មណ្ឌលគិរី ៖ ប្រជាពលរដ្ឋងាយរងគ្រោះចំនួន២៣គ្រួសារ ជាជនជាតិដើមភាគតិចព្នងត្រូវបានលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី អមដំណើរដោយសមាជិក សមាជិកា អនុសាខាស្រុក និងយុវជនកាកបាទក្រហមកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌មួយចំនួន ផ្តល់ជូនប្រជាពលរដ្ឋក្រីក្រ និងជនរងគ្រោះផ្សេងៗចំនួន២៣គ្រួសារ ស្ថិតនៅភូមិឈួល ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨។
លោកស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានពាំនាំការសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរ ពីសុខុមាលភាពរបស់ប្រជាពលរដ្ឋទូទៅ ជាពិសេស ប្រជាពលរដ្ឋក្រីក្រ ជនចាស់ជរា ជនពិការ ស្ត្រីម៉េមាយ កុមារកំព្រា ឫជនងាយរងគ្រោះដោយប្រការផ្សេងៗ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។
ជាក់ស្តែង គ្រួសារក្រីក្រ និងជនរងគ្រោះនាពេលនេះ ទទួលបានអំណោយមនុស្សធម៌ និងថវិកាមួយចំនួន របស់កាកបាទក្រហមកម្ពុជា ដើម្បីជួយសម្រាលនូវទុក្ខលំបាកបានមួយរយៈផងដែរ។ លោកបានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវគិតគូរពីបញ្ហាការថែទាំសុខភាព ដោយបរិភោគទឹកស្អាត គេងក្នុងមុងជានិច្ច និងសម្អាតបរិស្ថានជុំវិញផ្ទះ ហើយត្រូវខិតខំចិញ្ចឹមសត្វ និងដាំដុះដំណាំចម្រុះផ្សេងៗ ដើម្បីធ្វើយ៉ាងណា លើកស្ទួយកម្រិតជីវភាពរស់នៅឲ្យមានលក្ខណៈសមរម្យ។ តាមការបញ្ជាក់របស់លោក អាន សុឃីម នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី បានឲ្យដឹងថា ប្រជាពលរដ្ឋក្រីក្រ និងជនរងគ្រោះផ្សេងៗចំនួន២៣គ្រួសារ ស្ថិតនៅភូមិឈួល ឃុំស្រែហ៊ុយ ស្រុកកោះញែក នាពេលនេះ ក្នុងមួយគ្រួសារ ទទួលបានអង្ករ ៣០គីឡូក្រាម ឃីត១កញ្ចប់ កន្ទេល ត្រីខ និងបន្ថែមថវិកា៥ម៉ឺនរៀល។បន្ទាប់មក ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី រួមទាំងមន្ទីរអង្គភាព បានអញ្ជើញចុះពិនិត្យមើលស្ថានភាព ទឹកស្រែ របស់ប្រជាកសិករនៅក្នុងឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ផងដែរ ក្រៅពីនេះលោកអភិបាលខេត្តបានធ្វើការដល់បងប្អូនប្រជាពលរដ្ឋឲ្យរស់នៅធ្វើការអនាម័យក្នុងការរស់នៅ ហូបស្អាត ផឹកស្អាតនិងរស់នៅស្អាត៕
Source: Kampuchea Thmey Daily
0 Comments