបញ្ចេញមតិ។
អ្នកនាំពាក្យក្រសួងការបរទេសលោក Robert Palladino បាននិយាយថា “ការក្រោកឈរឡើងដើម្បីសិទ្ធិមនុស្សនិងសេរីភាពបែបនេះគឺជាអាទិភាពគោលនយោបាយការបរទេសដែលតំណាងអោយប្រពៃណីល្អបំផុតរបស់សហរដ្ឋអាមេរិក”។
លោកបាននិយាយថា “ការរំលោភបំពានសិទ្ធិមនុស្សនៅក្នុងប្រទេសកូរ៉េខាងជើងនៅតែស្ថិតក្នុងចំណោមការរំលោភបំពានអាក្រក់បំផុតនៅលើពិភពលោកហើយរួមមានការសម្លាប់ក្រៅប្រព័ន្ធតុលាការ ពលកម្មដោយបង្ខំ ការធ្វើទារុណកម្ម ការឃុំឃាំងដោយបំពានរយៈពេលយូរ ការរំលោភសេពសន្ថវៈ ការរំលូតកូនដោយបង្ខំនិងអំពើហិង្សាផ្លូវភេទដទៃទៀត”។
ក្រសួងការបរទេសត្រូវបានតម្រូវដោយច្បាប់ឆ្នាំ២០១៦ដើម្បីបង្កើតរបាយការណ៍អំពីសិទ្ធិមនុស្សរបស់ប្រទេសកូរ៉េខាងជើងសម្រាប់សភាពីរលើកក្នុងមួយឆ្នាំ។
ប៉ុន្តែការដាក់របាយការណ៍របស់ខ្លួនកាលពីថ្ងៃចន្ទដែលចំទិវាសិទិ្ធមនុស្សអន្តរជាតិគឺជាលើកដំបូងចាប់តាំងពីខែតុលាឆ្នាំ២០១៧មកស្របពេលដែលលោក Trump បានយកឈ្នះផ្នែកការទូតជាមួយកូរ៉េខាងជើងដែលផ្តោតលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។
ទណ្ឌកម្មនេះគឺនឹងរឹបអូសទ្រព្យសម្បត្តិរបស់មន្ត្រីទាំងបីនៅសហរដ្ឋអាមេរិកនិងហាមឃាត់រាល់ប្រតិបត្តិការហិរញ្ញវត្ថុណាមួយដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកជាមួយពួកគេ។
ការរឹតត្បិតបែបនេះអាចមានឥទ្ធិពលតិចតួចទៅលើមន្ត្រីនៅក្នុងប្រទេសផ្តាច់ការកូរ៉េខាងជើងប៉ុន្តែវាគឺជាសញ្ញាយ៉ាងច្បាស់លាស់មួយខណៈពេលដែលកូរ៉េខាងជើងកំពុងស្វែងរកការទទួលយកកាន់តែច្រើនពីសហរដ្ឋអាមេរិក៕ AFP
Source: Kampuchea Thmey Daily
0 Comments