បាត់ដំបង ៖ នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៨ នេះដែរ លោក ឡុំ សោម អភិបាលស្រុក សង្កែ ក៏ដូចជាប្រជាពលរដ្ឋមួយចំនួនធំដែរ បានសំដែងនូវប្រតិកម្មយ៉ាងខ្លាំងទៅលើលោកមេឃុំនរា ដែលថ្លើមធំហ៊ានស៊ីញ៉េ លក់ស្រះរដ្ឋ ដែលមានតាំងពីដើម ឲ្យទៅឯកជន ដើម្បីចាក់ដីលុបធ្វើជាកម្មសិទ្ធិ។
ការចាក់ដីលុបស្រះរដ្ឋ ដើម្បី ធ្វើជាទីតាំងលក់គ្រឿងសំណង់នេះ គឺគេបានធ្វើឡើងយ៉ាងស្ងៀមស្ងាត់ ចាប់តាំងពីអំឡុងចុងខែវិច្ឆិកា មកម្ល៉េះ ស្ថិតនៅចំណុចភូមិតាកុក ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង ហើយទំហំស្រះ ( ស្រះតាលី ) ដែលត្រូវឯកជនទន្ទ្រាននេះមានប្រវែង ៥៩ x ៣៣ ម៉ែត្រ ជាប់និងផ្លូវក្រាលកៅស៊ូខាងលិចប៉ុស្តិ៍ នគរបាលរដ្ឋបាល នរា។
បើតាមសំដីបុរសវ័យចំណាស់ម្នាក់ ដែលរស់នៅក្នុងភូមិនេះជាយូរមកហើយបាននិយាយថា នៅម្តុំភូមិសាស្ត្រខាងលើ គឺមានបឹងតាលី ចំនួន ៤ កន្លែង ដែលជាបឹងតាំងពីបុរាណមក ដោយគ្មាននរណាម្នាក់ហ៊ានចាក់ដីលុបឡើយ ព្រោះម្តុំនេះជាមុខទឹកដែលគេរំដោះចេញពីភាគខាងកើតនៃ ក្រុងបាត់ដំបង ផង។
លោកបានបន្តថា កាលមុនមាន ប្រជា ពលរដ្ឋម្នាក់ដែលរស់នៅជាប់មាត់ ស្រះតាលី ( ខាងលិចដីដែលកំពុងមានបញ្ហា ) មានបំណងចង់ចាក់ដីលុបស្រះ មួយផ្នែកដែរ ប៉ុន្តែត្រូវបានរារាំងពីសំណាក់ប្រជាពលរដ្ឋ ដោយពួកគាត់មិនអនុញ្ញាតឲ្យលុបជាដាច់ខាត ព្រោះបឹង ឬស្រះបុរាណ ជាសម្បត្តិរដ្ឋ បើទោះបីជាបច្ចុប្បន្នមានទឹករដ្ឋប្រើប្រាស់ក៏ដោយ ក៏ស្រះទាំងនេះមានសារៈសំខាន់ដែរ សម្រាប់ឲ្យពលរដ្ឋបូមស្រោចផលដំណាំ ស្រែ ឬក៏ទុកជកន្លែងរំដោះទឹកពេលមានទឹកជន់ម្តងម្កាល់ដែរ ព្រោះអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ ដោយមិនអនុញ្ញាតឲ្យជនណាម្នាក់ចាក់ដីលុបទៅលើព្រែក បឹងបួរ ស្ទឹង ទន្លេ និងអូរ ជាដាច់ខាត ព្រោះវាជាសម្បត្តិរដ្ឋ។
ជួបជាមួយកម្ពុជាថ្មី តាមរយៈទូរស័ព្ទ លោក ភឿន ឈុនលាង រស់នៅឃុំសំរោងបានបកស្រាយតាមបែប ( ក្រៅពីអញ មានតែអញ ) ថា អ្នកណាថាលោកទិញដីស្រះនេះ តាមពិត លោកបានទិញដីនៅខាងក្រោយស្រះតាលី នេះបានហើយ ដូច្នេះរឿងអី ដីនៅខាងមុខលោកគ្មានសិទ្ធិចាក់ដីដើម្បីធ្វើផ្លូវចេញចូល !.. ហើយការចាក់ដីនេះ ក៏លោកមានឯកសារយល់ព្រម និងឯកភាពពីលោកមេឃុំ នរា ដែរ។
ភាសានេះមានន័យថា បើគេទិញបានដីនៅខាងក្រោយពលរដ្ឋណាហើយ ប្រយ័ត្នបន្តិចព្រោះគេអាចទម្លុះរបងអ្នកខាងមុខដើម្បីធ្វើផ្លូវចេញ ចូលហើយ។
ដោយឡែកជាងម្នាក់ ដែលកំពុងសាងសង់រោងយ៉ាងធំមួយ នៅលើដីនេះ បាននិយាយថា ដីស្រះនេះ គេឮថា ម្ចាស់ដីបានទិញពីអាជ្ញាធរ ដើម្បីធ្វើជាទីតាំងលក់គ្រឿងសំណង់ ប៉ុន្តែចំពោះការចាក់ដីលុបទៅលើស្រះបុរាណ និងលុបដីបិទមុខលូទឹកដែលហូរកាត់ថ្នល់ ហើយលូឆ្លងថ្នល់នេះមានមុខកាត់ប្រហែល ៤ ម៉ែត្រ វាជារឿងខុសច្បាប់នោះគឺគេមិនដឹងទេ គ្រាន់តែធ្វើយកកម្រៃតែប៉ុណ្ណោះ។
ជុំវិញបញ្ហានេះដែរ លោក មេឃុំ នរា ជុំ គឹមសេង បានបញ្ជាក់ប្រាប់កម្ពុជាថ្មី ថាលោកទទួលស្គាល់ គឺពិតជាបានអនុញ្ញាតឲ្យបុគ្គលម្នាក់ ចាក់ដីលុបបឹងនេះមែន ក្រោយពីបានប្រជុំក្រុមប្រឹក្សាឃុំរួចមក ដើម្បីទទួលបានផ្លូវបេតុងមួយខ្សែសម្រាប់បម្រើឲ្យពលរដ្ឋដែលនៅខាងក្រោយ មានផ្លូវដឹកស្រូវចេញពីស្រែ។
ការដោះស្រាយបែបនេះ ត្រូវបានប្រភពច្បាស់ការមួយលើកឡើងថា ស្រែដែលនៅខាងក្រោយមិនសំខាន់ទេ ព្រោះរាល់ឆ្នាំ គឺគេមានផ្លូវសម្រាប់ដឹកចេញ ចូលរួចទៅហើយ តែធាតុពិតផ្លូវបេតុងនេះ គេធ្វើឡើងសម្រាប់ចូលទៅកាន់ តំបន់ពុះចែកដីឡូតិ៍របស់គេតែប៉ុណ្ណោះ មិនមែនបម្រើឲ្យពលរដ្ឋនៅក្នុងឃុំនរានោះឡើយ។
នៅព្រឹកនេះដែរ លោក ឡុំ សោម អភិបាលស្រុកសង្កែ បានមានប្រសាសន៍ថា រឿងនេះ លោកទើបនិងបានទទួល ហើយលោកបានចាត់តាំងអភិបាលរងម្នាក់ឲ្យចុះទៅសាកសួរលោកមេឃុំ និងធ្វើការសិក្សាទៅលើរឿងនេះហើយ ប៉ុន្តែដោយសារចំថ្ងៃសៅរ៍ អាទិត្យ ដូច្នេះលោកមិនទាន់បានទទួលសេចក្តីរាយការណ៍តបមកវិញឡើយ។ ជុំវិញបញ្ហានេះដែរ ប្រធានក្រុមការងារ ចុះជួយ ឃុំនរា ឮថា មានការខឹងសម្បាយ៉ាងខ្លាំងទៅលើលោកមេឃុំ រូបនេះ ដែលដូចជាថ្លើមធំ ហ៊ានជ្រុលពេក៕
Source: Kampuchea Thmey Daily
0 Comments