Ad Code

អូស្ត្រាលី​រង​ការចោទប្រកាន់​ពីបទ​ធ្វើ​ទារុណកម្ម​លើ​ជនភៀសខ្លួន



អ្នកស្វែងរក​សិទ្ធិ​ជ្រកកោន​ជាង​មួយ​ពាន់​នាក់​ដែល​ត្រូវបាន​ឃុំឃាំង​ដោយ​ប្រទេស​អូស្ដ្រាលី​ក្នុង​មណ្ឌល​ឃុំឃាំង​ឈូង​សមុទ្រ​បាន​ប្តឹង​ទីក្រុង​កង់​បេ​រ៉ា​ដោយ​ចោទប្រកាន់ថា ពួកគេ​រង​ការធ្វើ​ទារុណកម្ម​និង​ការរំលោភបំពាន​សិទ្ធិមនុស្ស​។​

ជនអន្តោប្រវេសន៍​ដែល​កំពុង​ត្រូវបាន​គេ​ឃុំឃាំង​នៅលើ​កោះ Manus ក្នុងប្រទេស​ប៉ា​ពួ​ញូ​ហ្គី​ណេ​និង​កោះ Nauru នឹងដាក់​ពាក្យបណ្តឹង​ពីរ​ប្រភេទ​ដែល​នេះ​ជាការ​ប៉ុនប៉ង​ចុងក្រោយ​បំផុត​ដើម្បី​បញ្ចប់​ការឃុំខ្លួន​របស់​ពួកគេ​។​

លោក George Newhouse មេធាវី​មកពី​ក្រុម​យុទ្ធនាការ​ច្បាប់ National Justice Project បាន​និយាយថា “​សមាជិក​ក្រុម​នេះ​បាន​អះអាងថា ពួកគេ​ត្រូវ​ទទួលរង​ការធ្វើ​ទារុណកម្ម ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​និង​ការដាក់ទោស​ដោយ​ចេតនា​ពី​រដ្ឋាភិបាល​អូស្ត្រាលី​”​។​

គម្រោង​នេះ​បាន​និយាយថា បុគ្គល​ប្រហែល​១,២០០​នាក់​នឹង​ត្រូវបាន​តំណាង​ដោយ​មេធាវី​កំពូល​ឈ្មោះ Julian Burnside ។​

រដ្ឋាភិបាល​ស្តាំនិយម​របស់​ប្រទេស​អូស្ត្រាលី​បាន​និយាយ​ការពារ​គោលនយោបាយរ​បស់​ខ្លួន​ក្នុងការ​ឃុំឃាំង​ជនអន្តោប្រវេសន៍​នៅក្នុង​មណ្ឌល​ឈូង​សមុទ្រ​។​

លោកនាយក​រដ្ឋមន្ដ្រី Scott Morrison បាន​អះអាងថា ការអនុញ្ញាតអោយ​ជនភៀសខ្លួន​អាច​ទៅដល់​ប្រទេស​អូស្ត្រាលី​គឺ​នឹង​លើកទឹកចិត្ត​ដល់​អ្នក​ដទៃទៀត​អោយធ្វើ​ដំណើរ​។​

ប៉ុន្តែ​គោលនយោបាយ​នេះ​មិនមាន​ប្រជាប្រិយភាព​ទេ​ក្នុងចំណោម​សាធារណៈជន​អូស្ត្រាលី​ហើយ​ត្រូវបាន​ក្រុម​អ្នកការពារ​សិ​ទិ្ធ​មនុស្ស​និង​វេជ្ជបណ្ឌិត​រិះគន់ថា “​អមនុស្សធម៌​”​។​

អង្គការសហប្រជាជាតិ​និង​ក្រុម​វេជ្ជបណ្ឌិត​កាលពីពេល​ថ្មីៗ​នេះ​បាន​ព្រមាន​អំពី​កម្រិត​នៃ​ការធ្លាក់​ទឹកចិត្ត​គួរអោយ​ព្រួយបារម្ភ​នៅលើ​កោះ Nauru ដោយមាន​ការប៉ុនប៉ង​ធ្វើអត្តឃាត​ជាច្រើនលើក​ច្រើនសា​ហើយ​កុមារ​កំពុង​រស់នៅក្នុង​ភាព​អស់សង្ឃឹម​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu