Ad Code

ស៊ីម៉ាក់​និង​អង្គការ​ការពារ​សត្វ​ចំនួន​២ រួមគ្នា​ប្រឆាំងនឹង​ការជួញដូរ​និង​បរិភោគ​សាច់​សុនខ​នៅ​កម្ពុជា



ភ្នំ​ព​ញ​ ៖​ មជ្ឈមណ្ឌល​ជាតិ​កម្ចាត់​មីន​កម្ពុជា (​ស៊ីម៉ាក់​)​សហការ​ជាមួយ​សម្ព័ន្ធ​អន្តរជាតិ​ការពារ​សត្វ​និង​អង្គភាព​សង្គ្រោះ​សត្វ​កម្ពុជា​រួមគ្នា​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញដូរ​និង​បរិភោគ​សាច់​សុនខ​ ឬ​ ឆ្កែ ​នៅ​ប្រទេស​កម្ពុជា​ដើម្បី​លើកកម្ពស់​ប្រពៃណី​ថ្លៃថ្នូរ​និង​សីលធម៌​នៅក្នុង​សង្គម​ខ្មែរ។



ការ​សហការ​នេះ​បាន​ធ្វើឡើង​តាមរយៈ​ការ​ចុះ​អនុស្សរណៈ​លើ​កិច្ចព្រមព្រៀង​មួយ​រវាង​លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​កម្ចាត់មីន​កម្ពុជា (​ស៊ីម៉ាក់​)​ជាមួយ លោកស្រី​វេជ្ជបណ្ឌិត Kathrine Polak ប្រធាន​ក្រុម​សម្ព័ន្ធ​អន្តរជាតិ​ការពារ​សត្វ (VIER PFOTEN International) និង​លោកស្រី​វេជ្ជបណ្ឌិត Martina Mayr នាយក និង​ស្ថាបនិក​អង្គភាព​សង្គ្រោះ​សត្វ​កម្ពុជា ដើម្បី​សហការ​គ្នា​សម្របសម្រួល​ការងារ​ស​ត្វ​សុនខ ក៏ដូចជា​ជំរុញ​ការ​ផ្សព្វផ្សាយ​ប្រឆាំងនឹង​ការ​ជួញដូរ និង​បរិភោគ​សាច់​សុនខ​នៅ​កម្ពុជា​។

បើ​តាម​លោក ហេង រតនា បាន​ឲ្យ​ដឹង​ថា កិច្ចព្រមព្រៀង​នេះ​អង្គការ​ទាំង​២ នឹង​ជួយ​គាំទ្រ​ស៊ី​ម៉ាក់​ឲ្យ​រៀបចំ​សិក្ខាសាលា ថត​ស្ព​ត​អប់រំ ការងារ​ផ្សព្វផ្សាយ​តាម​វិទ្យុ ទូរទស្សន៍ សារព័ត៌មាន​និង​ការងារ​ផ្តល់​ការជួយ​ថែទាំ​សុខភាព​សត្វ​សុនខ​ជាដើម។



លោក​បាន​បន្ត​ថា អង្គភាព​ស៊ីម៉ាក់​ចូលរួម​លើក​កំពស់​វប្បធម៌ ប្រពៃណី និង​សីលធម៌​ស្រលាញ់​សុនខ ទាំង​រូប​ភាពជា​សុនខ​គ្រួសារ សុនខ​បំរើ​ការងារ​ដោះមីន ការងារ​សន្តិសុខ​ជាដើម​។

គួរ​បញ្ជាក់​ថា កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ លោក ហេង រតនា អគ្គនាយក​ស៊ីម៉ាក់ បាន​បញ្ចេញ​ទស្សនៈ​របស់​ខ្លួន​ក្នុង​គោលបំណង​ដើម្បី​ប្រឆាំង​ការ​ជួញដូរ និង​ហូប​សាច់​សុនខ​នៅ​កម្ពុជា​។



លោក ហេង រតនា បាន​លើក​ឡើង​ថា ស្ថានភាព​ការ​ជួញដូរ និង​ហូប​សាច់​សុនខ​កម្ពុជា អាច​បង្ក​ឲ្យ​មាន​បញ្ហា​៤​សំខាន់ៗ រួមមាន​ ទី​១បាត់បង់​វប្បធម៌​ទំនៀមទម្លាប់ និង​ប្រពៃណី​ដ៏​ល្អ​របស់​ប្រជាជន​ខ្មែរ ដែល​ផ្តាំ​ត​កូនចៅ​ដោយ​ហាម​មិន​ឲ្យ​បរិភោគ​សាច់​សុនខ​ឡើយ រហូតដល់​យល់ថា ជា​ទង្វើ​នាំ​ឲ្យ​ចង្រៃ​ដល់​ខ្លួនឯង និង​គ្រួសារ​។ បើ​គ្មាន​វិធានការ​ទេ ប្រពៃណី និង​វប្បធម៌​ដ៏​ប្រពៃ​ថ្លៃថ្នូរ​នេះ នឹង​រលាយ​សាបសូន្យ​មិនខានឡើយ​។ ទី​២៖ ការ​បង្ក​អំពើ​ចោរកម្ម និង​បង្ក​បទល្មើស​ផ្សេងៗ​ក្នុង​សង្គម រួម​ទាំង​ទង្វើ​កាច​សាហាវ​បង្ក​ហិង្សា​ក្នុង​គ្រួសារ​។ ​ទី​៣៖ មាន​ផល​ប៉ះពាល់​ដល់​សុខភាព​សាធារណៈ មាន​ប្រភេទ​ជំងឺឆ្លង​ផង​ដែរ (​នេះ​បើ​យោង​តាម​ការ​វាយ​តម្លៃ មន្ត្រី​ជំនាញ​សុខភាព​មកពី​ប្រទេស​អូស្ត្រាលី ហើយ​អង្គភាព​ស៊ីម៉ាក់ នឹង​សហការ​រយៈ​២​ឆ្នាំ​២០១៩-២០២០ ជាមួយ​សាស្ត្រាចារ្យ​មកពី​សាកលវិទ្យាល័យ​មែ​ល​ប៊​ន ដើម្បី​តាមដាន​ជំងឺ​សុនខ នៃ​អង្គភាព​ស៊ីម៉ាក់​) ទី​៤៖ ភាព​អ​សីលធម៌​ចំពោះ​គុណបំណាច់​សុនខ​បម្រើ​មនុស្សជាតិ ជាពិសេស​សុនខ​ហិត​មីន សុនខ​សន្តិសុខ (​សម្រាប់​សន្តិសុខ​គ្រួសារ និង​សាធារណៈ​) សុនខ​ប្រឆាំង​ភេ​វរ​កម្ម សុនខ​ប្រឆាំង​គ្រឿងញៀន សុនខ​ការពារ​ព្រំដែន​ជាដើម​។

ជា​មួយ​គ្នា​នេះ​ដែរ ​អគ្គនាយក​ស៊ីម៉ាក់ ក៏បាន​អំពាវនាវ​ថា ​«ពេលនេះ​ជា​ពេលវេលា​យ៉ាង​សមស្រប​សម្រាប់​ប្រជាជន​កម្ពុជា និង​អ្នកអនុវត្ត​ច្បាប់​អាច​ចូលរួម​លុបបំបាត់​ភាព​អសកម្ម​ក្នុង​សង្គម​ខ្មែរ និង​រួមគ្នា​លើកកម្ពស់​ប្រពៃណី និង​សីលធម៌​សង្គម​ខ្មែរ​»៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu