កោះកុង ៖ យោងតាមសេចក្ដីរាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោងប្រមាណ១ និង២០នាទីរសៀល ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៨ មានរថយន្តក្រុងទេសចរណ៍មួយគ្រឿង ដែលដឹកបុគ្គលិកក្រុមហ៊ុនទ្រូម៉ានី បំណងទៅកម្សាន្តនៅតាតៃ បានក្រឡាប់ធ្លាក់ផ្លូវ ចំណុចចន្លោះគីឡូម៉ែត្រលេខ ១៣០-១៣១ ស្ថិតនៅភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង។
រថយន្តក្រុងទេសចរណ៍នោះ ពាក់ស្លាកលេខ ភ្នំពេញ 3C-6354 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណបានរត់គេចខ្លួនបាត់ ក្នុងនោះមានអ្នករួមដំណើរចំនួន៤៤នាក់ បានរងរបួស៥នាក់ ក្នុងនោះរងរបួសធ្ងន់២នាក់។
តាមការបញ្ជាក់របស់សមត្ថកិច្ចឲ្យដឹងថា មូលហេតុដែលបណ្ដាលឲ្យរថយន្តនោះធ្លាក់ផ្លូវ គឺមកពីរថយន្តបើកបរក្នុងស្ថានភាពល្បឿនលឿន ហើយចុះចំណោត ក៏ដាច់ខ្សែហ្វាំ្រង បុកទៅនឹងរនាំង ការពារផ្លូវ បណ្តាលឲ្យក្រឡាប់ធ្លាក់ចិញ្ចើមផ្លូវតែម្តង។
ក្រោយពេលកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាតៃក្រោម សហការជាមួយកម្លាំងអន្តរាគមន៍ខេត្ត ចុះជួយសង្គ្រោះអ្នករងបួស ដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង៕
Source: Kampuchea Thmey Daily
0 Comments