Ad Code

ព្រះអង្គ​ ម្ចាស់​Mohammed bin Salman ​ចូលរួម​ជាមួយ​មេដឹកនាំ​ G20 ខណៈ​លោក​Trump ​ជំរុញ​ភាព​តានតឹង​ក្នុង​កិច្ចប្រជុំ​កំពូល



បញ្ហា​ទាក់ទង​នឹង​ពាណិជ្ជកម្ម ការប្រែប្រួល​អាកាសធាតុ ​និង​ប្រទេស​អ៊ុយក្រែន​ បានធ្វើ​ឲ្យ​មេដឹកនាំ​ពិភពលោក​មានការ​បែកបាក់​គ្នា​កាលពី​ថ្ងៃ​សុក្រ​ខណៈ​ប្រធានាធិបតី​អាមេរិក​លោក Donald Trump ស្ថិតនៅក្រោម​សម្ពាធ​ហើយ​មេដឹកនាំ​អារ៉ាប៊ីសាអ៊ូឌីត​បាន​ចូលមកក្នុង​កិច្ចប្រជុំ G20។

​មេដឹកនាំ​នៃ​ប្រទេស​ដែល​តំណាង​ឲ្យ​៤​ភាគ​៥​នៃ​សេដ្ឋកិច្ចពិភពលោក​បាន​បើក​កិច្ចប្រជុំ​រយៈពេល​ពីរ​ថ្ងៃ​នៅ​ប្រទេស​អា​ហ្ស​ង់​ទីន​ហើយ​បាន​ប្រឈម​នឹង​ការបែកបាក់​ខ្លាំង​បំផុត​ចាប់តាំងពី​កិច្ចប្រជុំ​កំពូល G20 លើកដំបូង​ដែល​រៀបចំ​កាលពី​១០​ឆ្នាំមុន​អំឡុងពេល​មាន​វិបត្តិ​ហិរញ្ញវត្ថុ​។​

លោក Trump ត្រូវបាន​គេ​វាយប្រហារ​ដោយសារតែ​ការបំផ្លាញ​សាមគ្គីភាព​អតីតកាល​របស់​ក្រុម​នេះ​លើ​បញ្ហា​ពាណិជ្ជកម្ម​និង​ការប្រែប្រួល​អាកាសធាតុ​។ ប៉ុន្តែ​គាត់​បានទទួល​ជោគជ័យ​មួយ​ជាមួយនឹង​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មី​មួយ​សម្រាប់​តំបន់​អាមេរិក​ខាងជើង​និង​បាន​បញ្ឆេះ​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ចិន​ហើយ​បាន​អួតអាង​អំពី “​សញ្ញា​ល្អៗ​” មុនពេល​ទទួលទាន​អាហារ​ពេល​ល្ងាច​នៅ​ថ្ងៃ​សៅរ៍​ជាមួយ​លោក Xi Jinping​។​

នៅក្នុង​សុន្ទរកថា​ទៅកាន់​កិច្ចប្រជុំ​កំពូល​នេះ លោក Xi បាន​អះអាង​ជាថ្មី​នូវ​ការសន្យា​របស់គាត់​ចំពោះ​កំណែទម្រង់សេដ្ឋកិច្ច​ជាមួយនឹង​ការខិតខំ​ប្រឹងប្រែង​កាន់តែខ្លាំង​ឡើង​ក្នុង​ការការពារ​កម្មសិទ្ធិ​បញ្ញា​និង​ការ​នាំចូល​កាន់តែច្រើន​។​

កិច្ចប្រជុំ​កំពូល​នេះ​បានចាប់ផ្តើម​នៅក្នុង​ទីក្រុង Buenos Aires ជាមួយនឹង​ការថតរូប​គ្រួសារ​តាម​ទម្លាប់​ដោយ​មេដឹកនាំ​នៃ​ក្រុម​មួយ​ដែល​ទំនាក់ទំនង​របស់​ពួកគេ​មាន​ភាពកក់ក្តៅ​និង​ល្អក់កករ​។​

ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​ស្ថិតនៅក្រោម​សម្ពាធ​បន្ទាប់ពី​កងកម្លាំង​សន្តិសុខ​របស់គាត់​បាន​រឹបអូស​នាវា​អ៊ុយ​ក្រែ​ន​ចំនួន​៣​គ្រឿង​។​

កិច្ចប្រជុំ​កំពូល​នេះ​គឺ​កត់សម្គាល់​ជាមួយនឹង​ការវិលត្រឡប់​ទៅកាន់​ឆាក​អន្តរជាតិ​វិញ​សម្រាប់​រាជទាយាទ Mohammed bin Salman របស់​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​បន្ទាប់​ពី​ការសម្លាប់​អ្នកកាសែត Jamal Khashoggi នៅក្នុង​ស្ថាន​កុងស៊ុល​របស់​ប្រទេស​នេះ​ប្រចាំ​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​។​

ប្រធានាធិបតី​បារាំង​លោក Macron និង​នាយករដ្ឋមន្ត្រី​អង់គ្លេស​លោកស្រី Theresa May បានលើកឡើង​អំពី​ករណី​ឃាតកម្ម​លោក Khashoggi អំឡុង​ជំនួប​ជាមួយ​ព្រះអង្គម្ចាស់​ព្រះជន្ម​៣៣​វស្សា​អង្គ​នេះ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu