Ad Code

លោក ទៀ សីហា ត្រូវ​ព្រះមហាក្សត្រ​ត្រាស់បង្គាប់​តែងតាំង​ជា​អភិបាល​ខេត្តសៀមរាប ជំនួស​លោក ឃឹម ប៊ុន​សុង



ភ្នំពេញ​ ៖ លោក ទៀ សីហា កូនប្រុស​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ហើយ​បច្ចុប្បន្ន​មាន​តួនាទី​ជា​អភិបាលរង​ខេត្តសៀមរាប​ផង​ដែរ​នោះ ត្រូវ​បាន​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រាស់បង្គាប់​តែងតាំង​ជា​អភិបាលខេត្ត​ជំនួស​លោក ឃឹម ប៊ុន​សុង ដែល​ត្រូវ​បាន​ព្រះមហាក្សត្រ​ត្រាស់បង្គាប់​ដំឡើង​ឋានន្តរស័ក្តិ ថ្នាក់​នាយ​ឧ​ត្ត​ម​សេនីយ៍ និង​តែងតាំង​ជា​រដ្ឋលេខាធិការ​ក្រសួងការពារជាតិ​។



យោង​តាម​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ​២០១៨ របស់​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាត្រា​១​បញ្ជាក់​ថា តែងតាំង​លោក ទៀ សីហា ឋានន្តរស័ក្តិ ឧ​ត្ត​ម​មន្ត្រី ថ្នាក់​លេខ​៣ ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប ហើយ​មាត្រា​២​បញ្ជាក់​ថា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​ទទួលបន្ទុក​អនុវត្ត​ព្រះរាជក្រឹត្យ​នេះ ចាប់​ពី​ថ្ងៃ​ឡាយព្រះហស្ថលេខា​តទៅ​។



គួរ​រំលឹក​ថា លោក ទៀ សីហា ដែល​បច្ចុប្បន្ន ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​ប្រចាំខេត្ត​សៀមរាប​ផង​នោះ ត្រូវ​បាន​មន្ត្រី​នៅ​ខេត្តសៀមរាប គឺ​លោក នួន ពុទ្ធា​រ៉ា ជា​ប្រធាន​រដ្ឋបាលខេត្ត និយាយថា លោក ទៀ សីហា ជា​មនុស្ស​ជំនាន់​ថ្មី ហើយ​ជា​យុវជន ដូច្នេះហើយ​គាត់​មាន​ថាមពល​ពេញ​បរិបូណ៌​។ មួយវិញទៀត គាត់​ធ្លាប់បាន​ទៅ​សិក្សា​នៅ​បរទេស និង​មាន​បទពិសោធ​ន៍​ការងារ ដូច្នេះ​គាត់​អាច​ធ្វើការ​ប្រកបដោយ​ប្រសិទ្ធភាព និង​បាន​ឆាប់រហ័ស​។ ក្រៅពី​នេះ លោក ទៀ សីហា មាន​បទពិសោធន៍​យូរ​មកហើយ​នៅក្នុង​ក្រសួងការពារជាតិ ហើយក៏​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ប្រចាំខេត្ត​សៀមរាប​ផងដែរ​។ ជាមួយគ្នានេះ លោក ទៀ សីហា ក៏បាន​ចំណាយពេល​ជាច្រើន​ធ្វើការ​នា​ពេល​កន្លងមក ហើយ​ក្នុង​នោះ ក៏មាន​ការរៀបចំ​កម្ម​វិធី​អង្គរ​សង្ក្រាន្ត​ផង​ដែរ​។



លោក ទៀ សីហា កើត​នៅ​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​១៩៨០ នៅ​រាជធានី​ភ្នំពេញ ជា​មន្ត្រី​បម្រើការ​ក្នុង​កងយោធពល​ខេមរភូមិន្ទ មាន​ឋានន្តរស័ក្ដិ​ថ្នាក់​ឧ​ត្ត​ម​។ លោក​ជា​កូនប្រុស​ទី​២ របស់​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​។ ពី​កុមារភាព​បាន​សិក្សា​នៅ​សាលាបឋមសិក្សា​ចតុមុខ ក្នុង​ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។ លុះ​ចូល​ដល់​វ័យ​ជំទង់ និង​ត្រូវ​ចូលរៀន​កម្រិត​មធ្យមសិក្សា លោក​ត្រូវ​បាន​ឪពុកម្តាយ​បញ្ជូន​ឲ្យ​ទៅ​សិក្សា​នៅ​សាលា Lycée Passy Saint-Honoré ប្រទេស​បារាំង រហូត​ប្រឡង​ចូល​មហាវិទ្យាល័យ​នៅ​ទីនោះ​។



ក្នុង​រយៈពេល​១០​ឆ្នាំ នៃ​ការ​ស្នាក់នៅ​សិក្សា​នៅ​ប្រទេស​បារាំង លោក ទៀ សីហា បាន​បញ្ចប់​បរិញ្ញាបត្រ​ផ្នែក​ពាណិជ្ជកម្ម ពី​មហាវិទ្យាល័យ Passy Saint-Honoré នាទី​ក្រុងប៉ារីស ប្រទេស​បារាំង នៅ​ឆ្នាំ​២០០១​។ នៅក្នុង​ដំណាក់​កាលនោះ លោក ទៀ សីហា បាន​ចូល​សិក្សា​រយៈពេល​ពេញ​មួយឆ្នាំ​នៅ​សាលា​ទាហាន ឈ្មោះ École Spéciale Militaire de Saint-Cyr ដែលជា​រាជបណ្ឌិត្យសភា​យោធា​របស់​ប្រទេស​បារាំង​។ ក្រោយពេល​បញ្ចប់​ការសិក្សា លោក ទៀ សីហា បាន​វិលត្រឡប់​មកកាន់​មាតុភូមិ​វិញ​នា​ឆ្នាំ​២០០១ រួច​ចូល​បម្រើការ​ជា​មន្ត្រី​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​។ ក្នុង​ពេល​បំពេញការងារ​ជា​មន្ត្រី​យោធា​នេះ លោក​បាន​ឆ្លៀតពេល​បង្កើន​សមត្ថភាព​ផ្នែក​គ្រប់គ្រង នៅ​រាជបណ្ឌិត្យសភា​រដ្ឋបាល​ជាន់ខ្ពស់​នា​ឆ្នាំ​២០០៧-២០០៨​។



នៅ​ឆ្នាំ​២០១០-២០១៣ ស្រប​ពេល​វិវាទ​ដីធ្លី​កំពុងតែ​កើតឡើង រាជរដ្ឋាភិបាល​បាន​បង្កើត​ក្រុម​និស្សិត​ស្ម័គ្រចិត្ត​វាស់វែង​ដីធ្លី​នៅ​ទូទាំង​ប្រទេស ដើម្បី​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ដល់​ប្រជាពលរដ្ឋ លោក​ក៏​ត្រូវបានចាត់តាំង​ជា​ប្រធាន​ក្រុមយុវជន​ស្ម័គ្រចិត្ត​ខេត្តសៀមរាប ដែល​នៅក្នុង​ដំណាក់​កាលនោះ លោក​ត្រូវបានតែងតាំង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តសៀមរាប​ផងដែរ​។ លោក​ជា​នាយទាហាន មាន​អត្តលេខ​០១៩៨៦៤ សព្វថ្ងៃ​មាន​ឋានន្តរស័ក្តិ ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ទោ​។ លោក​ជា​សមាជិក​គណៈកម្មាធិការ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu