ភ្នំពេញ ៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានកោះហៅមេធាវីការពារក្តីមេដឹកនាំសហជីព ឲ្យឡើងទៅកាន់តុលាការ នៅវេលាម៉ោង៨ និង៣០ នាទីព្រឹក ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខ ដើម្បីចូលរួមសវនាការលើសំណុំរឿងផ្លូវវេងស្រេង ដែលមានជនជាប់ចោទជាមេដឹកនាំសហជីពចំនួន៦រូប នេះបើយោងតាមដីកាកោះ ដែលការិយាល័យយើងទើបទទួលបាន នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨។
តាមដីកាចុះហត្ថលេខាដោយលោក លី សុផាណា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានកោះហៅលោក ជួង ជូងី ជាមេធាវីការពារក្តីឲ្យលោក អាត់ ធន់ និងលោក ប៉ាវ ស៊ីណា ឲ្យចូលទៅកាន់សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ ដើម្បីចូលរួមសវនាការពីដំណើររឿងឈ្មោះ អាត់ ធន់ ឈ្មោះ ម៉ម ញឹម ឈ្មោះ ប៉ាវ ស៊ីណា ឈ្មោះ ជា មុនី ឈ្មោះ រ៉ុង ឈុន និងឈ្មោះ យ៉ាង សោភ័ណ្ឌ ប្រព្រឹត្តបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស, បទធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស, បទគំរាមកំហែងថា នឹងធ្វើឲ្យខូចខាតដែលភ្ជាប់នូវបញ្ហាអ្វីមួយ និងបទប្រើមធ្យោបាយ ដើម្បីជាឧបសគ្គដល់ចរាចរណ៍ សាធារណៈប្រព្រឹត្តនៅចំណុចមុខសួនឧស្សាហកម្មកាណាឌីយ៉ា ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញកាលពីអំឡុងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣ រហូតដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៤ ជាបទល្មើសដែលមានចែងឲ្យ ផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា២១៨, ៤១១, ៤២៤ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៧៨ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។
សវនាការនាថ្ងៃនោះ រួមមាន លោក អ៊ឹម វណ្ណៈ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ជាចៅក្រមជំនុំជម្រះ, លោក លី សុផាណា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ជាតំណាងអយ្យការ និងលោក វុន សុជាតិ ក្រឡាបញ្ជីនៃ សាលាដំបូងរាជធានីភ្នំពេញ ជាក្រឡាបញ្ជីសវនាការ។
ទាក់ទងបញ្ហានេះ លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (CCAWDU) បានថ្លែងថា លោកនឹងចូលរួមសវនាការនោះ។ ចំណែកលោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា បានថ្លែងដែរថា លោក និងមេធាវីមិនទទួលបានដីកាកោះហៅឲ្យចូលរួមសវនាការទេ ដូច្នេះលោកមិនអាចចូលរួមទេ ប៉ុន្តែបើលោកទទួលបាន លោកនឹងចូលរួមសវនាការនោះ។
ទាក់ទងបញ្ហានេះ នៅក្នុងពិធីជួបសំណេះសំណាលជាកម្មករ និយោជិតប្រមាណជាង ១៧.០០០ នាក់នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល កាលពីថ្ងៃទី២៨ ខែវិច្ឆិកា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តជំរុញឲ្យតុលាការពន្លឿនការស៊ើបអង្កេត និងដំណើរការកាត់ក្តីចំពោះអង្គការមិនមែនរដ្ឋាភិបាល និងសហជីព ដែលជាប់ពាក់ព័ន្ធពាក្យបណ្តឹងនៅតុលាការ ឲ្យបានចប់សព្វគ្រប់នៅក្នុងឆ្នាំ២០១៨ កុំបន្តទៅឆ្នាំ២០១៩។ សម្តេចតេជោលើកឡើងថា បន្ទាប់ពីមានការស្នើសុំពីក្រសួងយុត្តិធម៌ តុលាការ កំពុងតែពន្លឿនការធ្វើការស៊ើបអង្កេតទៅលើសំណុំរឿងទាំងនោះ ដើម្បីបិទបញ្ចប់នូវសំណុំរឿងទាំងឡាយ ដើម្បីឲ្យមេសហជីពមួយចំនួនធ្វើការរបស់ខ្លួនដោយសេរីភាព ដោយសម្តេចចាត់ទុកថានេះ ជាការធានានូវសិទ្ធិសេរីភាព និងសិទ្ធិការងាររបស់សហជីព និងកម្មករផងដែរ។
ជាមួយគ្នានោះ សម្តេចតេជោ បានស្នើឲ្យសហជីព ដែលជាប់ពាក្យបណ្ដឹងនៅតុលាការ បញ្ជូនពាក្យបណ្ដឹងទាំងនោះទៅកាន់ក្រសួងការងារ ដើម្បីជួយអន្តរាគមន៍ ទៅតុលាការកាត់សេចក្តីឲ្យបានឆាប់រហ័ស ព្រោះរឿងខ្លះ គឺតុលាការគេមិនចាត់ការ ហើយសម្តេចតេជោ បានអំពាវឲ្យគោរពច្បាប់ទាំងអស់គ្នា ទាំងសហជីព ទាំងម្ចាស់រោងចក្រ ទាំងកម្មករ។
សម្តេចតេជោហ៊ុនសែនបានបញ្ជាក់ថា សម្តេចបានទទួលលិខិតរបស់លោក អាត់ ធន់ ផ្ញើជូនសម្តេចរួចហើយ តាមរយៈរដ្ឋមន្ត្រីក្រសួងការងារ តែសម្តេចស្នើឲ្យផ្ញើលិខិតនោះ ទៅរដ្ឋមន្ត្រីក្រសួងការងារផង ដើម្បីឲ្យក្រសួងការងារជួយអន្តរាគមន៍ទៅតុលាការឲ្យបានលឿន។ ដោយសម្តេចបញ្ជាក់ថា លោក អាត់ ធន មិនមែនជាម្ចាស់នៃចុងបណ្តឹងនោះទេ។
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឲ្យដឹងដែរថា មេធាវីរបស់ក្រសួងការងារ នឹងធ្វើការជាមួយមេធាវីនៃសហជីព ដែលកំពុងជាប់បណ្ដឹងនៅតុលាការ ដើម្បីពន្លឿនការបញ្ចប់នីតិវិធីសាកសួរឬសម្រេចថា តើសំណុំរឿងណា ត្រូវបើកសវនាការ សំណុំរឿងណាត្រូវទម្លាក់ចោល។
អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈលោក ហេង សួរ អះអាងថា សំណុំរឿងប្តឹងប្រឆាំងសហជីពកម្មករជានីតិវិធីរបស់តុលាការ គ្មាននរណាម្នាក់ដឹងពិតប្រាកដអំពីការបញ្ចប់សំណុំរឿងទាំងនោះឡើយ ហើយលោកមិនដឹងថា សំណុំរឿងពាក់ព័ន្ធថ្នាក់ដឹកនាំសហជីពមានប៉ុន្មានករណីនោះទេ ពីព្រោះក្រសួង និងស្ថាប័នរដ្ឋមិនមែនជាដើមបណ្តឹង ប៉ុន្តែក្រសួងរង់ចាំបូកសរុបរបាយការណ៍ និងសំណើរបស់សហជីពទាំងអស់ជាមុនសិន។
មេដឹកនាំសហជីព ដែលកំពុងជាប់បណ្តឹងនៅតុលាការដោយសារតែការធ្វើបាតុកម្មកន្លងមកនោះរួមមាន លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជាជាមេសហជីពមួយរូបដែលជាប់មានបណ្តឹងនៅតុលាការប្រមាណ៧រឿង, អ្នកស្រី យ៉ាង សុភណ្ឌ័ និងលោក ប៉ាវ ស៊ីណា ប្រធានសហភាពចលនាកម្មករកម្ពុជាមានជាប់បណ្តឹងនៅតុលាការប្រមាណ៧រឿង រាប់ទាំងបណ្តឹងចោទប្រកាន់ពីបទដឹកនាំបាតុកម្ម នៅលើផ្លូវវេងស្រេង កាលពីចុងឆ្នាំ២០១៣ បណ្តឹងរបស់ថៅកែរោងចក្រពីបទញុះញង់ និងបរិហារកេរ្តិ៍។
បើយោងតាមលោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជាបច្ចុប្បន្នមានបណ្តឹងលើមេដឹកនាំសហជីពកម្មករជាង៥០ករណី ដែលជាបណ្តឹងស៊ីវិល និងបណ្តឹងព្រហ្មទណ្ឌ។ បណ្ដឹងទាំងនោះកើតចេញពីក្រុមហ៊ុន និងរោងចក្រចំនួន២០។ បើតាមរបាយការណ៍អង្គការលីកាដូបច្ចុប្បន្នមានមេដឹកនាំសហជីព មិនក្រោម៦នាក់ឡើយ ដែលរងនូវពាក្យបណ្តឹងលើករណីផ្សេងៗគ្នា៕
Source: Kampuchea Thmey Daily
0 Comments