Ad Code

យោធា​កូរ៉េខាងត្បូង​ ​៖ ​ទាហាន​កូរ៉េខាងជើង​រត់​ផ្តាច់ខ្លួន​ឆ្លងកាត់​ព្រំដែន



យោធា​កូរ៉េខាងត្បូង​បាន​និយាយ​ថា ទាហាន​កូរ៉េខាងជើង​ម្នាក់ ​បាន​រត់​ផ្តាច់ខ្លួន​ទៅកាន់​ប្រទេស​កូរ៉េខាងត្បូង​ដោយ​ឆ្លងកាត់​ព្រំដែន​ដីគោក​ភាគ​ខាងកើត​នៅ​ថ្ងៃ​សៅរ៍​។​

ការ​រត់ចោលជួរ​ឆ្លង​កាត់​ព្រំដែន​អន្តរ​កូរ៉េ​ដែលមាន​ការ​យាមកាម​យ៉ាង​ដិតដល់​គឺជា​រឿង​ដ៏​កម្រ​ហើយ​ការរត់​លើក​នេះ​បានកើត​ឡើងខណៈ​ប្រទេសជិតខាង​ទាំងពីរ​កំពុង​បន្តដំណើរ​ការផ្សះផ្សារ​គ្នា​ឡើងវិញ​។​

នាយសេនាធិការ​ចម្រុះ (JCS) បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​ទាហាន​កូរ៉េខាងជើង​ម្នាក់​ត្រូវបាន​ប្រទះឃើញ​ឆ្លងកាត់​ខ្សែបន្ទាត់​ព្រំដែន​យោធា​ដោយ​កងទ័ព​កូរ៉េខាងត្បូង​ដោយ​ប្រើ​ឧបករណ៍​ឃ្លាំមើល​”​។​

JCS បាន​និយាយថា “​ទាហាន​នេះ​មាន​សុវត្ថិភាព​នៅក្នុង​មន្ទីរឃុំឃាំង​របស់​យើង​។ ភ្នាក់ងារ​ដែល​ពាក់ព័ន្ធ​គ្រោង​នឹង​ស៊ើបអង្កេត​គាត់​ទាក់ទង​នឹង​ព័ត៌មាន​លម្អិត​អំពី​របៀប​ដែល​គាត់​បាន​មកដល់​ប្រទេស​កូរ៉េខាងត្បូង​”​។​

ទោះបីជា​កិច្ចចរចា​ស្តីពី​ការលុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​រវាង​ក្រុង​វ៉ាស៊ីនតោន​និង​ក្រុង​ព្យុងយ៉ាង​បាន​ជាប់គាំង​ក៏ដោយ កូរ៉េ​ទាំងពីរ​កំពុង​ជំរុញ​ដំណើរការ​ផ្សះផ្សារ​ដោយ​ចាត់វិធានការ​ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង​នៅតាម​បណ្តោយ​ព្រំដែន​ដ៏​រឹងមាំ​របស់​ពួកគេ​។​

ពួកគេ​បានចាប់ផ្តើម​ត​ភ្ជាប់​ប្រព័ន្ធ​ផ្លូវដែក​របស់​ពួកគេ​ឡើងវិញ​ហើយ​បាន​ដោះមីន​និង​បំផ្លាញ​ប៉ុស្តិ៍​យោធា​នៅ​ផ្នែក​ខ្លះ​នៃ​ព្រំដែន​។​

ជន​ស៊ីវិល​កូរ៉េខាងជើង​ជាង​៣​ម៉ឺន​នាក់​បាន​ភៀសខ្លួន​ចេញពី​ស្រុកកំណើត​របស់​ពួកគេ​ប៉ុន្តែ​ភាគច្រើន​បាន​រត់​ភៀសខ្លួន​ឆ្លងកាត់​ព្រំប្រទល់​ដែល​ងាយស្រួល​ចូល​ជាមួយ​ប្រទេស​ចិន​ហើយ​កម្រ​មានការ​ឆ្លងកាត់​ព្រំដែន​អន្តរ​កូរ៉េ​ដែល​ត្រូវបាន​ការពារ​ដោយ​ចម្ការមីន​និង​លួស​បន្លា​ណាស់​។​

គួរ​បញ្ជាក់ថា ការរត់​ផ្តាច់ខ្លួន​ចុងក្រោយ​បំផុត​ដែល​ពាក់ព័ន្ធ​នឹង​ជនជាតិ​កូរ៉េខាងជើង​បានកើត​ឡើង​នៅក្នុង​ខែឧសភា​នៅពេលដែល​ជន​ស៊ីវិល​ពីរ​នាក់​ជិះទូក​ដ៏​តូច​មួយ​ភៀសខ្លួន​ទៅ​កូរ៉េខាងត្បូង​ដោយ​ឆ្លងកាត់​សមុទ្រ​លឿង​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu