ភ្នំពេញ ៖ យុវជនមួយក្រុម កាលពីព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៨ បានរៀបចំអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ ក្រោមប្រធានបទ ស្តីពី "អ្នកការពារសិទ្ធិមនុស្ស និងបរិស្ថានវ័យក្មេង" ដែលពិធីនេះ រៀបចំនៅសណ្ឋាគារសាន់វេ ដោយមានអ្នកចូលរួមប្រមាណ១០០នាក់។
លោក ទឹម ម៉ាឡៃ ប្រធានបណ្ដាញយុវជនកម្ពុជាបានថ្លែងថា វេទិកានេះ រៀបចំឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់ការចូលរួមរបស់យុវជននៅក្នុងប្រទេសកម្ពុជា ឲ្យចាប់ផ្ដើមគិតពីសិទ្ធិមនុស្ស និងបរិស្ថានថា មានសារសំខាន់ ដែលផ្តល់ឱកាសឲ្យពួកគាត់ជជែកគ្នាអំពីបញ្ហា និងដំណោះស្រាយនៅក្នុងសង្គមកម្ពុជា ដែលកើតមានឡើង ទាក់ទងបរិស្ថាន និងសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា។
លោកបញ្ជាក់ថា បរិស្ថាន និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជាមានទំហំធំ ពីព្រោះវាជាបញ្ហាមួយដែលផ្សារភ្ជាប់ជាមួយផលប្រយោជន៍របស់ប្រជាពលរដ្ឋ នៅក្នុងប្រទេស និងរដ្ឋាភិបាល ដែលអនុវត្តដោយក្រុមហ៊ុន ហើយរាល់បញ្ហាត្រូវបានទុកពន្យារពេលច្រើនឆ្នាំ ហើយបញ្ហាទាំងនោះ តែងត្រូវបានលើកឡើងដោយប្រជាពលរដ្ឋ មានការដោះស្រាយយឺតយ៉ាវ ដូច្នេះដោយសារតែមានបញ្ហាយឺតយ៉ាវ និងបញ្ហាសង្គមកើតមានឡើង យើងនៅតែបន្តជំរុញឲ្យរដ្ឋាភិបាល និងក្រុមហ៊ុនមានយន្តការល្អ និងវិធីសាស្ត្រល្អៗក្នុងការធ្វើឲ្យដោះស្រាយរួច និងទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធ។
ទាក់ទងបញ្ហាសិទ្ធិមនុស្ស លោក ទឹម ម៉ាឡៃ អះអាងថា បញ្ហាសិទ្ធិមនុស្សនៅកម្ពុជា មានសភាពគួរកត់សម្គាល់ ហើយយើងចង់បានឲ្យមានលក្ខណៈប្រសើរថែមទៀត ពីព្រោះស្ថានភាពនៅក្នុងប្រទេសប្រជាធិបតេយ្យ ត្រូវការសិទ្ធិមនុស្សទូលំទូលាយ ត្រូវការផ្តល់នូវសិទ្ធិសេរីភាពក្នុងការជជែកគ្នា ទាំងសិទ្ធិនយោបាយ ទាំងសិទ្ធិសេដ្ឋកិច្ច សង្គមវប្បធម៌ ហើយជាការជជែកគ្នាដោយចំហ ដោយមិនមានការបិទបាំងសម្រាប់ប្រជាជននៅក្នុងប្រទេសកម្ពុជា៕
Source: Kampuchea Thmey Daily
0 Comments