ភ្នំពេញ ៖ តារាប្រុសវីជេ រតនា ក្រោយពេលភ្ជាប់ចំណងអាពាហ៍ពិពាហ៍ និងសាងសុភមង្គលស្នេហាជាមួយភរិយាស្របច្បាប់ រហូតឈានដល់ការទទួលបានកូនប្រុសម្នាក់ជាតំណក់ឈាមរួមគ្នាហើយនោះ បច្ចុប្បន្ន តារាប្រុសរូបនេះ ក៏កំពុងតែត្រៀមស្វាគមន៍នូវកាដូចំណងដៃកូនទី២ ដែលកំពុងតែស្ថិតនៅក្នុងផ្ទៃពោះភរិយាដ៏ល្អទៀតផង។
ទន្ទឹមគ្នាដែលបច្ចុប្បន្ន លោក ក៏បានក្លាយជាស្វាមី និងឪពុកដ៏ល្អផងនោះវីជេ រតនា មុននេះបានបញ្ចេញអារម្មណ៍របស់ខ្លួនអាណិតដល់ភរិយាអំឡុងពេលត្រៀមសម្រាលកូនទី២បែបនេះថា ឮពាក្យប្រពន្ធពោលអញ្ចឹងហើយ មានអារម្មណ៍ថា អាណិតគាត់ណាស់ កំពុងអង្គុយញ៉ាំបាយពីរនាក់គាត់ គាត់និយាយថា ៖ មានអារម្មណ៍ថា ខ្លាចណាស់ប្តី ព្រោះមិនទាន់ភ្លេចអារម្មណ៍កាលពេលឈឺពោះកូនទី១នោះទេ ឮហើយ ខ្ញុំក៏ប្រាប់ទៅគាត់វិញភ្លាមថា កុំអារម្ភអ្វី បងនឹងនៅជិតអូនជានិច្ច មិនអីទេប្រពន្ធ។
វីជេ រតនា បានរៀបរាប់ទៀតថា ព្រោះកាលកូនទីមួយគាត់ទ្រាំឈឺពោះអស់រយៈពេលជិត១២ម៉ោងដោយសារចង់សម្រាលតាមបែបធម្មជាតិ តែដោយសារស្បូនមិនបើក ទើបសម្រេចចិត្តធ្វើការវះកាត់ដោយសារគាត់ឈឺទ្រាំលែងបាន។
អាណិតប្រពន្ធស្ទើរខ្លោចចិត្ត នេះហើយជាមូលហេតុដែលធ្វើឲ្យគាត់មានអារម្មណ៍ខ្លាច និង ចងចាំនូវអារម្មណ៍ឈឺពោះនាពេលនោះមិនទាន់ភ្លេច។
បន្ថែមពីលើនេះ តារាប្រុសវីជេ រតនា បានលើកឡើងថា នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ ពួកយើងត្រៀមទទួលស្វាគមន៍សមាជិកថ្មីបន្ថែមម្នាក់ទៀតហើយ។ បងសូមទោស ដែលបងមិនអាចឈឺជំនួសអូនបាន តែបងនឹងនៅក្បែរអូនលើកទឹកចិត្តអូន ផ្តល់ភាពកក់ក្តៅឲ្យអូន ណាប្រពន្ធសំឡាញ់ កុំភ័យ កុំខ្លាចកុំបារម្ភ អូននិងកូនជាកែវភ្នែកនិងជាអ្វីៗគ្រប់យ៉ាងរបស់បង។អ្វីដែរខ្ញុំទទួលបានពីគ្រួសារដ៏តូចមួយនេះគឺ សេចក្ដីសុខ សុភមង្គលសន្យាជាមួយបងណា ថែរក្សាគ្នាដល់ចាស់កោងខ្នងណាអូន មិនយូរទេត្រឹមតែ២១.៩០០ថ្ងៃ ទៀតទេ។
វីជេ រតនា ត្រូវបានគេស្គាល់គ្រប់គ្នាថា ជាតារាសម្តែង និងជាពិធីករប្រុស ដែលមានប្រជាប្រិយភាពគួរសមរបស់ខ្មែរ លោកមានប្រពន្ធ ឈ្មោះថា លឹម លីហ្សា អ្នកនាងក៏ធ្លាប់ជាអតីត Freshy Girl ខណៈដែលបច្ចុប្បន្ន ពួកគេក៏ក្លាយទៅជាឪពុក-ម្តាយរបស់កូនទី២ផងនោះ។
តារាសម្តែងរូបសង្ហា វីជេ រតនា បានសម្រេចបញ្ចប់ភាពនូវលីវដោយដឹកដៃភរិយារបស់ខ្លួនចូលរោងជ័យក្រាបផ្ទឹមក្បាលដល់កន្ទេល កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦កន្លងទៅ៕
Source: Kampuchea Thmey Daily
0 Comments