Ad Code

ប្រធានរដ្ឋសភា​ ៖ មានតែ​សុខ​សន្តិភាព​ទេ ដែល​ជា​មូលដ្ឋានគ្រឹះ នៃ​លទ្ធិប្រជាធិបតេយ្យ សិទ្ធិ​សេរីភាព​ក្នុង​ការ​រស់នៅ ភាព​រីកចម្រើន និង​ការអភិវឌ្ឍ



ភ្នំពេញ​ ៖ សម្តេច​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បាន​ណែនាំ​ឲ្យ​យុវជន​រួមគ្នា​ថែរក្សា​សមិទ្ធផល​សន្តិភាព ដែល​ជា​មរតក​រណសិរ្ស​២​ធ្នូ ដើម្បី​បន្ត​ការអភិវឌ្ឍ​ប្រទេសជាតិ​ឲ្យ​កាន់​រីកចម្រើន​ខ្លាំង​ឡើង​បន្ថែម​ទៀត​។ មានតែ​សុខ​សន្តិភាព​ទេ ដែល​ជា​មូលដ្ឋានគ្រឹះ នៃ​លទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាព​ក្នុង​ការ​រស់នៅ ភាព​រីកចម្រើន និង​ការអភិវឌ្ឍ​។

ថ្លែង​ក្នុង​ជំនួប​ជាមួយ​ជា​ក្រុម​យុវជន​ដើរ «៤០​គីឡូម៉ែត្រ ទៅកាន់​ប្រវត្តិសាស្ត្រ​» នៅ​ឯ​បរិវេណ​វិមាន​អនុស្សាវរីយ៍​២​ធ្នូ ស្ថិត​ក្នុង​ទឹកដី​ភូមិ​ជើង​ឃ្លូ ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ កាលពី​រាត្រី​ថ្ងៃទី​៣០ ខែធ្នូ សម្តេច​ពញា​ចក្រី បាន​បញ្ជាក់​ថា យុវជន​សម័យ​សម្តេច បាន​ហែល​ឆ្លង​ការ​លំបាក​ជាច្រើន រួមទាំង​ឆ្លងកាត់​ការ​ទម្លាក់​គ្រាប់បែក​ពី​អាកាស គ្រាប់​រថ​គ្រោះ និង​គ្រាប់បែក​គ្រប់​ធន់ ដោយ​ជីវិត​យុវជន​សម័យ​នោះ​ត្រូវ​ផ្សងគ្រោះថ្នាក់ ដល់​អាយុជីវិត​គ្រប់​វិនាទី​។ សម្តេច ហេង សំរិន បន្ត​ថា បើ​មិនមាន​ឆន្ទៈ​ខ្ពស់ ដើម្បី​ប្រជាជន​និង​ប្រទេសជាតិ​ទេ ការ​តស៊ូ​ប្រមូល​កម្លាំង​មហាជន ដើម្បី​ផ្តួលរំលំ​របប​ប៉ុលពត នៅ​ថ្ងៃ ២​ធ្នូ ឆ្នាំ​១៩៧៨ គឺ​មិនអាច​ចូលរួម​ចលនា​តស៊ូ និង​ទទួល​បាន​ជោគជ័យ​នា​ថ្ងៃ ៧ មករា ១៩៧៩​នោះឡើយ​។



សម្តេច​ពញា​ចក្រី បាន​បញ្ជាក់​ថា ការ​តស៊ូ​រំដោះ​ប្រទេសជាតិ ជាការ​លំបាក ហើយ​ការ​កសាង​អភិវឌ្ឍន៍​ប្រទេសជាតិ ពី​បាត​ដៃទទេ​ក៏​កាន់តែ​លំបាក ដែល​នេះ​ទាម​ឲ្យ​យុវជន​ជំនាន់​ក្រោយ ត្រូវ​រួមគ្នា​ថែរក្សា​សមិទ្ធផល​ដែល​កម្ពុជា ទទួលបាន​ដោយ​លំបាក​នេះ​ឲ្យ​បាន​គង់វង្ស រហូត​ទៅ​។ សម្តេច​ពញា​ចក្រី ហេង សំរិន បាន​បញ្ជាក់​ថា រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា បាន​បង្កើតឡើង នៅលើ​ទឹកដី​ជា​ប្រវត្តិសាស្ត្រ ស្ថិតនៅ​ភូមិ​ជើង​ឃ្លូ ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ហើយ គឺជា​មូលដ្ឋាន​ដំបូង​នៃ​ការប្រកាស​ជា​ឱឡារិក​ចំពោះ​មតិ​ជាតិ​-​អន្តរជាតិ ពី​ការ​ប្រមូលផ្តុំ​កម្លាំង​មហាជន និង​ការចូលរួម​ពី​គ្រប់​កម្លាំង​ចលនា​តស៊ូ ដើម្បី​បង្កើត​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា នៅ​ថ្ងៃទី​២​ធ្នូ ឆ្នាំ​១៩៧៨​។

គណបក្ស​ប្រជាជន​កម្ពុជា ដែល​កើត​ចេញពី​ចលនា​តស៊ូ​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​២​ធ្នូ បាន​ចាត់​ទុក​ថ្ងៃទី​២ ខែធ្នូ ថា​ជា​ព្រឹត្តិការណ៍​ជាតិ​មួយ​ដ៏​មាន​សារ​សំខាន់​បំផុត​ចំពោះ​បុព្វហេតុ​នៃ​ការ​រស់រាន​មាន​ជីវិត​ឡើងវិញ​របស់​មាតុភូមិ និង​ប្រជាជន​កម្ពុជា​។ រណ​សិ​រ្យ​២​ធ្នូ មិន​ត្រឹមតែ​សង្គ្រោះ​ជីវិត​ប្រជាជន​កម្ពុជា​ទាំងអស់​ឲ្យ​ចាក​ផុត​ពី​គ្រោះមហន្តរាយ​នៃ​របប​ប្រល័យពូជសាសន៍​ប៉ុណ្ណោះ​ទេ ប៉ុន្តែរ​ណ​សិ​រ្យ​២​ធ្នូ​ នៅ​បាន​ជួយ​ស្តារ កសាង និង​អភិវឌ្ឍ​សង្គមជាតិ​នៅ​គ្រប់ទិសទី ធ្វើ​ឲ្យ​មាតុភូមិ​កម្ពុជា​មានការ​ប្រែប្រួល មានការ​ប្រែ​មុខមាត់​ថ្មី​ជា​បន្តបន្ទាប់ គួរ​ឲ្យ​មាន​មោទនភាព​។



លោក ហ៊ុន ម៉ា​នី សមាជិក​រដ្ឋសភា និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​គាំទ្រ​ចំពោះ​អនុសាសន៍​របស់​សម្តេច​ពញា​ចក្រី ដែល​ជំរុញ​ដល់​យុវជន​បន្ត​ថែរក្សា​សន្តិភាព​ឲ្យ​នៅ​គង់​វង់ បន្ទាប់ពី​បាន​ដឹកនាំ​យុវជន​ជិត​១​ពាន់​នាក់ ចូលរួម​ព្រឹត្តិការណ៍​ដើរ​«៤០​គីឡូម៉ែត្រ ទៅកាន់​ប្រវត្តិសាស្ត្រ​» នៅ​តំបន់​កកើត​ចលនា​តស៊ូ​រំដោះជាតិ​មាតុភូមិ​នៅក្នុង​ទឹកដី​ស្រុក​ស្នួល ដើម្បី​សិក្សា​ស្វែងយល់​ពី​ការ​តស៊ូ​ដ៏​លំបាក ពី​អតីតកាល​របស់​វីរជន​ស្នេហា​ជាតិ​ជំនាន់​មុន ដែល​បាន​តស៊ូ​រំដោះ និង​កសាង​ប្រទេសជាតិ រហូត​ទទួល​បាន​សុខ​សន្តិភាព និង​ការអភិវឌ្ឍ​ដូច​សព្វថ្ងៃ​នេះ​។ លោក​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​បាន​លើកឡើងថា ព្រឹត្តិការណ៍​ដើរ​«៤០​គីឡូម៉ែត្រ ទៅកាន់​ប្រវត្តិសាស្ត្រ​» របស់​ក្រុម​យុវជន​ពី​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ដល់​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០១៨ ដោយ​ត្រូវធ្វើ​ដំណើរ​កាត់​ព្រៃ ឆ្លង​ទឹក និង​សម្រាក​ក្នុង​ព្រៃ​មួយ​យប់ មុននឹង​មក​ជួប​ជុំគ្នា នៅ​វិមាន​អនុស្សាវរីយ៍​២​ធ្នូ ដែលជា​កន្លែង​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ទទួល​ជួប​សំណេះសំណាល និង​រៀបរាប់​ពី​ដំណើរ​តស៊ូ​របស់​សម្តេច និង​ឥស្សរជន ស្នេហា​ជាតិ​ផ្សេងៗ​ទៀត ក្នុង​បុព្វហេតុ​ប្រជាជន​និង​ប្រទេសជាតិ កាលពី​៤០​ឆ្នាំមុន​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu