Ad Code

សហរដ្ឋអាមេរិក​ប្រគល់​ជួង​សម័យ​សង្គ្រាម​អោយ​ហ្វីលីពីន​វិញ​បន្ទាប់ពី​រយៈពេល​១១៧​ឆ្នាំ



ជួង​ព្រះវិហារ​ដែល​ត្រូវបាន​រឹបអូស​យក​ពី​ហ្វីលីពីន​ដោយ​អាមេរិក​ក្នុងនាម​ជា​ពានរង្វាន់​សង្គ្រាម​កាលពី​ជាង​មួយ​សតវត្សរ៍​មុន​គឺ​ត្រូវបាន​បញ្ជូន​ត្រលប់​មកវិញ​កាលពី​ថ្ងៃ​អង្គារ​ក្នុង​គោលបំណង​មួយ​ដើម្បី​បើក​ទំព័រ​នៃ​ជំពូក​ដ៏​លំបាក​មួយ​រវាង​សម្ព័ន្ធមិត្ត​ជា​ប្រវត្តិសាស្ត្រ​ទាំងពីរ​។​

ការប្រគល់​មកវិញ​នូវ​ជួង Balangiga ចំនួន​៣​គឺជា​ការបំពេញ​តាម​តម្រូវការ​មួយ​ទសវត្សរ៍​ពី​អតីត​អាណានិគម​អាមេរិក​ស្របពេល​ដែល​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ត្រូវ​រង្គោះរង្គើ​ដោយសារតែ​លោក​ប្រធានាធិបតី Rodrigo Duterte បាន​ងាក​ទៅរក​ប្រទេស​ចិន​វិញ​។​

យន្តហោះ​យោធា​អាមេរិក​មួយគ្រឿង​បាន​នាំ​ជួង​នេះ​ទៅ​ព្រលានយន្តហោះ​ក្រុង​ម៉ានីល​ដែល​នៅ​ទីនោះ​មន្ត្រី​ហ្វីលីពីន​និង​អាមេរិក​បាន​ប្រមូលផ្តុំ​គ្នា​សម្រាប់​ពី​ពិធី​ប្រគល់​ជា​និមិត្តរូប​មួយ​។​

ជួង​នេះ​ត្រូវបាន​គេ​និយាយថា​បានបង្ហាញ​ពី​ការវាយប្រហារ​គួរអោយភ្ញាក់ផ្អើល​មួយ​ដោយ​ពួក​បដិវត្តន៍​ហ្វីលីពីន​ប្រដាប់​ដោយ​កាំបិត​ដែល​បានសម្លាប់​ទាហាន​អាមេរិក​ចំនួន​៤៨​នាក់​នៅ​ថ្ងៃទី​២៨​ខែកញ្ញា​ឆ្នាំ​១៩០១​ក្នុង​ទីប្រជុំជន Balangiga ភាគ​កណ្តាល​។​

ដើម្បី​ជាការ​សងសឹក មេបញ្ជាការ​អាមេរិក​លោក Jacob Smith បាន​បញ្ជា​អោយ​ប្រែក្លាយ​ជុំវិញ​កោះ Samar ទៅជា “​វាល​រហោស្ថាន​” ហើយ​ថា បុរស​ហ្វីលីពីន​ទាំងអស់​ដែលមាន​អាយុ​ចាប់ពី​១០​ឆ្នាំ​ឡើងទៅ​ត្រូវតែ​សម្លាប់ចោល​។​

ជនជាតិ​ហ្វីលីពីន​រាប់ពាន់នាក់​ត្រូវបាន​សម្លាប់ ទីប្រជុំ​ជននេះ​ត្រូវបាន​បំផ្លាញ​ហើយ​ជួង​ត្រូវបាន​កាត់​យក​ដើម្បី​ធ្វើជា​ពានរង្វាន់​។ ជួង​ចំនួន​ពីរ​ត្រូវបាន​គេ​ដាក់តាំង​បង្ហាញ​នៅឯ​មូលដ្ឋាន​អាកាស​អាមេរិក​ក្នុង​រដ្ឋ Wyoming និង​មួយទៀត​នៅ​ប្រទេស​កូរ៉េខាងត្បូង​។​

ការប្រគល់​ត្រលប់​នៃ​ជួង​នេះ​បាន​នាំអោយមាន​ការជំទាស់​ជាមួយ​អតីតយុទ្ធជន​និង​សមាជិកសភា​អាមេរិក​មួយចំនួន​ដែល​យល់ថា ជួង​នេះ​គឺជា​កិត្តិយស​ចំពោះ​ទាហាន​អាមេរិក​ដែល​ពលី​ជីវិត​ខណៈ​ហ្វីលីពីន​សរសើរ​ថា វា​ជា​និមិត្តរូប​មួយ​នៃ​ការតស៊ូ​របស់ខ្លួន​ដើម្បី​ឯករាជ្យភាព​។​

ទោះបីជា​យ៉ាងណាក៏ដោយ មន្ត្រី​អាមេរិក​បាន​សង្កត់ធ្ងន់​ថា ការប្រគល់​នេះ​គឺជា​ជំហាន​ដ៏​សំខាន់​ក្នុង​ការបិទ​ជំពូក​ដ៏​ឈឺចាប់​មួយ​រវាង​ប្រទេស​ទាំងពីរ​ដែលមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ផ្នែក​យោធា វប្បធម៌​និង​ពាណិជ្ជកម្ម​។​
​ការជំរុញ​របស់​ក្រុង​ម៉ានីល​ចំពោះ​ការធ្វើ​មាតុភូមិនិវត្តន៍​របស់​ជួង​ទាំងនេះ​បានចាប់ផ្តើម​នៅក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៩០​និង​មានការ​គាំទ្រ​ពី​ប្រធានាធិបតី​ហ្វីលីពីន​មុនៗ​ក៏ដូចជា​ពី​ព្រះវិហារ​កាតូលិក​និង​ប្រវត្តិវិទូ​ផងដែរ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu