Ad Code

ដោយសារ​កាមេរ៉ា​សុវត្ថិភាព​ក្នុង​ផ្សារ​ធំ​ថ្មី​ ឈាន​ដល់​ការ​ឃាត់​ខ្លួន​ស្ត្រី​សង្ស័យ​ម្នាក់



ភ្នំពេញ​ ៖​ ស្ត្រី​ម្នាក់​ ត្រូវ​បាន​កម្លាំង​នគរបាល​ប្រចាំ​ទី​រួម​ផ្សារ​ធំ​ថ្មី នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដូនពេញ នៅ​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៨ ​វេលា​ម៉ោង​១៥​រសៀល​ ​​ឃាត់​ខ្លួន​ពី​បទ​លួច​កាបូប​លុយ​ដែល​បាន​ប្រព្រឹត្តិ​កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា​ឆ្នាំ​២០១៨ វេលា​ម៉ោង​១៣​នាទី នៅ​ចំណុច​ក្នុង​តូប​លក់​ខោអាវ លេខ​I196 ក្នុង​ទី​រួម​ផ្សារ​ធំថ្មី​ផ្លូវ​លេខ​១៣៦ ភូមិ​៤ សង្កាត់​ផ្សារ​ថ្មី​ទី​១ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ​ជនសង្ស័យ​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ ប៉ែន ស្រីមុំ ភេទ​ស្រី អាយុ​៤៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​លក់​បាយ ស្នាក់នៅ​ភូមិ​បា​លាយ ឃុំ​អង្កាញ់ ស្រុក​អង្គរ​បូរី ខេត្តតាកែវ​។ ចំណែក​ជនរងគ្រោះ​ឈ្មោះ ហេង សុផាន់​ណា ភេទ​ស្រី អាយុ​២២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​លក់​ខោអាវ ក្នុង​ផ្សារ​ធំថ្មី មាន​ទីលំនៅ​ផ្ទះ​លេខ​១៥៨ ផ្លូវ​លេខ​១៦១ សង្កាត់​អូរ​ឬ​ស្សី​ទី​២ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។ សម្ភារៈ​បាត់បង់ កាបូប​លុយ ពណ៌​ខ្មៅ ចំនួន​១ មាន​លុយ​ចំនួន​២០០៩​ដុល្លារ​។​

​សមត្ថកិច្ច​បន្តថា ​កាលពី​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៣​រសៀល មុនពេល​កើតហេតុ ជនរងគ្រោះ​ឈ្មោះ ហេង សុផាន់​ណា ភេទ​ស្រី អាយុ​២២​ឆ្នាំ កំពុង​លក់​ខោអាវ​នៅ​ចំណុច​តូប​លេខ​I196 ក្នុង​ទី​រួម​ផ្សារ​ធំថ្មី ​ពេល​កំពុង​លក់​ខោអាវ ក៏មាន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ប៉ែន ស្រីមុំ ភេទ​ស្រី បាន​ចូលមក​ទិញ​អាវ​ពី​ជនរងគ្រោះ។ ពេល​ជនរងគ្រោះ​ខ្ចប់​ខោអាវ​រួចហើយ ជនសង្ស័យ​ក៏​ចូលទៅក្នុង​តូប​របស់​ជនរងគ្រោះ លើក​ខោអាវ​មើល​ធ្វើ​ដូច​រក​ទិញ​ខោអាវ​ថែមទៀត ឆ្លៀត​ឱកាសល្អ ជនសង្ស័យ​ក៏​ធ្វើ​សកម្មភាព​លួច​យក​កាបូប​លុយ​របស់​ជនរងគ្រោះ​ដែល​ទុក​លើ​គំនរ​ខោអាវ​បានសម្រេច​ ហើយក៏​ដើរចេញ​ទៅខាង​ក្រៅ​ផ្សារ​ជិះ​ម៉ូតូឌុប​គេចខ្លួនបាត់​។

​ប្រភព​ព័ត៌មាន​បា​ន​ប​ន្ត​ថា ​បន្ទាប់មក​ជនរ​ង​គ្រោះ​បានមក​ដាក់ពាក្យ​បណ្តឹង​នៅ​ទីស្នាក់ការ​ប្រចាំ​ទី​រួម​ផ្សារ​ធំថ្មី​តែម្តង​ ហើយ​ក្រោយពី​ទទួលបាន​ពាក្យបណ្តឹង​កម្លាំង​យើង បាន​សហការ​ជាមួយ​ជនរងគ្រោះ​ពិនិត្យមើល​កាមេរ៉ា​សុវត្ថិភាព ឃើញ​រូបភាព​សកម្មភាព​រប​ស់​ជន​សង្ស័យ​ឈ្មោះ ប៉ែន ស្រីមុំ ធ្វើ​សកម្មភាព​លួច​កាបូប​លុយ​ពិតប្រាកដ​មែន​ លុះ​រហូតដល់​ថ្ងៃទី​១០​ខែធ្នូ ឆ្នាំ​២០១៨ វេលា​ម៉ោង​១៥​រសៀល​ជនសង្ស័យ​ក៏​ជិះ​ម៉ូតូ​ជាមួយ​ប្តី​ចូលមកក្នុង​ទី​រួម​ផ្សារ​ធំថ្មី ដើរ​ទៅដល់​ក្បែរ​តូប​របស់​ជនរងគ្រោះ ក៏ត្រូវ​ជនរងគ្រោះ​ឃើញ​បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ទី​រួម​ផ្សារ​ធំថ្មី ឃាត់ខ្លួន​ជនសង្ស័យ​នាំមក​ទីស្នាក់ការ​ទី​រួម​ផ្សារ​ធំថ្មី ដើម្បី​ធ្វើការ​សាកសួរ​តែម្តង​។​

​បច្ចុប្បន្ន ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕​

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu