ក្រុមអង្គរថាយហ្គឺរ (Angkor Tiger FC) សមាជិកពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League 2018) នៅអង្គារ សប្ដាហ៍នេះ បានប្រកាសចែកផ្លូវជាមួយកីឡាករជនជាតិជប៉ុន១រូប គឺខ្សែប្រយុទ្ធ Okamoto Kazuteru មុនរដូវកាលថ្មីឆ្នាំ២០១៩ មកដល់។
យោងតាមសេចក្តីជូនដំណឹងថា «ក្លិបសូមប្រកាសអំពីការចាកចេញរបស់កីឡាករជប៉ុន Okamoto Kazuteru។ Teru បានចូលរួមជាមួយពួកយើងតាំងពីចុងឆ្នាំ ២០១៧ នឹងស៊ុតបញ្ចូលទីបាន ៨គ្រាប់ ក្នុងពានរង្វាន់លីគកំពូលកម្ពុជា នៅឆ្នាំ២០១៨។ ពួកយើងមានការសោកស្តាយចំពោះការចាកចេញរបស់គាត់ណាស់ ហើយពួកយើងសូមអរគុណ និងជូនពរឲ្យគាត់ទទួលបានជោគជ័យជាមួយអាជីពការងារថ្មីខាងមុខ»។
នេះជាដំណឹងមិនល្អមួយសម្រាប់ក្លិបអង្គរថាយហ្គឺរ ខណៈថ្មីៗនេះក្លិបបាននាំចូលសមាជិកចំនួន៥រូប រួមមានខ្សែបម្រើកណ្ដាល ចាន់ ហួង មកពីខេត្តបន្ទាយមានជ័យ កីឡាករ ឡុង ភារ៉ាត់, ឈឿន ពិសិដ្ឋ មកពីក្លិបសូលទីឡូអង្គរ កីឡាករ យី ប៊ុនហេង និងខ្សែប្រយុទ្ធនីហ្សេរីយ៉ា Timothy Okereke។ ទន្ទឹមនឹងគ្នានេះដែរក្លិបបានសម្រេចចិត្តបន្តកិច្ចសន្យាបន្ថែមជាមួយកីឡាករចាស់៣នាក់ផ្សេងទៀតរួមមានកីឡាករ តាំង ពិសី កីឡាករJoichiro Sugiyama កីឡាករ ពេជ្រ សុវណ្ណខេមរិន្ទ្រ និងអ្នកចាំទីហែម ស៊ីម៉ៃ បន្តកុងត្រារយៈពេល ០១រដូវកាលបន្ថែមទៀត។
ក្រោយបញ្ចប់រដូវកាលឆ្នាំ២០១៨ កន្លងទៅ ក្រុមអង្គរថាយហ្គឺរ ឈរចំណាត់ថ្នាក់លេខ៨ ក្នុងចំណោមក្លិបទាំង១២ ក្នុងពានរង្វាន់លីគកំពូលកម្ពុជា ក្រោយប្រកួតបាន២២លើកឈ្នះបាន៧លើក ហើយស្មើគ្នាបាន៧លើកនិងបរាជ័យ៨លើក។ ចំណែកនៅក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន វិញបានឈរចំណាត់ថ្នាក់លេខ៣ស្ទួន ក្រោយ ប្រកួតបរាជ័យនៅវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រដោយថ្វីជើងក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ២ទល់០៕
Source: Kampuchea Thmey Daily
0 Comments