Ad Code

លោកស្រី ស៊ូ​ជី ត្រូវបាន​ដកហូត​ពានរង្វាន់​សេរីភាព​កិត្តិយស​ទីក្រុង ប៉ារីស​



ទីក្រុង​ប៉ារីស​នឹង​ដកហូត​ពានរង្វាន់​សេរីភាព​កិត្តិយស​ពី​លោកស្រី អ៊ួ​ង​សាន​ស៊ូ​ជី ជុំវិញ​បរាជ័យ​របស់លោក​ស្រី​ក្នុង​ការនិយាយ​ប្រឆាំងនឹង​ការបង្ក្រាប​មួយ​លើ​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​របស់​ប្រទេស​មី​យ៉ាន់​ម៉ា​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​កាលពី​ថ្ងៃ​សុក្រ​ពី​អ្នកនាំពាក្យ​របស់​ចៅហ្វាយក្រុង​។​

អ្នកនាំពាក្យ​រូបនេះ​បាន​ប្រាប់ AFP ថា ចៅហ្វាយក្រុង Anne Hidalgo បានសម្រេច​លុបចោលរ​ង្វាន់​កិត្តិយស​នេះ​ដោយសារតែ​ការរំលោភ​សិទ្ធិមនុស្ស​ជាច្រើនលើក​ដែល​ត្រូវបាន​កត់ត្រា​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​ព្រមទាំង​អំពើហិង្សា​និង​ការ​ធ្វើទុក្ខបុកម្នេញ​ដោយ​កម្លាំង​សន្តិសុខ​មី​យ៉ាន់​ម៉ា​ប្រឆាំងនឹង​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​។​

ការដកហូត​នេះ​ដែល​កើតឡើង​បន្ទាប់ពី​ការសម្រេចចិត្ត​ស្រដៀង​គ្នា​ដោយ​ទីក្រុង Glasgow, Edinburgh និង Oxford នឹងធ្វើ​ឲ្យ​មេដឹកនាំ​មី​យ៉ាន់​ម៉ា​រូបនេះ​ក្លាយជា​មនុស្ស​ដំបូង​គេ​ដែល​ត្រូវ​បាត់បង់​ពានរង្វាន់​សិទ្ធិសេរីភាព​ទីក្រុង​បារាំង​ដែលជា​ពានរង្វាន់​និមិត្តរូប​សេរីភាព​មួយ​។​

អ្នកនាំពាក្យ​រូបនេះ​បាន​ឲ្យ​ដឹងថា ការដកហូត​នេះ​នឹងត្រូវ​ធ្វើឡើង​ដោយ​ក្រុមប្រឹក្សា​ក្រុង​ក្នុង​កិច្ចប្រជុំ​មួយ​នៅ​ពាក់កណ្តាល​ខែធ្នូ​។​

ម្ចាស់​ជ័យលាភី​ពានរង្វាន់​ណូបែល​សន្តិភាព​លោកស្រី ស៊ូ​ជី ដែល​ធ្លាប់ជា​និមិត្តរូប​នៃ​លទ្ធិប្រជាធិបតេយ្យ​សម្រាប់​ការដឹកនាំ​ប្រឆាំងនឹង​របប​យោធា​របស់​ប្រទេស​មី​យ៉ាន់​ម៉ា​បាន​បាត់បង់​ការពេញចិត្ត​ពី​បណ្តា​ប្រទេស​លោកខាងលិច​ដោយសារ​តែ​ភាព​អសមត្ថភាព​របស់ខ្លួន​ក្នុងការ​ប្រឈមមុខ​នឹង​ការបង្ក្រាប​លើ​ជនជាតិ​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា​។​

ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ជាង​៧០០,០០០​នាក់​បាន​រត់គេច​ពី​អំពើ​ហឹ​ង្សា​នៅក្នុង​ប្រទេស​ពុទ្ធសាសនា​ភាគច្រើន​មួយ​នេះ​កាលពី​ឆ្នាំមុន​ហើយ​ធ្វើដំណើរ​ទៅកាន់​ប្រទេស​បង់​ក្លា​ដែ​ស​។​

ក្រុម​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​បាន​រកឃើញ​ភស្តុតាង​នៃ​ការសម្លាប់​រង្គាល ការរំលោភ ការធ្វើ​ទារុណកម្ម​និង​ការដុត​បំផ្លាញ​ហើយ​បាន​អំពាវនាវ​ឲ្យ​ឧ​ត្ត​ម​សេនីយ៍​កំពូលៗ​ត្រូវ​នាំទៅ​កាត់ទោស​ពីបទ​អំពើ​ប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្ម​សង្គ្រាម​និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​៕ AFP


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu